ហាងស្រីអូន777 ដែលលួចលាក់បង្កើតបទល្មើស មិនគោរពច្បាប់រដ្ឋបាល តើមន្ត្រីពាក់ព័ន្ធនិងចាត់វិធានការបែបណា..!
ហាងស្រីអូន777 ដែលលួចលាក់បង្កើតបទល្មើស មិនគោរពច្បាប់រដ្ឋបាល តើមន្ត្រីពាក់ព័ន្ធនិងចាត់វិធានការបែបណា..!
ផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១:១៧នាទីភ្នំពេញ៖ ទីតាំងហាងផឹងស៊ីមួយកន្លែង ដែលមានយីហោ ស្រីអូន777 ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលបានលួចលាក់បង្កើតបទល្មើសល្បែងស៊ីសង និងបំពានល្មើសច្បាប់រដ្ឋបាល តើមន្ត្រីពាក់ព័ន្ធនឹងចាត់វិធានការបែបណាចំពោះម្ចាស់ហាង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងហាងផឹកស៊ី យីហោស្រីអូន777 ខាងលើនេះ មានការបើកលេងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ហាយឡាយ ភ្នាល់បៀ ភ្នាល់បាល់» និងល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទទៀតជាលក្ខណៈកាស៊ីណូអនឡាញ។
ពាក់ព័ន្ធទៅនឹងករណីនេះ មហាជនជាច្រើនកំពុងតែរងចាំមើលចំណាត់ការរបស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដែលមានលោក លីម សុភា អភិបាលខណ្ឌ៧មករា រួមនឹងលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ តើលោកទាំងពីរមានវិធានការបែបណាចំពោះម្ចាស់ហាងយីហោស្រីអូន777។
ពលរដ្ឋជាច្រើនបានលើកឡើងថា៖ ដោយសារតែមានការបើកលេងល្បែងភ្នាល់ទាំងនេះ ទើបបានជាមានករណីលួច ឆក់ ប្លន់ កើតឡើងឥតឈប់ឈរ ជាពិសេសអំពើហិង្សាក្នុងគ្រួសារ អំពើពុករលួយ ភាពអសន្តិសុខ ផ្សេងៗ គឺផ្តើមចេញពីល្បែងស៊ីសង។
ពលរដ្ឋបន្ថែមទៀតថា៖ ទីតាំងហាងយីហោស្រីអូន777 នេះ ប្រហែលជាគ្មានច្បាប់អាជីវកម្ម នោះទេ និងស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាចាត់វិធានការចំពោះម្ចាស់ហាងស្រីអូន777 ផងទាន។
ជុំវិញករណីនេះអភិបាលខណ្ឌ៧មករា លោក លីម សុភា បានប្រាប់សារព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤មីនា នេះថា លោកនឹងចាត់មន្ត្រីរបស់លោកចុះធ្វើការរឿងហ្នឹង ចំណែកឯលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ ៧មករាមិនបានប្រាប់អ្វីដល់សារព័ត៌មាននោះទេ ក្រៅពីពោលពាក្យដៀមដាមថាសារព័ត៌មានមកបញ្ជាលោក។
យ៉ាងណាក្តីមហាជននៅតែមានជំនឿលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន និងចាត់វិធានការចំពោះម្ចាស់ហាងស្រីអូន777 ដែលលួចលាក់បង្កើតបទល្មើស ដោយខុសច្បាប់ផ្ទុយពីអាជីវកម្ម៕
No comments