រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ត្រូវបានគេមើលឃើញថាមានសោភ័ណភាពកាន់តែស្រស់បំព្រង
រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ត្រូវបានគេមើលឃើញថាមានសោភ័ណភាពកាន់តែស្រស់បំព្រង
ផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:១៦នាទីភ្នំពេញ៖ រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ត្រូវបានគេមើលឃើញថាមានសោភ័ណភាពកាន់តែស្រស់បំព្រងក្នុងការទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិ ដែលមកទស្សនា ក៏ដូចជាមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ ។ ភាពទាក់ទាញទាំងនេះ ដោយសារភ្នំពេញមានសួនច្បារជាច្រើនកន្លែងយ៉ាងស្រស់ស្អាត មានទាំងកន្លែងហាត់ប្រាណកន្លែងអង្គុយលេងស្រូបយកខ្យល់អាកាសក្រោយពីសម្រាកការងារឬថ្ងៃបុណ្យទានជាដើម មានឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ។ ចំណែកនៅតាមដងទន្លេសាបឯណោះវិញ នៅពេលនេះផ្កាសាគូរ៉ា បាននិងកំពុងរីកស្គុះស្គាយគួរជាទីគយគន់ មិនចាញ់សាគូរ៉ានៅប្រទេសជប៉ុននោះឡើយ ។ ភាពទាក់ទាញមួយទៀតនោះ គឺនៅរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់ រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងស្ពានអាកាស ស្ពានអាកាសថ្មើរជើង ផ្លូវក្រោមដី ការកសាងនូវបណ្ដាញលូថ្មី ជាច្រើនខ្សែ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ។ ជាងនេះទៅទៀត អ្វីដែលជាការចាប់អារម្មណ៍មួយទៀតនោះ គឺនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ បានផុសឡើងនូវអគារខ្ពស់ៗ ខុនដូប្រណិតៗ បណ្តុំផ្ទះល្វែងជាច្រើនកន្លែង បានផុសឡើងព្រមៗគ្នាទាំងនៅជាយក្រុងនិងនៅកណ្ដាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ គិតត្រឹមដើមឆ្នាំ២០២២ នេះនៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និង អគារខ្ពស់ៗចំនួន ១.៦០៣អគារ ក្នុងនោះអគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ហើយក្នុងឆ្នាំ២០២១កន្លងទៅ យើងទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន ចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក ហើយបានធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ៕
No comments