ស្រុកព្រៃឈរ៖ សមត្ថកិច្ចចុះធ្វើកិច្ចសន្យាអប់រំណែនាំ ចំពោះម្ចាស់ហាងកាហ្វេ ឲ្យបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងតាមទូរទស្សន៍
ស្រុកព្រៃឈរ៖ សមត្ថកិច្ចចុះធ្វើកិច្ចសន្យាអប់រំណែនាំ ចំពោះម្ចាស់ហាងកាហ្វេ ឲ្យបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងតាមទូរទស្សន៍
ផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦:៥៧នាទីកំពង់ចាម៖ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងករណី បើកលេងល្បែងស៊ីសងតាមទូរទស្សន៍អនឡាញ «មាន់ជល់» នៅក្នុងស្រុកព្រៃឈរ ភ្លាមនោះ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានចាត់កម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធ ចុះស្រាវជ្រាវអង្កេត នៅថ្ងៃទី២៧មីនា ២០២២។
យោងតាមរបាយការណ៍របស់លោកអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បន្ទាប់ពីបាន កម្លាំងសមត្ថកិច្ចពាក់ព័ន្ធចុះអង្កេតស្រាវជ្រាវ ក៏បានរកឃើញទីតាំងចំនួន០១កន្លែង នៅចំណុចភូមិសូរដី ឃុំសំរោង ស្រុកព្រៃឈរ ដែលម្ចាស់ឈ្មោះ សាន សឿន ហៅ ពែក ភេទប្រុស អាយុ ៥៥ឆ្នាំ។
របាយការណ៍របស់លោក កែវ ស៊ាងហ៊ាន់ អធិការស្រុក ព្រៃឈរ បានបញ្ជាក់ទៀតថា ចំពោះទីតាំងដែលបានស្រាវជ្រាវរកឃើញតែមួយទីតាំងនិងទេ ហើយកម្លាំងនគរបាលជំនាញបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ ឲ្យបញ្ឈប់ការបើកលេងល្បែងមាន់ជល់តាមទូរទស្សន៍។
ប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវក្តីរីករាយសាទរចំពោះចំណាត់ការរបស់លោក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានយកចិត្តទុកដាក់ចំពោះសុវត្ថិភាពពលរដ្ឋ ក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន។
ក្រុមការងារសារព័ត៌មានយើងសូមចូលរួមសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលតែងតែសហការជាមួយអ្នកសារព័ត៌មានក្នុងការទប់ស្កាត់រាល់បទល្មើសដែលកំពុងកើតមានឡើង និងបម្រុងនឹងកើតឡើងក្នុងមូលដ្ឋាន ។ ហើយក្រុមការងារសារព័ត៌មានយើងនិងព្យាយាមធ្វើជាភ្នែកច្រមុះជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដោយក្តីរីករាយ៕
No comments