ដោយសារភ្លើងប្រចណ្ឌ ប្ដីវាយសម្លាប់ប្រពន្ធស្លាប់ភ្លាមៗ
ដោយសារភ្លើងប្រចណ្ឌ ប្ដីវាយសម្លាប់ប្រពន្ធស្លាប់ភ្លាមៗ
ផ្សាយបន្តនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:២៨នាទីខេត្តកោះកុង៖ បុរសជនដៃដល់ត្រូវជាប្ដីរបស់ជនរងគ្រោះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីវាយសម្លាប់ប្រពន្ធខ្លួនឯងដោយសារភ្លើងប្រចណ្ឌ។
ករណីហិង្សាលើប្រពន្ធបណ្ដាលឲ្យស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ង សុភ័ស ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ត្រូវជាប្រពន្ធ)។ ចំណែកជនដៃដល់ឈ្មោះ ឈឺន សុងកាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅ នៅជាមួយគ្នា(ត្រូវជាប្តី)។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យឈានដល់ការវាយសម្លាប់នេះ គឺកើតចេញពីការប្រចណ្ឌ។ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ បន្ទាប់សមត្ថកិច្ចពិនិត្យរួចរាល់ បានប្រគល់ជូនឪពុកបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី៕
No comments