ស្រុកសង្កែ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ នៅតែបន្តបើកដំណើរការបានដោយរលូន ព្រោះសមត្ថកិច្ចមិនហ៊ានបង្ក្រាប
ស្រុកសង្កែ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ នៅតែបន្តបើកដំណើរការបានដោយរលូន ព្រោះសមត្ថកិច្ចមិនហ៊ានបង្ក្រាប
ផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦:០៥នាទីបាត់ដំបង៖ ស្ថិតនៅជាប់ផ្លូវជាតិលេខ៥ ចំងាយប្រមាណជា ៤០០ម៉ែត្រ ពី វិទ្យាល័យអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយកន្លែង «មាន់ជល់ហាយឡាយ និងល្បែងស៊ីសងផ្សេងទៀត ប្រភេទកាស៊ីណូអនឡាញ» កំពុងតែនៅបន្តបើកដំណើរការបានដោយរលូន ព្រោះសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាប។
យោងតាមបទសម្ភាសន៍នាយប៉ុស្តិ៍ឃុំអន្លង់វិល លោក ក្រួច ណារ៉ុង នៅថ្ងៃទី០៧ ខែមីនា នេះ ថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បានបើកដំណើរការដោយរលូនពិតមែន ហើយកន្លងមកគាត់ធ្លាប់បានធ្វើការណែនាំឲ្យបញ្ឈប់ការជួបជុំគ្នាលេងល្បែងដែរ ប៉ុន្តែម្ចាស់ទីតាំងខាងលើនេះមិនខ្លាចសោះឡើយ។
លោក ក្រួច ណារ៉ុង នាយប៉ុស្តិ៍អន្លង់វិល បានបញ្ជាក់ទៀតថា ទីតាំងខាងលើនេះមានក្រុមភាគហ៊ុនធំៗណាស់ និងមានខ្នងបង្អែកក្រាស់ៗ គាត់មិនហ៊ានប៉ះពាល់គេឡើយ។ លោកបន្ថែមទៀតថា ករណីនេះធ្លាប់បានសូមគោលការណ៍ពីលោក ស៊ុន សុវណ្ណ អធិការស្រុកសង្កែដែរតែគ្មានប្រសិទ្ធិភាព ហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន។
ជុំវិញករណីរៀបរាប់ខាងលើនេះ លោក ស៊ុន សុវណ្ណ បានបំភ្លឺនិងបានច្រានចោលទាំងស្រុង ចំពោះការលើកឡើងរបស់ គោលការណ៍លោកនាយប៉ុស្តិ៍ (ពោលគឺ) មិនបាច់ចាំបញ្ជាពីលោកទេ ឲ្យទៅបង្ក្រាប តែម្តងទៅ។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងដុះស្លែខាងលើនេះ ពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ពួកគាត់ ព្រោះកាលណាមានល្បែងស៊ីសងប្រាកដជាមានបទល្មើសផ្សេងៗ កើតឡើងជាក់ជាមិនខាន! ហើយសមត្ថកិច្ចពាក់ព័ន្ធបែរជាប្រចាំគ្នាទៅវិញ តើឲ្យពលរដ្ឋសង្ឃឹមអ្វី។
ពលរដ្ឋជាច្រើនសូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង សូមលោកស្នងការចាត់មន្ត្រីជំនាញខេត្តចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន! ព្រោះអធិការស្រុក និង ប៉ុសិ៍្ដ កំពុងតែរុញដាក់គ្នាមិនហ៊ានបង្ក្រាប៕
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង នឹងរងចាំការបំភ្លឺជាបន្តបន្ទាប់ពីសមត្ថកិច្ចក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664
No comments