បុរសម្នាក់កំពុងតែជិះម៉ូតូធ្វើដំណើរតាមដងផ្លូវត្រូវបានរថយន្តក្រឡុកស៊ីម៉ង់បើកបុកហើយកិនពីលើស្លាប់បាត់បង់ជីវិត....

បុរសម្នាក់កំពុងតែជិះម៉ូតូធ្វើដំណើរតាមដងផ្លូវត្រូវបានរថយន្តក្រឡុកស៊ីម៉ង់បើកបុកហើយកិនពីលើស្លាប់បាត់បង់ជីវិត....
ផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទីភ្នំពេញ៖ បុរសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័មនៅពេលដែលកំពុងជិះម៉ូតូរបស់ខ្លួនធ្វើដំណើរតាមដងផ្លូវ ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់បើកមកបុកចំពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ពៅ សំណាង ភេទប្រុស រីឯអ្នកបើកបររថយន្តបង្កមានឈ្មោះ មុឺន សារឹន ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតរស់នៅក្នុងភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកទ្រីមសង់ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1DQ-2160 ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបើកបរក្នុងល្បឿនលឿនមុខបុកចំពេញទំហឹងបណ្ដាលឱ្យដួលរួចកិនពីលើធ្វើឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត ហើយក៏បានព្យាយាមបើករត់រហូតមកដល់ទល់មុខនឹងការ៉ាសសាំងលីហ៊ាងជាប់និងផ្សារបឹងបៃតងទើបសមត្ថកិច្ចនិងប្រជាពលរដ្ឋតាមឃាត់បានទាំងអ្នកបើកបរនិងរថយន្តបង្ក។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងអ្នកបើកបរទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ទើបទាក់ទងទៅសាច់ញាតិនិងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។









No comments