ខណ្ឌច្បារអំពៅ៖ ដេប៉ូខ្សាច់មួយកន្លែង កំពុងតែចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការបំផ្លិចបំផ្លាញផ្លូវជាតិ និងកំពុងតែបន្តការព្រួយបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋជាច្រើន
ខណ្ឌច្បារអំពៅ៖ ដេប៉ូខ្សាច់មួយកន្លែង កំពុងតែចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការបំផ្លិចបំផ្លាញផ្លូវជាតិ និងកំពុងតែបន្តការព្រួយបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋជាច្រើន
ផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧:៥៥នាទីភ្នំពេញ៖ ក្រុមហ៊ុនដេប៉ូខ្សាច់មួយកន្លែង ស្ថិតនៅចំនុចរង្វង់មូលគល់ស្ពានសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពេលនេះកំពុងតែចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការបំផ្លិចបំផ្លាញផ្លូវសាធារណៈ និងកំពុងតែបន្តការក្តៅក្រហាយដល់ពលរដ្ឋដែលកំពុងតែធ្វើដំណើរឆ្លងកាត់ឥតឈប់ឈរ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរដងផ្លូវ និងអ្នកធ្វើដំណើរជាច្រើន បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគាត់ ខណៈដែលរថយន្តដឹកខ្សាច់ចេញពីចំណុចដេប៉ូនេះ បើកបទដោយគឃ្លើន និងជ្រុះខ្សាច់ ហៀរទឹកពាសពេញផ្លូវយ៉ាងខ្លាំង អាចជាហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយជាក់មិនខាន។
ពលរដ្ឋក៏បានទទូចស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យជួយពិនិត្យមើលករណីដែលរថយន្តដឹកជញ្ជូនខ្សាច់ របស់ដេប៉ូចែកចាយខ្សាច់ចំណុចនោះផង ដោយសារតែរថយន្តធុនធំ និងម្ចាស់ដេប៉ូនោះ កំពុងតែយកផ្លូវ ថ្នល់ធ្វើជាកន្លែងអាជីវកម្មរបស់ខ្លួន និងកំពុងបំផ្លាញផ្លូវសាធារណៈ យ៉ាងសស្រាក់សស្រាំ និងអណាធិបតេយ្យបំផុត។
ម្យ៉ាងវិញទៀត ដី ខ្សាច់ហុយ និងទឹកដែលហូរចេញពីដេប៉ូខ្សាច់ទៅលើដងផ្លូវ អាចបង្កឱ្យគ្រោះថ្នាក់ដល់ពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវជាយថាហេតុណាមួយបានគ្រប់ពេលវេលា ជាពិសេសចំណុចនេះ ជាចំណុច ដែលឡើងចុះចំណោត និងជារង្វង់មូលនៃគល់ស្ពាន ហើយសព្វថ្ងៃនេះសង្កេតឃើញថាមានគ្រាប់ខ្សាច់ធ្លាក់ក្រោបដណ្ដបពេញផ្ទៃផ្លូវ។
ចំណែកឯលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដូចជាសម្ងំស្ងៀម ហាក់បីដូចជាបណ្តែតបណ្ដោយឲ្យម្ចាស់ដេប៉ូមួយនេះធ្វើអ្វីស្រេចតែអំពើចិត្ត ដោយគ្មានការអប់រំណែនាំ និងទប់ស្កាត់ បន្តិចសោះឡើយ។
ប្រជាពលរដ្ឋទទូចស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមឯកឧត្តមចាត់មន្ត្រីជំនាញចុះពិនិត្យ និងចាត់វិធានការទប់ស្កាត់ចំពោះដេប៉ូខ្សាច់ខាងលើនេះផងទាន៕
No comments