បែកធ្លាយទៀតហើយ!! សមត្ថកិច្ចស្រុកគិរីវង់ ឈ្លោះប្រកែកគ្នាដកបង់កាំភ្លើងAK វាយក្បាលគ្នាផ្អើលពេញភូមិ
បែកធ្លាយទៀតហើយ!! សមត្ថកិច្ចស្រុកគិរីវង់ ឈ្លោះប្រកែកគ្នាដកបង់កាំភ្លើងAK វាយក្បាលគ្នាផ្អើលពេញភូមិ
ផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០:១៣នាទីខេត្តតាកែវ៖ បែកធ្លាយថ្មីទៀតហើយ ពាក់ព័ន្ធករណីហិង្សារវាងសមត្ថកិច្ច ហើយនិងសមត្ថកិច្ចនគរបាលអធិការស្រុកគិរីវង់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានយកបង់កាំភ្លើងAK វាយក្បាលគ្នា បណ្តាលឲ្យផ្អើលពលរដ្ឋពេញភូមិ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០យប់។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ជនបង្កឈ្មោះ ទៀ សូរិយា តួនាទីជាអធិការរង នៃអធិដ្ឋានស្រុកគិរីវង់ ទទួលបន្ទុកសណ្ដាប់ធ្នាប់ចររាចរណ៍ និងឈ្មោះ ប៊ុន ទីតូ ជានាយរងផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកគិរីវង់ បានទៅចូលរួមក្នុងកម្មវិធីជប់លៀងមួយ ក្រោយមកក៏មានការបង្អាប់គ្នា ទៅវិញទៅមក រហូតដល់មានការអាក់អន់ចិត្តនិងគ្នា ក៏ទាស់ទែងពាក្យសម្តីគ្នាតែម្តងទៅ។
ប្រភពបន្តថា៖ បន្ទាប់ពីទាស់ទែងគ្នា បានមួយសន្ទុះក្រោយមក លោក ប៊ុន ទីតូ ក៏បានចេញពីពិធីជប់លៀងមុនឆ្ពោះមកផ្ទះ ឈ្មោះ ទេព តារា នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដើម្បីធ្វើការផឹកស៊ីបន្ត ។ ក្រោយពីចេញមកបានមួយសន្ទុះ ស្រាប់តែលេចមុខលោក ទៀ សូរិយា អធិការរង ទទួលបន្ទុកសណ្ដាប់ធ្នាប់ រូបនោះ ចេញពីពិធីជប់លៀងតាមក្រោយ ដើម្បីស្វែងរក លោក ប៊ុន ទីតូ នាយរងផ្នែកព្រហ្មទណ្ឌ ក្រោយពីឃើញលោក ប៊ុន ទីតូ ភ្លាម លោក ទៀ សូរិយា បានស្ទុះទៅវ៉ៃលោក ប៊ុន ទីតូ និងបង់កាំភ្លើងAK ថែមទាំងរុញផ្អឹបទៅនឹងជញ្ជាំង បណ្តាលអោយមុតកញ្ចក់ និងរបួសខាងក្រោមឃ្លៀកថែមទៀតផង។
ក្នុងហេតុការណ៍នោះផងដែរ អ្នកឃើញហេតុការណ៍ផ្ទាល់ ក៏បានធ្វើការឃាត់បំបែកគ្នា ក្រោយពីកើតហេតុរួច ជនសង្ស័យដែលជាជនបង្ក ឈ្មោះ ទៀ សូរិយា អធិការរងស្រុកគិរីវង់ បានទៅសុំទោសម្ចាស់ហាង ទេព តារា នឹងក្រុមគ្រួសារជនរងគ្រោះដល់ផ្ទះដើម្បីសុំធ្វើការបញ្ចប់រឿង។
តែរឿងនេះត្រូវលាក់មិនជិត ក៏បែកធ្លាយ ដោយសារអ្នកឃើញ ហេតុការណ៍ បានលួចបង្ហើបប្រាប់មកដល់ បណ្ដាញសារព័ត៌មានពីហេតុការណ៍ខាងលើ ក្រោយមកក៏បានសម្ភាសន៍សុំការបំភ្លឺជាមួយលោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
លោក យុគ សារ៉ាត់ អធិការស្រុកគីរីវង់ រូបនោះ បានប្រាប់សារព័ត៌មានកងមាស នៅថ្ងៃទី០១មេសា នេះថា រឿងនេះគឺជាការប្រឡែងគ្នាលេងនោះទេ ហើយជនដៃដល់ ហើយនិងជនរងគ្រោះជាបងប្អូននឹងគ្នា ទើបវាយក្បាលគ្នាលេង។ ពាក់ព័ន្ធទៅនឹងការបំភ្លឺពីសំណាក់លោកអធិការស្រុករូបនេះ ទំនងជាមានការលាក់លៀមខ្លាំងមែនទែន ពោលគឺ៖ ហិង្សាដោយអាវុធបង់កាំភ្លើងAK បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនិងរបួស បែរជាឆ្លើយថាប្រឡែងគ្នាលេងទៅវិញ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះមហាជនជាច្រើន មានការងឿងឆ្ងល់ថា វៃគ្នាផ្អើលពេញហាងប៉ុណ្ណឹងហើយ មិនតែប៉ុណ្ណោះយកបង់កាំភ្លើងAK ទៅវ៉ៃថែមទៀតផង ហេតុអ្វីលោកអធិការឆ្លើយ ថា ជារឿងការប្រឡែងគ្នាទៅវិញ ឬមួយដោយសារជនបង្កទាំងនោះជាសាច់ញាតិរបស់លោកអធិការ ទើបលោកអធិការ ព្យាយាមបិទបាំងខ្លាំងយ៉ាងនេះ។
មហាជនបានបន្ថែមថា៖ ក្នុងនាមជាអធិការស្រុកមិនគួរណាព្យាយាមលាក់បាំងអំពើហិង្សារវាងសមត្ថកិច្ចនិងសមត្ថកិច្ចដូចគ្នានោះទេ តើរឿងនេះលោកអធិការមានពាក់ព័ន្ធដែលឬយ៉ាងណា ទើបប្រឹងប្រែងលាក់បាំងព័ត៌មានខ្លាំងម្ល៉េះ?
ប្រភពមួយទៀតបានបង្ហើបថា «ប្រពន្ធលោក យុគ សារ៉ាត់ អធិការស្រុកគិរីវង់ រូបនេះ ត្រូវជាបងស្រីបង្កើតរបស់ជនបង្ក ឈ្មោះ ទៀង សូរិយា តួនាទីជាអធិការរង បច្ចុប្បន្នមានទីលំនៅនៅប្រទេសវៀតណាមឯណោះតែគាត់មកធ្វើការនៅស្រុកខ្មែរ»។
ជុំវិញករណីហិង្សាខាងលើនេះមហាជនជាច្រើនកំពុងតែរង់ចាំមើលចំណាត់ការរបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ មានវិធានការបែបណាចំពោះករណីហិង្សាដោយបង់កាំភ្លើងAK បណ្តាលឲ្យផ្អើលដល់ពលរដ្ឋ៕
អង្គសារព័ត៌មានយើងរង់ចាំការឆ្លើយតបបំភ្លឺបន្ថែមពីសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664/0712326664
No comments