បន្ទាប់ពីបែកធ្លាយករណីហិង្សា បណ្តាលឲ្យស្លាប់ជនរងគ្រោះ ហើយសមត្ថកិច្ចព្យាយាមលាក់បាំងព័ត៌មាន និងមិនឃាត់ខ្លួនជនសង្ស័យ ពេលនេះអធិការនគរបាលស្រុកបានបដិសេធ
បន្ទាប់ពីបែកធ្លាយករណីហិង្សា បណ្តាលឲ្យស្លាប់ជនរងគ្រោះ ហើយសមត្ថកិច្ចព្យាយាមលាក់បាំងព័ត៌មាន និងមិនឃាត់ខ្លួនជនសង្ស័យ ពេលនេះអធិការនគរបាលស្រុកបានបដិសេធ
ផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:០៨នាទីខេត្តព្រៃវែង៖ បន្ទាប់ពីបែកធ្លាយករណីហិង្សា បង្កដោយជនដៃដល់ម្នាក់ បណ្តាលឲ្យស្លាប់ជនរងគ្រោះ កាលពីថ្ងៃទី០៩ឧសភា ២០២២ ស្ថិតនៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយបែរជាសមត្ថកិច្ចនគរបាលពាក់ព័ន្ធ ព្យាយាមលាក់បាំងព័ត៌មាន ពេលនេះលោក សួន សំអឿន អធិការនគរបាលស្រុក បានបដិសេធ ដោយលើកឡើងថា «សមត្ថកិច្ចពាក់ព័ន្ធមិនបានដឹងរឿងហេតុការណ៍នោះទេ»។
តាមការលើកឡើងរបស់លោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឆ្លើយតបបដិសេធ មកកាន់អង្គភាពសារព័ត៌មានកងមាស នៅថ្ងៃទី១៥-១៦ឧសភា២០២២នេះថា «លោកមិនបានដឹងករណីហិង្សាដែលបណ្តាលឲ្យស្លាប់ជនរងគ្រោះនោះទេ ហើយលោកក៏មិនដឹងរឿងចរចារលុយសងសំណងជំងឺចិត្ត ពីរពាន់ប្រាំរយដុល្លារ (2500$) នោះដែរ» (ពោលគឺ) ក្រុមគ្រួសារជនរងគ្រោះ ហើយនិងក្រុមគ្រួសារជនដៃដល់ ធ្វើការសម្របសម្រួល តែភាគីគ្នាគាត់។
លោក សួន សំអឿន អធិការស្រុកកំពង់ត្របែក បានបញ្ជាក់ទៀតថា បន្ទាប់ពីបានទទួលព័ត៌មានចុះផ្សាយអំពីករណីហិង្សា ដែលបណ្តាលឲ្យស្លាប់ជនរងគ្រោះ ហើយសមត្ថកិច្ចនគរបាលពាក់ព័ន្ធព្យាយាមលាក់បាំងព័ត៌មាន ភ្លាមនោះនៅថ្ងៃទី១៥ឧសភា លោកអធិការបានដឹកនាំកម្លាំងចុះទៅសួរនាំក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើរបាយការណ៍បញ្ជូនសំណុំរឿងទៅកាន់តុលាការ។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានករណីហិង្សា បង្កដោយជនដៃដល់ម្នាក់ ឈ្មោះ អ៊ុន អៀន ភេទប្រុស អាយុជាង៤០ឆ្នាំ បានប្រើហិង្សាវាយសម្លាប់បុរសម្នាក់ឈ្មោះ គង់ ហ៊ុត ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធនិងកូនម្នាក់។
មូលហេតុ៖ ដែលឈានដល់ការវាយសម្លាប់គ្នាយ៉ាងសាហាវយង់ឃ្នងនេះ គឺផ្តើមចេញពីទំនាស់កូនក្មេងអាយុ ០៥ទៅ០៦ឆ្នាំ (ពោលគឺ) កូនរបស់ជនរងគ្រោះឈ្លោះគ្នាជាមួយចៅរបស់ជនដៃដល់។
ករណីនេះដែរ មហាជនជាច្រើនស្នើសុំដល់ថ្នាក់ដឹកនាំ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមជួយស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះផងទាន៕
No comments