ឃាត់ខ្លួនលោកស្រី ឈិន ដាណា អគ្គនាយិកាក្រុមហ៊ុន «ម៉ា ឈិន ដាណា បាន ហេងហេង គ្រុប» ពាក់ព័ន្ធបទល្មើសឆបោក និងចេញសែកស្អុយ (លក់ដីខ្យល់)
ឃាត់ខ្លួនលោកស្រី ឈិន ដាណា អគ្គនាយិកាក្រុមហ៊ុន «ម៉ា ឈិន ដាណា បាន ហេងហេង គ្រុប» ពាក់ព័ន្ធបទល្មើសឆបោក និងចេញសែកស្អុយ (លក់ដីខ្យល់)
ភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ លោកស្រី ឈិន ដាណា ថៅកែក្រុមហ៊ុនទិញ-លក់ដី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆបោក និងចេញសែកស្អុយ
សែកគ្មានសាច់ប្រាក់ ឱ្យអតិថិជនក្នុងរឿងទិញ-លក់ដីខ្យល់។
ជនត្រូវចោទមានឈ្មោះ ឈិន ដាណា ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅបុរីឌឺផ្លរ៉ា ផ្ទះលេខ០៣ វិថីឌឺផ្លរ៉ា១ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ លោកស្រី ឈិន ដាណា អគ្គនាយិកាក្រុមហ៊ុន «ម៉ា ឈិន ដាណា បាន ហេងហេង គ្រុប» ក្នុងការឃាត់ខ្លួនធ្វើឡើងតាមដីកាបង្គាប់ ឱ្យចាប់ខ្លួនរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១នៃច្បាប់ស្ដីពី ឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
សមត្ថកិច្ចបានបញ្ជាក់ថា នៅអំឡុងចុងឆ្នាំ២០២០ លោកស្រី ឈិន ដាណា បានធ្វើកិច្ចសន្យាលក់ដីទំហំ៣ហិកតា ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃ៦០ម៉ឺនដុល្លារ ឱ្យទៅជនរងគ្រោះម្នាក់ ដោយមានការជឿជាក់ លើលោកស្រី ឈិន ដាណា ជនរងគ្រោះបានបង់ប្រាក់ថ្លៃដីគ្រប់ចំនួនឱ្យទៅលោកស្រី តែក្រោយពីបានលុយអស់ហើយ បែរជាលោកស្រីដាណា គ្មានដីឱ្យជនរងគ្រោះទៅវិញ។
បន្ទាប់មកលោកស្រី បានព្យាយាមគេចវេស មិនជួបនិងដោះស្រាយបញ្ហាលក់ដីខ្យល់ឱ្យជនរងគ្រោះនោះទេ និងចុងក្រោយ ហ៊ានចេញសែកគ្មានសាច់ប្រាក់ឱ្យទៅជនរងគ្រោះទៀត ដើម្បីដោះខ្លួនមួយគ្រា។
ដោយសារតែលោកស្រី ឈិន ដាណា មានឆន្ទៈបោកប្រាស់ម្ដងហើយ ម្ដងទៀត ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ ប៉ុន្តែលោកស្រី ឈិន ដាណា នៅតែបន្តគេចវេសមិនព្រមចូលខ្លួនឆ្លើយតាមដីកាកោះរបស់តុលាការឡើយ ទើបឈានដល់ការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកស្រី ឈិន ដាណា យកទៅប្រគល់ជូនតុលាការតែម្ដង។
មហាជនបានសម្ដែងការសាទរចំពោះចំណាត់ការផ្លូវច្បាប់ លើលោកស្រី ឈិន ដាណា និងកំពុងរង់ចាំមើលចំណាត់ការបន្តរបស់តុលាការក្នុងការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
បច្ចុប្បន្ន ជនត្រូវចោទឈ្មោះឈិន ដាណា ត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៅឡើយ។
តើជោគវាសនាលោកស្រីឈិន ដាណាត្រូវបានឃុំខ្លួន ឬក៏នៅក្រៅឃុំ៕
No comments