ស្រុកជុំគិរី៖ ល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង កំពុងតែធ្វើព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ បែរជាសមត្ថកិច្ចមិនហ៊ានបង្ក្រាប_វគ្គ២
ស្រុកជុំគិរី៖ ល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង កំពុងតែធ្វើព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ បែរជាសមត្ថកិច្ចមិនហ៊ានបង្ក្រាប_វគ្គ២
ផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០:៤៤នាទីខេត្តកំពត៖ នៅតាមបណ្តាលហាងកាហ្វេ ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត នៅតែបន្តការប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង ប្រភេទមាន់ជល់ហាយ តាមទូរទស្សន៍អនឡាញ យ៉ាងអណាធិបតេយ្យ និងធ្វើព្យុះភ្លៀងបំផ្លាញសុខទុកពលរដ្ឋជាច្រើន បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបព្រោះខ្លាចអំណាចមេបនល្បែង។
ពាក់ព័ន្ធទៅនឹងបទល្មើសល្បែងស៊ីសងខុសច្បាប់ ក្នុងបណ្តាលហាងកាហ្វេ ស្ថិតនៅក្នុងមូលដ្ឋានស្រុកជុំគិរី ក្រុមការងារខាងសារព័ត៌មានយើងបានរាយការណ៍ ដល់សមត្ថកិច្ចថ្នាក់មូលដ្ឋាន គឺលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរាំង ប៉ុន្តែលោកនាយប៉ុស្តិ៍បានឆ្លើយថាថ្នាក់អធិការស្រុកទើបបង្ក្រាបបាន សម្រាប់លោកឋានៈជានាយប៉ុស្តិ៍មិនអាចបង្ក្រាបបានទេ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរាំង រូបនេះ បានបន្ថែមដែរថា ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនោះមានការដឹងលឺដល់អធិការរង ទទួលផែនការព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី តែអធិការរង រូបនេះមិនបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងអស់នោះទេ មានតែបណ្តែតបណ្ដោយឲ្យលេងដោយអណាធិបតេយ្យទៅវិញ។
យោងតាមការលើកឡើងរបស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរាំង ខាងលើនេះ ហាក់ដូចជាល្បែងស៊ីសងខុសច្បាប់ទូទាំងមូលដ្ឋានស្រុកជុំគិរី មានការពាក់ព័ន្ធជាមួយលោកអធិការរង ទទួលផែនការងារព្រហ្មទណ្ឌ ព្រោះហេតុថា ដឹងហើយលឺហើយ ថាមានល្បែងខុសច្បាប់ ហេតុអីមិនបង្ក្រាប។
ជុំវិញបញ្ហានេះក្រុមការងារសារព័ត៌មានយើងព្យាយាមសុំការបំភ្លឺពីលោកអធិការរង ទទួលផែនការព្រហ្មទណ្ឌ តាមរយៈខលទូរស័ព្ទ និងតាមរយៈ WhatsApp តែលោកអធិការរង រូបនេះ មិនមានការឆ្លើយតបបំភ្លឺនោះទេ នេះហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន។
ចំណែកឯលោក មុី សុខុម អធិការនរគបាលស្រុកជុំគិរី ឯណេះវិញ ក៏កំពុងតែចូលរួមយ៉ាងសកម្មក្នុងការរក្សាភាពស្ងៀមស្ងាត់ ទោះបីជាមានបណ្តាញសារព័ត៌មានធ្វើការផ្សព្វផ្សាយ ស្នើសុំឱ្យមានការបង្ក្រាបទប់ស្កាត់យ៉ាងណាក្តី ក៏លោកនៅតែមិនខ្វល់ខ្វាយ ដោយសម្ងំស្ងៀមនៅក្នុងម៉ាស៊ីនត្រជាក់ យ៉ាងរំភើយទៅវិញ។
ពលរដ្ឋជាច្រើនអំពាវនាវស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត សូមលោកស្នងការមេត្តាចេញបទបញ្ជាដ៏ម៉ឺងម៉ាត់ ដល់សមត្ថកិច្ចពាក់ព័ន្ធស្រុកជុំគិរី ជាពិសេសលោក មុី សុខុម អធិការស្រុកសូមឲ្យដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់នោះ ដើម្បីកុំឲ្យមន្ត្រីខ្លះឆ្លើយដាក់គ្នា ភ្លេចតួនាទីខ្លួនឯង៕
No comments