សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចូលរួមរំលែកមរណទុក្ខ គ្រួសារសព លោកតា អាចារ្យយោគី ដែលរងគ្រោះស្លាប់ ដោយសារផ្ទុះឡបូជាសពសហគមន៍ នៅរវៀង ស្រុកជើងព្រៃ
សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចូលរួមរំលែកមរណទុក្ខ គ្រួសារសព លោកតា អាចារ្យយោគី ដែលរងគ្រោះស្លាប់ ដោយសារផ្ទុះឡបូជាសពសហគមន៍ នៅរវៀង ស្រុកជើងព្រៃ
នៅព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា រួមជាមួយលោក អូត ឈាងលី ប្រធានកិត្តិយសអនុសាខាស្រុក និងក្រុមការងារកាកបាទក្រហមកម្ពុជាឃុំ សហការជាមួយ អ្នកស្ម័គ្រចិត្តភូមិ បាននាំយក សម្ភារ និងបច្ច័យ មួយចំនួន ចូលរួមរំលែកមរណទុក្ខ គ្រួសារសពលោកតា ហ៊ឹម សឿន អាយុ ៧២ឆ្នាំ ជាអាចារ្យភ្លុក ដែលបានរងគ្រោះដល់ស្លាប់ ដោយសារ ផ្ទុះឡបូជាសពសហគមន៍ ក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។
ហេតុការណ៍ដ៏កម្រនេះ បានកើតឡើង កាលពីរសៀល ម៉ោង ២និង៤៥នាទី ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ នៅទីបច្ឆា បូជាសពយុវជន អាយុ ១៩ឆ្នាំ ម្នាក់ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយគ្រួសារសព បានប្រើប្រេងសាំងដល់ទៅ ៧លីត្រ សម្រាប់បូជា ។ ក្នងពេល ដែល អាចារ្យយោគី ទើបនឹងហែប្រទក្សិណបានមួយជុំ ស្រាប់តែ ឆាបសាំងឆេះផ្ទុះចេញពីឡ ហើយផ្លោងទ្វារឡធ្វើពីដែក ខ្ទាតមួយទំហឹង មកត្រូវ លោកតា អាចារ្យធំ ហ៊ឹម សឿន ចំសៀតផ្កា និងមួយចំហៀងខ្លួនខាងឆ្វេង បណ្តាលអោយរបួសធ្ងន់ និងទទួលអនិច្ចកម្មយ៉ាងអណោចអធមភ្លាមៗ នៅនឹងកន្លែង តែម្តង។
ឯកឧត្តម ស្រី សុភ័ក្ត្រ បានចូលរួមសម្តែងការសោកស្តាយ ជាពន់ពេក ជាមួយគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ ក្នុងឧប្បត្តិហេតុដែលកើតមានតែមួយប៉ព្រិចភ្នែកនេះ ហើយបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត និង ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ ខ្វាយខ្វល់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ទូទៅ ពិសេស ជនរងគ្រោះ និង ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ស្របតាម ទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។
ឯកឧត្តម លេខាធិការសាខា បានលើកទឹកចិត្តដល់គ្រួសារសព ឱយតាំងចិត្ត ទប់អារម្មណ៍ ហើយខិតខំថែទាំសុខភាព ឱ្យបានល្អ ពិសេស ត្រូវបន្តរស់នៅតាមគន្លងប្រក្រតីភាពថ្មី ស្របតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយ អនុវត្តអោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល " ៣ការពារ ៣កុំ និង ចូលរួមចាក់វ៉ាក់សាំង ដូសជំរុញតាមកាលកំណត់ អោយបានគ្រប់ៗ គ្នា ដើម្បីទប់ស្កាត់ កុំអោយឆ្លង នូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
សម្ភារ:ដែលសាខា បានចូល បុណ្យ ដល់គ្រួសារសព រួមមាន៖ អង្ករ ៥០គក្រ , មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកសុទ្ធ ២កេស, ទឹកក្រូច ២កេស, ឃីត ២សម្រាប់ និង ថវិកាចំនួន ៥០០,០០០ រៀល ។
ដោយឡែក អនុសាខាស្រុក ក៏ បានចូលបុណ្យ នូវ អង្ករ ៥០ គក្រ, ទឹកក្រូច, ២កេស, ទឹកត្រី ២យួរ , ទឹកស៊ីអ៊ីវ ២យួរ, និង បច្ច័យ ២០០,០០០ រៀល ផងដែរ៕
No comments