ប្រជាពលរដ្ឋសំណូមពរដល់អភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន សូមជួយជួលជុលផ្លូវមួយកន្លែងនេះផង
ប្រជាពលរដ្ឋសំណូមពរដល់អភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន សូមជួយជួលជុលផ្លូវមួយកន្លែងនេះផង
ផ្សាយចេញនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤:១១នាទីភ្នំពេញ៖ ផ្លូវមួយកន្លែងប្រវែងប្រហែលជាង៥០០ម៉ែត្រ ត្រង់ចំណុចចូលទៅតាមក្នុងក្រុមហ៊ុន «ផែស្ងួត អូលែរ វើលវ៉ាយល៍» នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងរង់ការខូចខាតយ៉ាងដំណំ ថែមទាំងបង្កឲ្យប្រជាពលរដ្ឋនិងកម្មករកម្មការនីជាច្រើន ពិបាកក្នុងការធ្វើដំណើរ។
តាមការត្អូញត្អែរពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ និងអ្នកធ្វើដំណើរតាមផ្លូវជាច្រើន បានលើកឡើងថាផ្លូវនៅចំណុចមួយ កន្លែងនេះ មានក្រលុកធំៗ ហើយដីហ៊ុយខ្លាំងពេលមេឃថ្ងៃក្តៅ និងរអិលពេលភ្លៀងធ្លាក់ ពិបាកធ្វើដំណើរមែនទែន ខ្លាចតែដួលទៅបាក់ដៃបាក់ជើង បាក់កស្លាប់ដោយយថាហេតុណាមួយ។
ពលរដ្ឋជាច្រើនក៏ដូចជាអ្នកធ្វើដំណើរក៏បានលើកទៀតថា ផ្លូវមួយខ្សែត្រង់ចំណុចនេះ ភាគច្រើនខូចខាតដោយសារតែការដឹកជញ្ជូនរបស់ក្រុមហ៊ុន «ផែស្ងួត អូលែរ វើលវ៉ាយល៍» ដឹកជញ្ជូនដោយរថយន្តធំៗ ដោយគ្មានខ្វល់ពីផលប៉ះពាល់ដល់សុវត្តិភាពសុខភាពសាធារណៈ និងបើកបរគ្មានសំចៃ មិនខ្លាចពីផលប៉ះពាល់ដល់ អាយុជីវិតអ្នកដទៃ។
ប្រជាពលរដ្ឋ និងកម្មករកម្មការនីជាច្រើន រួមទាំងអ្នកធ្វើដំណើរសូមអំពាវនាវទទូចស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន សូមឯកឧត្តមមេត្តាជួយអន្តរាគមន៍កែសម្រួលផ្លូវចំណុចខាងលើនេះផងទាន៕
No comments