ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅជាប់ប៉ុស្តិ៍ប៉ូលីស បែរជាមិនបង្ក្រាបព្រោះខ្លាចមានភ្លើងខៀវពីលើ
ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅជាប់ប៉ុស្តិ៍ប៉ូលីស បែរជាមិនបង្ក្រាបព្រោះខ្លាចមានភ្លើងខៀវពីលើ
ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាប់ជាមួយស្នាក់ការប៉ុស្តិ៍នគរបាលឃុំស្តៅ ប្រមាណជា២០០ម៉ែត្រ កំពុងតែបង្កការភ័យខ្លាចដល់ពលរដ្ឋ បែរជាសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប ព្រោះខ្លាចមានភ្លើងខៀវពីលើ។
ករណីដ៏គួរឱ្យបារម្ភខាងលើ ក្រុមការងារសារព័ត៌មានយើងបានខលទៅ លោកអធិការរង ទទួលផែនការព្រហ្មទណ្ឌ ដើម្បីសូមឲ្យមានការបង្រ្កាបទប់ស្កាត់ តែលោកអធិការរង គ្មានពេលនោះទេ ព្រោះរវល់ ឲ្យខលទៅលោក ជា ជួន អធិការស្រុកទៅ។
ក្រុមការងារសារព័ត៌មានយើងក៏បានខលទៅលោក ជា ជួន អធិការនគរបាលស្រុកកងមាស លោកអធិការស្រុករូបនោះក៏បានត្រឹមតែឆ្លើយថាជាប់រវល់ប្រជុំ ចាំគាត់បញ្ជាកម្លាំងប៉ុស្តិ៍ឲ្យទៅមើល។
ចំណែកឯលោក មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្តៅ ប្រាប់សារព័ត៌មានយើងថា មិនហ៊ានបង្ក្រាបទេ ព្រោះខ្លាចមានភ្លើងខៀវពីលើ។
ករណីល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោង ខាងលើនេះ បើនិយាយទៅ មិនមានសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ ព្រោះសមត្ថកិច្ចម្នាក់ៗ ឆ្លើយថារវល់គ្រប់ៗគ្នា។
ពលរដ្ឋស្នើសុំលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមមេត្តាជួយពិនិត្យបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ព្រោះសមត្ថកិច្ចថ្នាក់មូលដ្ឋានមិនហ៊ានបង្ក្រាបនោះទេ៕
No comments