គំរោងលំនៅដ្ឋានមាស (Gold Villa) ចំនួន០៤ទីតាំង ត្រូវបានតុលាការសម្រេចរឹបអូសជាបណ្ដោះអាសន្ន តែបែរជាម្ចាស់គម្រោងនៅតែអាចបន្តសាងសង់បាន
គំរោងលំនៅដ្ឋានមាស (Gold Villa) ចំនួន០៤ទីតាំង ត្រូវបានតុលាការសម្រេចរឹបអូសជាបណ្ដោះអាសន្ន តែបែរជាម្ចាស់គម្រោងនៅតែអាចបន្តសាងសង់បាន
សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចរឹបអូសជាបណ្ដោះអាសន្ននូវគំរោងលំនៅដ្ឋានមាស (Gold Villa) ចំនួន០៤ទីតាំង បែរជាម្ចាស់គម្រោងនៅតែហ៊ានបន្តសាងសង់យ៉ាងគឃ្លើនដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ។
នេះបើយោងតាមដីកាសម្រេចលេខៈ៣៩៨(ឋ)ដ.រចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចរឹបអូសជាបណ្ដោះអាសន្ននូវគម្រោងលំនៅដ្ឋានមាស Gold Villa ចំនួន០៤ទីតាំងស្ថិតនៅភូមិស្រែអំពិល សង្កាត់កន្ទោង ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានម្ចាស់គំរោងឈ្មោះ សេង ណារី ភេទស្រី និងឈ្មោះ ស៊ុន ជាមាន ភេទស្រី មានអាស័យដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
អ្វីដែលយើងឃើញហើយហួសចិត្ត គឺម្ចាស់គម្រោងលំនៅដ្ឋានមាស Gold Villa មិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ ពោល៖គឺនៅតែបន្តសាងសង់លក់ជូនអតិថិជន ដោយគ្មានខ្វល់ពីបញ្ហាច្បាប់បន្តិចសោះឡើយ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោក សៅ នឿន មេធាវីតំណាងឲ្យម្ចាស់គំរោង បានប្រាប់សារព័ត៌មានយើងថា មូលហេតុដែលម្ចាស់គម្រោងនៅតែបន្តសាងសង់ ដោយសារតែតុលាការចេញដីកាសម្រេច មិនមានភាពប្រក្រតីមកលើកូនក្តីរបស់គាត់។
ចំណែកឯម្ចាស់គម្រោងលំនៅឋានមាស ខាងក្រុមការងារសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេព្រោះគ្មានលេខទូរស័ព្ទ។
ជៀសវាងមានពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ដោយសារតែកក់ប្រាក់ទិញគម្រោងលំនៅឋានខាងលើនេះ សូមក្រសួងគ្រប់ស្ថាប័នពាក់ព័ន្ធជួយពិនិត្យមើលនូវគម្រោងដែលមានទីតាំងត្រង់ចំណុចក្នុងដីកាសម្រេចនេះផងទាន៕
No comments