ប្រជាពលរដ្ឋក្រីក្រ និងអ្នកផ្ទុកមេរោគអេដស៍ ៣១៨គ្រួសារនៅស្រុកកំពង់សិលា ទទួលអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥:០៥នាទី
ខេត្តព្រះសីហនុ៖ រសៀលថ្ងៃអាទិត្យ ១៣រោ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ញើញសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៣១៨នាក់ នៅស្រុកកំពង់សីលា ដោយមានការចូលរួមពីអស់លោក លោកស្រីប្រធានកិត្តិយសសាខា មន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមនៅសាលាស្រុកកំពង់សិលា។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ និងអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកកំពង់សីលា។ តាមរយៈការរៀបចំស្នើសុំពីអាជ្ញាធរស្រុកជាក់ស្តែងលើគ្រួសារក្រីក្រខ្វះខាតជីវភាពប្រចាំថ្ងៃ។ ខេត្តព្រះសីហនុមានស្ថិតិប្រភេទក្រ១ និងក្រ២ ហើយក៏មានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែង។ ដោយពិនិត្យតាមការជាត់ស្តែងពីមន្ត្រីពាក់ព័ន្ធកំណត់ជ្រើសរើសប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពក្នុងរដូវវស្សា និងអ្នកផ្ទុកមេរោគអេដស៍ចំនួនជាង ៣០០គ្រួសារនៅស្រុកកំពង់សិលា។ ឆ្នាំនេះខេត្តព្រះសីហនុ មិនមានរងគ្រោះដោយជំនន់ទឹកភ្លៀងដូចបណ្តាខេត្តមួយចំនួននោះទេ ដែលសម្តេចតេជោ បាននឹងកំពុងធ្វើដំណើរជុំវិញបឹងទន្លេសាប ដើម្បីចុះពិនិត្យចែកអំណោយ និងផ្តល់ពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យខូចខាតស្រូវ ដំណាំ ផ្ទះសម្បែងរបស់ពួកគាត់។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា កម្ពុជាក៏ដូចជាសកលលោកជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ ជិត៣ឆ្នាំ វាបានធ្វើការគំរាមកំហែងប្រឈម ប៉ះពាល់ដល់គ្រួសារក្រីក្រនៅកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយឧបត្តម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ កម្មករ កម្មការិនីរោងចក្រ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ៖ ១.ចូលរួមចាក់វ៉ាក់សាំងតាមដូសបន្តបន្ទាប់ ថ្វីត្បិតតែជំងឺកូវីដ-១៩នេះ មិនមានការគំរាមកំហែងធ្ងន់ធ្ងរ ក៏ប៉ុន្តែវានៅតែមានការឆ្លងនៅឡើយ។ សម្តេចតេជោបានខិតខំរកវ៉ាក់សាំងចាក់ស្រោចជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ៣ឆ្នាំឡើងនៅទូទាំងប្រទេស ដើម្បីបង្កើនភាពស៊ាំ ធ្វើឱ្យកម្ពុជាបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ។ ២.ត្រូវយកចិត្តទុកដាក់អំពីជំងឺគ្រុន ឈាម ចូលរួមលុបបំបាត់មូសខ្លា កំចាត់សម្បកដប សម្បកកំប៉ុង សម្បកកង់ឡាន ភក់ជ្រាំនៅជុំវិញផ្ទះ រស់នៅស្អាតប្រកបដោយអនាម័យ សុខភាពល្អ បងប្អូនមានឱកាសលើកកម្ពស់ជីវភាពគ្រួសារ ហើយកិច្ចការសំខាន់ត្រូវថែទាំសុខភាព និងការស់នៅមានអនាម័យ។ ៣.តាមរយ:សារសំឡេងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យរាជធានី ខេត្ត ត្រូវបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក ត្រូវបន្តអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ពិសេសមេល្បែងស៊ីសង ត្រូវតែបញ្ឈប់ជាបន្ទាន់ មានដូចជា ល្បែងកន្ទុយលេខ ភ្នាល់បាល់ ឡូតូ បៀ អាប៉ោង…។ល។ ដើម្បីធានាថា ក្នុងមូលដ្ឋានរបស់យើងគ្មានល្បែងស៊ីសងខុសច្បាប់ ព្រោះល្បែងស៊ីសងទាំងនេះ បង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ ហើយអ្នកនៅតែប្រព្រឹតល្បែងស៊ីសងខុសច្បាប់ ត្រូវធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយមិនមានការលើកលែង។
ក្នុងឱកាសនោះឯកឧត្តម ប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមចែកជូនប្រជាពលរដ្ឋក្រីក្រ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៣១៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង កន្ទេល១ ជែល១ដប ឃីត១កញ្ចប់ (សារុង១ ក្រមា១ មុង១ ភួយ១) និងថវិកា ៥ម៉ឺនរៀល។ ជូនយុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តសាខា និង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សរុប ៣៩នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល៕
No comments