កំណត់ហេតុមិនប្រក្រតី របស់ក្រសួងសុខាភិបាល ដែលលោក ងី មានហេង ចុះផ្សាយជាសាធារណៈពាក់ព័ន្ធមន្ទីរពហុព្យាបាល កែវ ការីណូ_វគ្គ៨
កំណត់ហេតុមិនប្រក្រតី របស់ក្រសួងសុខាភិបាល ដែលលោក ងី មានហេង ចុះផ្សាយជាសាធារណៈពាក់ព័ន្ធមន្ទីរពហុព្យាបាល កែវ ការីណូ_វគ្គ៨
យោងតាមប្រភពព័ត៌មានដែលលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានផ្តល់ឱ្យខាងសារព័ត៌មានយើង ជុំវិញកំណត់ហេតុអំពី មន្ទីរពហុព្យាបាល សម្ភព កែវការីណូ ដែលបានយកឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះ (ខ្មោច) ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ យើងឃើញថាកំណត់ហេតុនោះមិនមានភាពប្រក្រតីនោះទេ។
នៅក្នុងកំណត់ហេតុរបស់ក្រសួងសុខាភិបាល ដែលទើបតែទំលាយចេញជាសាធារណៈដោយលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ក្នុងកំណត់ហេតុនោះដែលមានការចូលរួមដោយមន្ត្រីជំនាញផ្នែកសុខាភិបាលចំនួនបួនរូប បានឱ្យដឹងថា មន្ទីរពេទ្យយីហោ «មន្ទីរពហុព្យាបាល កែវ ការីណូ» ស្ថិតនៅខណ្ឌឬស្សីកែវ មានឈ្មោះលោកស្រី អ៊ំ សុផលសោភា ជាម្ចាស់។ មន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បានឱ្យផ្អាកសកម្មភាពអាជីវកម្មពេទ្យផងដែរ។
កំណត់ហេតុដែលចេញដោយក្រសួងសុខាភិបាល និងចែកចាយជាសាធារណៈដោយលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅលើផេកផ្លូវការ មន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ យើងឃើញថាខុសប្រក្រតីខ្លាំងមែនទែន ពោលគឺ៖ មិនមានស្នាមមេដៃម្ចាស់មន្ទីរពេទ្យនោះទេ។
ករណីបាត់ស្នាមមេដៃនេះខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានទេ ព្រោះលោកស្រីបានប្រាប់សារព័ត៌មានថាលោកស្រីនៅប្រទេសកូរ៉េ និងសូមឱ្យសារព័ត៌មានយើងទាក់ទងទៅប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ! នេះបើយោងតាមសារឆ្លើយតបតាមប្រព័ន្ធទំនាក់ទំនង Whatsapp របស់លោកស្រី ជាមួយក្រុមការងារ។
ពាក់ព័ន្ធទៅនឹងគ្មានស្នាមមេដៃខាងលើនេះ ធ្វើឱ្យមហាជនជាច្រើនដាក់ការសង្ស័យចំៗថា ករណីនេះហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន ចំពោះមន្ទីរពេទ្យខុសច្បាប់ និងមន្ត្រីជំនាញពាក់ព័ន្ធ ពោលគឺ៖ កំពុងតែសម្តែងឆាកល្ខោនបំភ័ន្តភ្នែកថ្នាក់ដឹកនាំ និងមហាជន។
សូមបញ្ជាក់ដែរថា កន្លងមកប៉ុន្មានថ្ងៃមុននេះ បានបែកធ្លាយ ប្រភពព័ត៌មានពីអ្នកជិតស្និទ្ធជាមួយលោក កែវ ពិសិដ្ឋ ដែលជាបងប្អូនបង្កើតម្ចាស់ទីតាំងមន្ទីរពេទ្យដ៏ធំដែលល្មើសច្បាប់នៅខណ្ឌឬស្សីកែវ បានទំលាយប្រាប់ថាសារព័ត៌មានយើងឱ្យបានដឹងថា៖ «មូលហេតុដែលមន្ទីរពេទ្យជាច្រើនកន្លែង ដែលមានឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ (ជាឈ្មោះខ្មោច) អាចបើកដំណើរការបានដោយរលូននិងគ្មានការរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធ គឺមានការបង់ប្រាក់ចំនួន ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ឱ្យទៅអ្នកឈរឈ្មោះកាងនៅពីក្រោយខ្នង»។
ចំណែកឯលោក កែវ ពិសិដ្ឋ ត្រូវជាកូនបង្កើតលោកវេជ្ជបណ្ឌិត កែវ ការីណូ បានបំភ្លឺទាំងងងើលទៅកាន់សារធារណៈជនថា «មន្ទីរពហុព្យាបាល សម្ភព កែវ ការីណូ» ហើយនិង «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» គឺបានចុះបញ្ជីត្រឹមត្រូវ ស្របច្បាប់ពីក្រសួងសុខាភិបាល។ ពោលគឺ ការបំភ្លឺនេះគឺជាការបំភ្លឺចោទប្រកាន់មកបណ្ដាញសារព័ត៌មាន និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។
ទាក់ទិនទៅនឹងមន្ទីរពេទ្យគ្មានច្បាប់ជាច្រើនកន្លែង ដែលបានបើកដំណើរការបានដោយរលូននិងគ្មានការរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធ មហាជនជាច្រើនសូមអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមជួយបើក ការស៊ើបអង្កេតផង ទៅលើបញ្ហាបង់ប្រាក់ ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ដើម្បីឱ្យដំណើរការពេទ្យនេះបាន។
មហាជនជាច្រើនកំពុងតែមានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើ ? អ្នកណានៅពីក្រោយខ្នងរឿងទទួលលុយ ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ ! តើ ? មន្ទីរពេទ្យដែលបើកខុសច្បាប់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានលោក កែវ ពិសិដ្ឋ ជាមេក្លោងក្នុងការប្រមូលបក្សពួកបង្កើតសាខាតាមខេត្ត ដោយយកឈ្មោះខ្មោចជាឪពុក មកបើកអាជីវកម្មព្យាបាលជំងឺវះកាត់តូចធំអាចគេចផុតពីសំណាញ់ច្បាប់ដែរឬយ៉ាងណា។
ជុំវិញភាពមិនប្រក្រតីលើកំណត់ហេតុនេះ តើ ? រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង មានបានដឹងទេថាមន្ត្រីជំនាញរបស់ឯកឧត្តមចំនួន៤នាក់ ធ្វើកំណត់ហេតុលំលំ ដូចជាត្រូវថ្នាំសណ្តំម្ចាស់មន្ទីរពេទ្យ៕
No comments