ពលរដ្ឋជាច្រើនបង្ហាញអារម្មណ៍រីករាយ ពេលបានទស្សនាការរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ
ពលរដ្ឋជាច្រើនបង្ហាញអារម្មណ៍រីករាយ ពេលបានទស្សនាការរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ
ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨:៤៨នាទីព្រឹត្តិការណ៍រំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២ បានប្រព្រឹត្តទៅយ៉ាងឱឡារិកអធិកអធម។
ក្រៅតែពីការរៀបចំ ឱ្យមានការសម្តែងសិល្បៈអរូបី បង្ហាញក្បាច់គុនល្បុកត្តោ អាយ៉ៃឆ្លើយឆ្លង សិល្បៈល្ខោនស្រមោលស្បែកធំ និងរបាំជាច្រើន អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំស្ដង់ពិព័រណ៍ សមិទ្ធផលការងារដ៏ធំធេងរយៈពេល៣០ឆ្នាំ លើការងារសំខាន់ៗមួយចំនួនក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពនៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនៅមុខប្រាសាទអង្គរវត្ត សម្រាប់ឱ្យពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកំសាន្តដោយសេរី និងស្វែងយល់ដែរ។
អ្នកស្រី សូ វីឡែន ដែលបានមកទស្សនាសិល្បៈល្ខោនស្រមោលស្បែកធំ នៅអតីតអង្គភាពនគរបាលការពារបេតិកភណ្ឌ មុខបរិវេណប្រាសាទអង្គរវត្ត នារាត្រីចុងក្រោយនៃព្រឹត្តិការណ៍រំលឹកគុណអង្គរបានបង្ហាញអារម្មណ៍ថា នេះជាលើកទី១ហើយ ដែលបានមើលសិល្បៈស្រមោលស្បែកធំដោយផ្ទាល់។ គ្រួសាររបស់អ្នកស្រី បានមកមើលទាំងអស់គ្នា មានកូនៗ និងស្វាមីមកជាមួយផង។ អ្នកស្រីមានចិត្តរំភើប និងអរគុណអាជ្ញាធរជាតិអប្សរាដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងឱ្យមហាជនបានទស្សនា។
លោក លី ហួរ ជាអ្នករស់នៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ហើយបានមកទស្សនាការសំដែងសិល្បៈដែរនោះ បង្ហាញអារម្មណ៍ថាសិល្បៈស្រមោលស្បែកធំ ពិតជាអស្ចារ្យ។ការបានមើលផ្ទាល់ លោកចាប់អារម្មណ៍ខ្លាំងជាងគេ គឺភ្នក់ភ្លើងដុត ឆេះសន្ធោរសន្ធៅហាក់ដូចជាស្ថិតនៅក្នុងសម័យបុរាណកាល។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ មានសារៈសំខាន់ជាច្រើន ពីព្រោះ អង្គរវត្តជាសម្បត្តិមហាសាលរបស់កម្ពុជា ព្រមទាំងផ្សារភ្ជាប់ ការផ្សារភ្ជាប់គ្នារវាងវប្បធម៌អរូបី និងរូបីរបស់ខ្មែរយើង ព្រោះការបង្ហាញអំពីវប្បធម៌ជាច្រើន អាចនឹងធ្វើឱ្យកូនខ្មែរបានឃើញ បានស្គាល់ ចងចាំ ព្រមទាំងចាប់ចិត្តស្រឡាញ់ ហើយបណ្ដុះគំនិតនាំគ្នាថែរក្សានិងអភរិក្សបន្តវេន ឱ្យបានគង់វង្សជាយូរអង្វែងតទៅទៀត៕
No comments