ករណីក្លែងបន្លំឯកសារ ចាប់មនុស្សដាក់គុក នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅតែបន្តរក្សាភាពស្ងៀមស្ងាត់_វគ្គ៤

ករណីក្លែងបន្លំឯកសារ ចាប់មនុស្សដាក់គុក នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅតែបន្តរក្សាភាពស្ងៀមស្ងាត់_វគ្គ៤
ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០:៣១នាទីខេត្តកណ្តាល៖ ករណីលោក ពោច សួរ រួមទាំងគ្នីគ្នាបន្លំយកឯកសារជួលដីទៅឱ្យមេឃុំព្រែកតាមាក់ លោក ឆាយ សេន ចុះហត្ថលេខាដើម្បីប្តូរមនុស្សឱ្យជាប់គុកជំនួស ពេលនេះនៅតែបន្តរក្សាភាពស្ងៀមស្ងាត់។
កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់ ត្រង់ចំណុចដីតារាងបាល់របស់លោក ពោច សួរ ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបានឃាត់ខ្លួនឈ្មោះ ឈឿន សារុំ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីយកទៅដាក់ពន្ធនាគារ តាមផ្លូវច្បាប់។
ករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន សារុំ ដោយសារនៅពេលនោះកម្លាំងសមត្ថកិច្ចនគរបាលមិនបានពិនិត្យមើលលើឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ទើបបិទភ្នែកឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន សារុំ ដោយចោទថាគឺជាម្ចាស់ទីតាំងបនល្បែងស៊ីសងខុសច្បាប់ដោយពឹងផ្អែកលើឯកសារជួលដីក្លែងបន្លំរបស់លោក ពោច សួរ ដែលបានរួមគំនិតជាមួយគ្នីគ្នាដែលជាសាក្សីរួមទាំងលោក ឆាយ សេន មេឃុំព្រែកតាមាក់ក៏បានចូលរួមបិទភ្នែកប្រថាប់ត្រាផងដែរ។
ជុំវិញករណីចាប់មនុស្សដាក់គុក ដោយពឹងផ្អែកលើឯកសារក្លែងបន្លំខាងលើនេះ ត្រូវបានបែកធ្លាយបន្ទាប់ពីខាងសារព័ត៌មានយើងខលសុំការបំភ្លឺពីលោក ឆាយ សេន មេឃុំព្រែកតាមាក់ ជុំវិញការចុះហត្ថលេខាលើថ្ងៃខែមិនប្រក្រតី។ ក្នុងនោះលោកមេឃុំ ឆាយ សេន ក៏បានដាច់ចិត្តទម្លាយអាថ៌កំបាំងជុំវិញឯកសារជួលដីរបស់លោក ពោច សួរ ដែលជាបុគ្គលមានអំណាចលុយឡាន។ ដោយលោក ឆាយ សេន មេឃុំព្រែកតាមាក់ បានលើកឡើងប្រាប់សារព័ត៌មានថា «ឯកសារជួលដីដែលលោក ពោច សួរ យកទៅឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនមនុស្សបញ្ជូនទៅតុលាការគឺជាឯកសារខុសច្បាប់ទាំងស្រុង» លោកមេឃុំក៏បានឆ្លើយថារូបលោក ក៏បានរួមគំនិតខុសជាមួយលោក ពោច សួរ ដែរ ពោល៖ ដោយសារតែរូបលោក មិនបានពិនិត្យមើលឱ្យបានត្រឹមត្រូវមុននិងចុះហត្ថលេខា។
ទាក់ទិនទៅនឹងករណីចាប់មនុស្សខុសដាក់គុកពីសំណាក់សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលខាងលើនេះ មហាជនជាច្រើនលើកឡើងថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅតែព្យាយាមបន្តរក្សាភាពស្ងៀមស្ងាត់ ដោយបណ្តោយឱ្យជនដែលបានប្រព្រឹត្តពិតប្រាកដរស់នៅក្រៅសំណាញ់ច្បាប់ មិនខ្វល់អ្វីបន្តិចសោះឡើយ។
ចំណែកឯលោក ពោច សួរ ម្ចាស់ទីតាំងដីពិតប្រាកដ និងជាបុគ្គលមានអំណាចលុយឡាន ខាងសារព័ត៌មានយើងនៅមិនទាន់មានការបំភ្លឺណាមួយជុំវិញករណីក្លែងបន្លំឯកសារខាងលើនេះដែរ។
មហាជនជាច្រើនក៏បានសម្តែងការងឿងឆ្ងល់ថា តើករណីចាប់មនុស្សខុសដាក់គុក ដោយក្លែងបន្លំឯកសារពីសំណាក់លោក ពោច សួរ និងចូលរួមពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធដោយរក្សាភាពស្ងៀមស្ងាត់ ខាងលើនេះតើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរតែមានវិធានការយ៉ាងណាចំពោះករណីខាងលើ។
មហាជនស្នើសុំលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមមេត្តាជួយមានវិធានការស៊ើបអង្កេតចំពោះមន្ត្រីក្រោមឱវាទដែលបានចាប់ឃាត់ខ្លួនមនុស្សបញ្ជូនទៅកាន់តុលាការដោយមិនពិនិត្យមើលលើឯកសារឱ្យបានគ្រប់ជ្រុងជ្រោយផងទាន៕
ពាក់ព័ន្ធទៅនឹងការចុះផ្សាយព័ត៌មានខាងលើនេះក្រុមការងារសារព័ត៌មានយើង រងចាំការបកស្រាយបំភ្លឺពីអាជ្ញាធរសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។







No comments