ក្រុមញៀនល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងយ៉ាងអនាធិបតេយ្យ ដោយគ្មានខ្លាចលោក ឡេង ប៊ុនឡុង អធិការស្រុក
ក្រុមញៀនល្បែងស៊ីសង កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងយ៉ាងអនាធិបតេយ្យ ដោយគ្មានខ្លាចលោក ឡេង ប៊ុនឡុង អធិការស្រុក
ចេញផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦:៥៥នាទីអធិការនគរបាលស្រុកព្រៃកប្បាស លោក ឡេង ប៊ុនឡុង ហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលកំពុងតែនៅមានជាបន្តបន្ទាប់ហូរហែក្នុងមូលដ្ឋានរបស់ខ្លួន មិនថាល្បែងតូចឬល្បែងធំ។
ជាក់ស្តែងនៅភូមិតាវង់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រុមញៀនល្បែងមួយក្រុមធំកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់មាន់ជល់ជាសាធារណៈយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបបន្តិចសោះឡើយ។
ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងខាងលើ នេះ ប្រមូលផ្តុំគ្នាលេងជាហូរហែមិនថា សៅរ៍ អាទិត្យ ពោលគឺ ៧ថ្ងៃក្នុង១សប្ដាហ៍ គឺចាប់ផ្តើមលេងពីម៉ោង១២រសៀល រហូតដល់ម៉ោង៤-៥ល្ងាច និងមានភ្នាល់ចាប់ពី ២០មុឺនរៀលក្នុង១គូរ រហូតដល់៤០មុឺនរៀល ឬលើសពីនេះសំរាប់គូរតម្លៃពិសេស។
ប្រភពដដែលបន្ថែមថា ទីតាំងមួយកន្លែងនេះ បើកលេងជាសាធារណៈ ដោយមានទាំងចាស់ ទាំងក្មេង តូចៗវ័យ១៥ឆ្នាំចុះក្រោម ហើយក៏មានការស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកងយ៉ាងខ្លាំងទៀតផង។
ប្រជាពលរដ្ឋក៏បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ជល់មាន់ជាសាធារណៈ ព្រោះជាហេតុនាំឱ្យកើតមានបទល្មើសកើតឡើងជាមិនខាន ដោយសារតែចាញ់ល្បែង អស់ទ្រព្យសម្បត្តិ។
ករណីនេះដែរប្រជាពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមជួយចាត់វិធានការទប់ស្កាត់ចំពោះល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកព្រៃកប្បាសផង៕
ហើយលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសកន្លងមកខាងសារព័ត៌មានយើងបានផ្ញើសារជាញឹកញាប់ ដើម្បីស្នើសុំអន្តរាគមន៍បង្ក្រាបបទល្មើសផ្សេងៗ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែលិទ្ធផលទទួលបានគឺសូន្យ (ពោល)មិនដែលមានការបំភ្លឺណាមួយជុំវិញការបង្ក្រាបបាននៅបទល្មើសល្បែងស៊ីសងខុសច្បាប់នោះទេ៕
No comments