សាហាវមែន ស្ត្រីម្នាក់ហ៊ានជួលឃាតករ សម្លាប់ប្តីខ្លួនឯង ក្នុងតម្លៃ១០០០ដុល្លារ
សាហាវមែន ស្ត្រីម្នាក់ហ៊ានជួលឃាតករ សម្លាប់ប្តីខ្លួនឯង ក្នុងតម្លៃ១០០០ដុល្លារ
ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥:៤៩នាទីខេត្តកណ្តាល ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក ស្ថិតនៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សភាពរឿងហេតុ ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ មានប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹកមួយ នៅក្នុងប្រឡាយទឹកវិរះប្រាំ ដែលមានទទឹង០៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល ១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុក និងអាជ្ញាធរភូមិឃុំ គ្រូពេទ្យ ដើម្បីចុះមកពិនិត្យសាកសពអណ្តែតទឹកនោះ ។ ការពិនិត្យសាកសពឃើញថាសាកសពស្លាប់ដោយសាររឹតក និងឆក់ (ឃាតកម្ម)។
ផ្អែកតាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាំង ធីតា អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថាខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ជាអ្នកសម្លាប់ប្តីរបស់ខ្លួន ដោយធ្វេីការឆក់ និងរិតក សម្លាប់ (ពិតជាសាហាវមែន)។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់។
រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ។
បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
No comments