អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖ ជនបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បង្កគ្រោះ ថ្នាក់របួសនិងបាត់បង់ជីវិតអ្នកដទៃ ត្រូវមានទោសជាប់ពន្ធនាគារ
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖ ជនបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បង្កគ្រោះ ថ្នាក់របួសនិងបាត់បង់ជីវិតអ្នកដទៃ ត្រូវមានទោសជាប់ពន្ធនាគារ
ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៤នាទីអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តី ពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួសដល់អ្នកដទៃ ស្ថិតក្នុងស្ថានភាពស្រវឹងត្រូវមានទោសជាប់ពន្ធនាគារនិងសងប្រាក់។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២និង១០នាទីព្រឹក នៅចំណុចលើស្ពានជ្រោយ ចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងរវាងរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB-9989 ដែលបើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ សញ្ញាតិខ្មែរ បើកបរក្នុងស្ថានភាពស្រវឹងនិងមិនប្រុងប្រយ័ត្នបណ្តាលឱ្យបុកនឹងម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខកណ្តាល 1B-9979 ដែលបើកបរដោយឈ្មោះ ប៉ែន ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ រួមដំណើរដោយឈ្មោះ កែវ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ និងឈ្មោះ សុខ ឡេង ភេទប្រុស អាយុ៦០ថ្ងៃ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាង លើបានបណ្តាលឲ្យអ្នកបើកបរម៉ូតូ HONDA SCOOPY ព្រមទាំងអ្នករួមដំណើរទាំងពីរនាក់ រងរបួសជាទម្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ អ្នករងរបួស ឈ្មោះ សុខ ឡេង បានទទួលមរណៈភាព។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្តថា៖ ក្រោយពីទទួលបាន សំណុំរឿងខាងលើពីមន្ត្រីនគរបាលយុត្តិធម៌ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងពាក្យបណ្ដឹងផ្ទាល់របស់ភាគីជនរងគ្រោះ តំណាងអយ្យការបានធ្វើការស៊ើប អង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ជាឱ្យចូលខ្លួនលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ សោម ណូរីទីឃា ប៉ុន្តែជននេះនៅតែមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការដើម្បីស្តាប់ចម្លើយ អំពីអង្គហេតុខាងលើ។
ក្រោយពីបានស៊ើបអង្កេតចប់សព្វគ្រប់ ព្រមទាំងបានពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង តំណាង អយ្យការបានបើកការស៊ើបសួរលើអង្គហេតុគ្រោះថ្នាក់ចរាចរណ៍លើឈ្មោះ សោម ណូរីទីឃា ពីបទ៖ បើកបរ ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ និងមានរបួសដល់អ្នកដទៃ ប្រព្រឹត្តនៅចំណុច លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
មាត្រា ៨៣ ចែងថាជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តី ពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យរបួសដល់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាកុលចាប់ពី ០,៤០ (សូន្យក្បៀស សែសិបមិល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅបណ្តាលឲ្យមាន របួសច្រើននាក់ អំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៣បី)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន)រៀល ទៅ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ។
មាត្រា ៨៥ ចែងថាជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាកុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មិលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅអំពើល្មើសខាងលើនេះត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់ពីន) រៀល ទៅ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល។
គួរបញ្ជាក់ថា កាលពីម៉ោង២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-9989 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 ពេញទំហឹងបណ្តាលឱ្យមនុស្ស៣នាក់រងរបួស ក្នុងនោះមានទាំងទារកអាយុ៦០ថ្ងៃម្នាក់ បានស្លាប់នៅពេលយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ករណីខាងលើនេះដែរ ខាងសមត្ថកិច្ចនៅមិនទាន់ឃាត់ខ្លួនជនបង្កបាននៅឡើយនោះទេ ខណៈដែលជនបង្កត្រូវបានគេស្គាល់ពីអត្តសញ្ញាណ៕
No comments