សេចក្តីថ្លែងការណ៍ របស់សាលាដំបូងខេត្តព្រះសីហនុ ជុំវិញជនជាតិចិន ប្តឹងសុំអន្តរាគមន៍ ដើម្បីសុំរកយុត្តិធម៌
សេចក្តីថ្លែងការណ៍ របស់សាលាដំបូងខេត្តព្រះសីហនុ ជុំវិញជនជាតិចិន ប្តឹងសុំអន្តរាគមន៍ ដើម្បីសុំរកយុត្តិធម៌
ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៩:២៥នាទីសាលាដំបូងខេត្តព្រះសីហនុមានកិត្តិយសសូមជម្រាបជូនសាធារណជននិងគ្រប់បណ្តាញសារព័ត៌មាន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឈ្មោះ ឃ្វី រ៉ៃសៀន (QIU RUIXIAN) ភេទប្រុស ជាជនជាតិចិន បានដាក់ពាក្យបណ្ដឹងដើម្បីស្នើសុំជួយអន្តរាគមន៍រកយុត្តិធម៌និងសុំផ្អាកការចុះអនុវត្តដីកាសម្រេចចាត់ចែងបណ្តោះអាសន្នរបស់សាលាដំបូងខេត្តព្រះសីហនុ ដែលត្រូវបណ្ដេញចេញពី សំណង់អគារដែលខ្លួនបានវិនិយោគ។
ដើម្បីចៀសវាងការភាន់ច្រឡំទៅលើករណីបណ្ដឹងសុំអន្តរាគមន៍ខាងលើនេះ សាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយស សូមជម្រាបជូនសាធារណជន ជ្រាបថា៖ សាលាដំបូងខេត្តព្រះសីហនុ ទទួលចាត់ការលើសំណុំរឿងរដ្ឋប្បវេណីលេខ ១៨៩ចុះថ្ងៃទី២៧ ខែតុលា ២០២១ ដែលមានភាគីដើមចោទឈ្មោះ គឹម ហោ ភេទស្រី ស្នើសុំរំលាយកិច្ចសន្យាជួល, សុំឲ្យសហចុងចម្លើយប្រគល់សំណង់អាគារដែលមានលើទំហំដី៦០៤ម៉ែត្រការ៉េ មកគ្រប់គ្រងតាមផ្លូវច្បាប់វិញ, ទាមទារប្រាក់ថ្លៃឈ្នួល ដែលមិនបានបង់ពីខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃប្រគល់អាគារ និងកាត់ថ្លៃប្រាក់កក់មកជាថ្លៃឈ្នួល និងភាគីសហចុងចម្លើយឈ្មោះ ឃ្វី រ៉ៃសៀន (QIU RUIXIAN) និងឈ្មោះ វេន សុិនជា (wen xin jia) ។ ចៅក្រមសាលាដំបូងខេត្តព្រះសីហនុ បានចាត់ការសំណុំរឿងទៅតាមនីតិវិធី និងបានចេញសាលក្រមលេខ ១៤៣/០៤ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ឈ្មោះ ឃ្វី រ៉ៃសៀន (QIU RUIXIAN) បានប្ដឹងឧទ្ធរណ៍និងសារក្រមខាងលើតាមពាក្យបណ្ដឹងចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
និងក្រោយមកសាលាដំបូងខេត្តព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងរក្សាការពារលេខ ១០៨ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ដាក់ពាក្យសុំដោយភាគីម្ចាស់បំណុល ស្នើសុំសិទ្ធិគ្រប់គ្រងកាន់កាប់ប្រើប្រាស់និងអាស្រ័យផល លើទំហំដី ៦០៤ម៉ែត្រការ៉េ និងភាគីសហកូនបំណងឈ្មោះ ឃ្វី រ៉ៃសៀន (QIU RUIXIAN) និងឈ្មោះ វេន សុិនជា (wen xin jia) ដែលម្ចាស់បំណុលមានទំនាក់ទំនងគិតិយុត្តិជាមួយសហកូនបំណុលតាមរយៈកិច្ចសន្យាជួលអចនវត្ថុចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។ ភាគីកូនបំណុល បានទទួលស្គាល់ខ្លួនឯងថា «ខ្លួនពិតជាមិនបានបង់ប្រាក់ឈ្នួល និងទទួលការដាស់តឿនឲ្យបង់ប្រាក់ឈ្នួលជាច្រើនលើក និងបានទទួលដំណឹងពីការរំលាយកិច្ចសន្យាផងដែរ»។ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន ស្តីពី ការចាត់ចែងជាបណ្ដោះអាសន្ន ដែលកំណត់ឋានៈជាបណ្ដោះអាសន្ន លេខ ៤៥៣ត.រ/ឆ/២២ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ ហើយឈ្មោះ ឃ្វី រ៉ៃសៀន (QIU RUIXIAN) ក៏ប្ដឹងតវ៉ាសូមឱ្យលុបដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នខាងលើដែរ តាមពាក្យសុំចុះ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានជូនដំណឹងស្ដីពីការអនុវត្តដោយស្ម័គ្រចិត្តលេខ ១៩៧លជណ/២៣ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ជម្រាបជូនសហកូនបំណុលឈ្មោះ ឃ្វី រ៉ៃសៀន (QIU RUIXIAN) និងឈ្មោះ វេន សុិនជា (wen xin jia) ឲ្យបានជ្រាបថា អាជ្ញាសាលានឹងចុះអនុវត្តដីកាសម្រេចចាត់ចែងបណ្តោះអាសន្នលេខ ៤៥៣៤៥៣ ត.រ/ឆ/២២ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ សូមធ្វើការអនុវត្តដោយស្ម័គ្រចិត្ត និងសូមចូលរួមដោះស្រាយក្នុងសំណុំរឿងខាងលើនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៩ព្រឹក នៅសាលាដំបូងខេត្តព្រះសីហនុ (បន្ទប់អាជ្ញាសាលា) ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
No comments