សេចក្តីថ្លែងការណ៍ និងបកស្រាយបំភ្លឺ របស់លោកមេធាវី នាង គីមហុង ជុំវិញពាក្យបណ្តឹងសុំអន្តរាគមន៍ របស់ជនជាតិចិនឈ្មោះ ឃ្វី រ៉ៃសៀន QIU RUIXIAN ទៅកាន់ក្រសួងយុត្តិធម៌
សេចក្តីថ្លែងការណ៍ និងបកស្រាយបំភ្លឺ របស់លោកមេធាវី នាង គីមហុង ជុំវិញពាក្យបណ្តឹងសុំអន្តរាគមន៍ របស់ជនជាតិចិនឈ្មោះ ឃ្វី រ៉ៃសៀន QIU RUIXIAN ទៅកាន់ក្រសួងយុត្តិធម៌
ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣៤នាទីភ្នំពេញ៖ សេចក្តីថ្លែងការណ៍ និងបកស្រាយបំភ្លឺចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ របស់មេធាវីលោក នាង គីមហុង ប្រធានការិយាល័យមេធាវីនីតិនគរ និងជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ គឹម ហោ បានគោរពជូនដ៏ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ក្នុងសេចក្តីថ្លែងការណ៍បំភ្លឺរបស់លោកមេធាវី នាង គីមហុង បានបញ្ជាក់ឱ្យដឹងថា៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ គឺមានករណីជនជាតិម្នាក់ឈ្មោះ ឃ្វី រ៉ៃសៀន (QIU RUIXIAN) ភេទប្រុស បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងយុត្តិធម៌ដើម្បីសុំអន្តរាគមន៍រកយុត្តិធម៌ ដោយបានចោទប្រកាន់ផ្ទុយខុសពីការពិតមកកាន់កូនក្តីរបស់គាត់ ខណៈដែលកូនក្តីរបស់គាត់ជាម្ចាស់អចលនវត្ថុពិតប្រាកដ។
យោងតាមសេចក្តីថ្លែងការណ៍និងបកស្រាយបំភ្លឺទាំងស្រុងរបស់មេធាវីលោក នាង គីមហុង បានរៀបរាប់ដូច្នេះថា៖ «កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ កូនក្តីខ្ញុំបាទបានជួលដី និងផ្ទះវីឡាមានចំនួន១៤ បន្ទប់ លើដីទំហំ ៦០៤ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យលេខ ១៨០១០៤០៣-០០០៧ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៥ ឱ្យ ឈ្មោះ ឃ្វី រ៉ៃសៀន (QIU RUIXIAN) និងឈ្មោះ វេន សុិនជា (WEN XIN JIA) ក្នុងរយៈពេល ១១ ឆ្នាំ ១១ខែ ២៩ ថ្ងៃ ដោយថ្លៃឈ្នួលឡើងក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំម្តង ដូចមានចែងក្នុងកិច្ចសន្យាស្តីពីការជួលអចលនវត្ថុចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ។ ក្នុងអំឡុងពេលជួលជនជាតិចិនខាងលើ បានវាយកម្ទេចផ្ទះវីឡារបស់កូនក្តីខ្ញុំបាទចោល ហើយក៏បានសាងសង់អគារថ្មី ដោយរហូតមកទល់ពេលនេះសំណង់អគារសាងសង់មិនទាន់រួចរាល់ជាស្ថាពរនោះទេ។ តាមរយៈកិច្ចសន្យាខាងលើកូនក្តីខ្ញុំបាទបានផ្តល់រយៈពេលអនុគ្រោះជូនជនជាតិចិនចំនួន ០៥ (ប្រាំ) ខែ គិតចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ បន្ទាប់ពីដល់កាលបរិច្ឆេទបង់ថ្លៃឈ្នួល ជនជាតិចិនក៏បានបង់ប្រាក់ឈ្នួល ប៉ុន្តែការបង់ប្រាក់ឈ្នួលរបស់ខ្លួន គឺតែងតែមានការយឺតយ៉ាវជាច្រើនលើកច្រើនសារ បង់មិនគ្រប់ចំនួនតាមកិច្ចសន្យា ដោយខែខ្លះបង់ត្រឹមតែ៥០%(ហាសិប)ភាគរយនៃតម្លៃឈ្នួល ដោយខែខ្លះបង់ត្រឹមតែ៣០ (សាបសិប) ភាគរយ នៃតម្លៃឈ្នួល ប៉ុណ្ណោះ ដោយបានលើកយកហេតុផលផ្សេងៗ ដើម្បីបង់ប្រាក់ឈ្នួលមិនគ្រប់ និងមិនបង់ប្រាក់ឈ្នួលជូនកូនក្តីខ្ញុំ។ បន្ទាប់មកក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ចុងចម្លើយក៏ចាប់ផ្តើមឈប់ទូទាត់ប្រាក់ថ្លៃឈ្នួល រហូតដល់បច្ចុប្បន្ន ដោយបានលើកមូលហេតុពីជម្ងឺកូវីដ-១៩ និងលើកហេតុផលផ្សេងៗមិនសមស្រប ដើម្បីមិនបង់ប្រាក់ឈ្នួលជូនក្តីខ្ញុំបាទៅវិញ។ នៅចុងឆ្នាំ២០១៩ និងឆ្នាំ២០២០ អ្នកណាៗ ក៏ដឹងថាប្រទេសកម្ពុជាមិនមានជំងឺកូវីដ-១៩ នោះទេ ប៉ុន្តែជនជាតិខាងលើនៅតែលើកហេតុផលនេះ ដើម្បីរួចខ្លួនពីកាតព្វកិច្ច និងមិនបង់ប្រាក់ឈ្នួល។ ដោយទ្រាំនឹងការបំពានកិច្ចសន្យាម្តងហើយម្តងទៀតមិនបាន កូនក្តីខ្ញុំក៏បានធ្វើការបង្ហាញឆន្ទៈរំលាយកិច្ចសន្យា ដូចមាននៅក្នុងលិខិតជូនដំណឹងលើកទី១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងលើកទី២ ចុះថៃ្ងទី០៣ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីមានការដាស់តឿនច្រើនលើកច្រើនសារ ស្របតាមផ្លូវច្បាប់ និងស្របតាមកិច្ចសន្យា (យោងតាមប្រការ៣.៤ នៃកិច្ចសន្យាជួល បានចែងថា៖ ការបង់ប្រាក់ឈ្នួលនេះមិនអាចហួសរយៈពេល០៧ ថ្ងៃឡើយ ។ ប្រសិនបើហួសរយៈពេលនេះ ភាគី (ក) មានសិទ្ធិពិន័យប្រាក់ ភាគី (ខ) ២០ភាគរយ នៃប្រាក់ឈ្នួលសរុប បន្ថែមទៀត លើប្រាក់ឈ្នួលប្រចាំខែ ។ ប៉ុន្តែការយឺតមិនអាចហួសរយៈពេល៦០ ថ្ងៃបានឡើយ ។ ប្រសិនបើហួសភាគី (ក) មានសិទ្ធិរំលាយកិច្ចសន្យាជួលនេះ ហើយប្រាក់កក់ និងសំណង់ដែលភាគី (ខ) បានសាងសង់នៅលើអចលនវត្ថុនេះនឹងក្លាយជាកម្មសិទ្ធិរបស់ភាគី (ក)។ បន្ទាប់ពីកូនក្តីខ្ញុំធ្វើការរំលាយកិច្ចសន្យាស្របតាមផ្លូវច្បាប់រួចរាល់ក៏ដោយ ក៏ជនជាតិចិនខាងលើ ពុំបានដោះស្រាយបង់ប្រាក់ឈ្នួលជូនកូនក្តីខ្ញុំបាទទាល់តែសោះ ដោយកូនក្តីខ្ញុំតែងតែយោគយល់ និងធ្វើការអនុគ្រោះមានការសម្របសម្រួលជាច្រើនលើកច្រើនសារ។ លើសពីនេះបែរជាជនជាតិចិនបែរជាយកទីតាំងជួលទៅបើកអាជីវកម្មផ្សេងៗ និងថែមទាំងបានជួលផ្នែកខ្លះនៃអគារឱ្យទៅតតិយជន និងធ្វើការចាត់ចែងតាមតែអំពើចិត្ត និងបានទទួលប្រាក់កម្រៃជារៀងរាល់ខែរហូតដល់ពេលបច្ចុប្បន្ន ប៉ុន្តែជនជាតិចិនខាងលើនៅតែមិនបង់ប្រាក់ថ្លៃឈ្នួលដល់កូនក្តីខ្ញុំ និងមិនព្រមប្រគល់ទីតាំងជួលជូនក្តីខ្ញុំបាទដដែល។ ឮបន្ទាប់មកនៅអំឡុងខែកញ្ញា ឆ្នាំ២០២០ កូនក្តីខ្ញុំបាទក៏បានដាក់ពាក្យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីជួយដោះស្រាយ ដោយក្នុងនោះកូនក្តីខ្ញុំបានដាក់ជាពាក្យសុំចេញដីកាសម្រេចរក្សាការពារ ចុះថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ ដូចមាននៅក្នុងសំណុំរឿងរក្សាការពារលេខ១០៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ និងដាក់ជាពាក្យបណ្តឹង ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដូចមាននៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ១៨៩ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តព្រះសីហនុ។ ស្ថិតនៅក្នុងចំណាត់ការ សាលាដំបូងខេត្តព្រះសីហនុ ទើបបានចេញសេចក្តីសម្រេចកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេលប្រមាណ មួយឆ្នាំកន្លះ ទើបបានដីការសម្រេចចាត់ចែងជាបណ្ណោះអាសន្នស្តីពីការចាត់ចែងជាបណ្តោះអាសន្នដែលកំណត់ឋានៈជាបណ្តោះអាសន្ន ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ និង សាលក្រមលេខ១៤៦/០៤(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២២ ជាសេចក្តីសម្រេចពីតុលាការផ្តល់ភាពយុត្តិធម៌ជូនកូនក្តីខ្ញុំបាទវិញ ទោះបីជាមានសេចក្តីសម្រេចទាំងពីរនេះក៏ដោយ ប៉ុន្តែនៅមិនទាន់បានអនុវត្តអោយជនជាតិចេញនោះចេញនៅឡេីយ បែរជាជនជាតិចិនដាក់ពាក្យបណ្តឹងអន្តរាគមន៍ទៅក្រសួង និងចុះព័ត៍មានមិនពិតទៅវិញ។ ក្នុងអំពើរបស់ជនជាតិចិនខាងលើ ធ្វើឱ្យកូនក្តីខ្ញុំជួបនូវផលលំបាកជាច្រើន ដូចខាងក្រោម៖
១-កូនក្តីខ្ញុំបាទបានជាប់បំណុលធនាគារភ្នំពេញពាណិជ្ជ មានទឹកប្រាក់ចំនួន ៤៨៥,៣៩៣ដុល្លារអាមេរិក ដោយសារតែជនជាតិចិនមិនបង់ប្រាក់ឈ្នួល ធ្វើឱ្យកូនក្តីខ្ញុំបាទក៏ពុំមានប្រាក់បង់ទៅធនាគារ ធ្វើឱ្យធនាគារធ្វើលិខិតជូនដំណឹងជាច្រើនលើកច្រើនសារ និងបានដាក់ពាក្យបណ្តឹងទាមទារប្រាក់ពីកូនក្តីខ្ញុំបាទវិញ ដូចមាននៅក្នុងលិខិតជូនដំណឹងចុងក្រោយ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ របស់ធនាគារ និងនៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ២១២ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ។ ចំណុចនេះខ្ញុំបាទសូមបញ្ជាក់ថា អ្នកទទួលជួលមិនអាចលើកពីបញ្ហាជំងឺកូវីដ-១៩ មិនអាចលើកពីបញ្ហាជំងឺកូវីដ-១៩ យកមកធ្វើជាមូលហេតុ ដើម្បីមិនអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យាបានឡើយ ព្រោះរាល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានឯកជន និងសាធារណៈនៅដំណើការធម្មតា ហើយចំពោះករណីកូនក្តីខ្ញុំ គឺធានាគារក៏នៅតែទាមទារប្រាក់ពីកូនក្តីខ្ញុំ និងបានដាក់ពាក្យបណ្តឹងទាមទារប្រាក់ពីកូនក្តីខ្ញុំដដែលដូចគ្នា។
២-ដោយសារហេតុផលខាងលើ ធ្វើឱ្យកូនក្តីខ្ញុំបាទមានជំងឺផ្លូវចិត្ត និងធ្វើឱ្យមានការជំងឺផ្សេងៗប្រចាំកាយ ហើយក្នុងអំឡុងពេលបច្ចុប្បន្នក៏ស្ថិតនៅក្នុងការសម្រាក និងព្យាបាលពីគ្រូពេទ្យផងដែរ។
៣-រាល់ដំណើការនីតិវិធីសំណុំរឿងនៅតុលាការ ធ្វើឱ្យកូនក្តីខ្ញុំខូចខាតផលប្រយោជន៍ជាច្រើន ដូចជាចំណាយសោហ៊ុយលើការពឹងពាក់មេធាវី ចំណាយសោហ៊ុយដាក់ពាក្យបណ្តឹង និងសោហ៊ុយផ្សេងៗ ដែលចាំបាច់ក្នុងការធ្វើដំណើ និងជាពិសេសត្រូវការចំណាយពេលអស់ជាច្រើនទៀតផង។
ស្របតាមអង្គហេតុដូចបានបញ្ជាក់ជូនខាងលើ បែរជាជនជាតិចិនខាងលើបានប្រឌិត រឿងមិនពិតយកទៅចុះតាមបណ្តាញសារព័ត៌មាន បង្កើតឱ្យមានការយល់ច្រឡំ តាមរយៈសារវីដេអូរមានរយៈពេល ៤នាទី ៥៦ វិនាទី និងថែមទាំងបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ ដោយបំភ្លៃការពិត និងបានចោទប្រកាន់លើកូនក្តីខ្ញុំបាទ ប្រើប្រាស់ អំណាច គំរាម បង្ខំដល់ខ្លួនឱ្យចាកចេញពីទីតាំងជួលទាំងដែលមិនមែនជាការពិតឡើយ។ រីឯរូបភាពវីដេអូ ដែលមានជនជាតិខ្មែរកំពុងចាក់សោរនោះ ក៏មិនដឹងថាជាអ្នកមកពីណាធ្វើអី្វនៅទីតាំងនោះដែរ ពោលគឺអាចជនជាតិចិនខាងលើខ្លួនឯងផ្ទាល់បង្កើតជាវិដេអូ នាំឱ្យមានការភ័ណ្ឌច្រឡំមកលើកូនក្តីខ្ញុំបាទ។ ករណីនេះកូនក្តីខ្ញុំ សូមរក្សាសិទិ្ធតាមផ្លូវច្បាប់ក្នុងការដាក់ពាក្យបណ្តឹងផ្សេងៗ ទៅលើជនជាតិចិនខាងលើ ក្នុងការស្វែងរកភាពស្អាតស្អំជូនកូនក្តីខ្ញុំ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។
អាស្រ័យហេតុនេះ សូម ឯកឧត្តមរដ្ឋមន្ត្រី មេត្តាជ្រាបជាសេចក្តីថ្លែងការណ៍ និងពិនិត្យ តាមតាមនីតិវិធីដោយសេចក្តីអនុគ្រោះ។ សូម ឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។ ថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ រាជធានីភ្នំពេញ,ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ហត្ថលេខា និងត្រា មេធាវី នាង គីមហុង»៕
No comments