កម្លាំងនគរបាល ស្រុកតាលោសែនជ័យ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីស៊ីដាច់ម៉ូតូ

កម្លាំងនគរបាល ស្រុកតាលោសែនជ័យ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីស៊ីដាច់ម៉ូតូ
ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០:៥៩នាទីកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង២១នាទី កម្លាំងសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ ដឹងនាំដោយលោក អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធទៅនឹងករណីស៊ីដាច់ម៉ូតូ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ រឿន សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្តុកប្រវឹ ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានធ្វើសកម្មភាពខ្ចីម៉ូតូពីឈ្មោះ សៀក រ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ (មានជំងឺប្រសៃប្រសាទ) រស់នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន និងសួរបំភ្លឺ ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាបានខ្ចីម៉ូតូមួយគ្រឿងម៉ាក់វីន័រស៊េរីឆ្នាំ២០២០ ពណ៌ប្រផេះ បិទតែមពណ៌ខ្មៅ
ពី ឈ្មោះ សៀក រ៉ាន់ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ពិតប្រាកដមែន។
ជនសង្ស័យបានបន្ថែមសមត្ថកិច្ចដឹងទៀតថា បន្ទាប់ពីខ្លួនបានធ្វើសកម្មភាពខ្ចីម៉ូតូបានហើយ ខ្លួនក៏បានយកម៉ូតូនោះទៅលក់ឲ្យព្រះសង្ឃម្បាក់ដែលគង់នៅវត្តស្ថិតក្នុងឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ក្នុងតម្លៃ ២៥០០០០០៛ (ពីរលានហាសិបម៉ឺនរៀល) ប៉ុន្តែព្រះសង្ឃអង្គនោះបានប្រគល់ប្រាក់ចំនួន១៤០០០០០៛ (មួយលានសែសិបម៉ឺនរៀល) ដោយនៅខ្វះចំនួន ១១០០០០០ (មួយលានដប់ម៉ឺនរៀល) ដោយមិនបានចាំថ្ងៃទីក្នុងខែកុម្ភៈ ឆ្នាំ២០២៣។
ជនសង្ស័យដដែលរូបនោះបានបន្តឲ្យដឹងទៀតថា៖ ក្រោយពីបានទទួលប្រាក់ពីព្រះសង្ឃរួចខ្លួនបានទៅទិញម៉ូតូ១គ្រឿង ម៉ាកវ៉េវអាល់ហ្វាសេរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានផ្លាកលេខ ពីហាងនៅផ្សារស្តុកប្រវឹក ដោយមិនស្គាល់ឈ្មោះម្ចាស់ហាង ក្នុងតម្លៃ១៤០០០០០៛ (មួយលានសែសិបម៉ឺនរៀល) នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ (ដោយគ្មានលិខិតទិញលក់)។
បន្ទាប់ពីសួរនាំរួចមកសមត្ថកិច្ចក៏បានដកហូតសម្ភារៈពីជនសង្ស័យបានមួយចំនួនរួមមាន៖ ទី១ ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក 0PP0ពណ៌ខ្មៅ, ទី២ ផាវវើប៊ែងចំនួន១ម៉ាក់ kongulonពណ៌ស, និងទី៣ម៉ូតូចំនួន១គ្រឿងម៉ាក់វ៉េវអាល់ហ្វាពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មានផ្លាកលេខ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕






No comments