អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺជុំវិញការបង្ហោះ ព័ត៌មានមិនពិត ក្នុងបំណងមូលបង្កាច់ដល់កងរាជអាវុធហត្ថ

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺជុំវិញការបង្ហោះ ព័ត៌មានមិនពិត ក្នុងបំណងមូលបង្កាច់ដល់កងរាជអាវុធហត្ថ
ផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤:២៣នាទីដឹងហើយថាមួយរយៈពេលថ្មីនេះមានការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដោយបានចែករំលែកនូវរូបភាពមួយសន្លឹកតាមបណ្តាញផ្សព្វផ្សាយសង្គម ពីសំណាក់ជនអនាមិក ដែលបានបង្ហោះក្នុងគោលបំណងចោទប្រកាន់មកលើស្ថាប័នកងរាជអាវុធហត្ថ ដោយបានរសេរភ្ជាប់ជាមួយនូវរូបថត ថា “តេស្តសុខភាពចូលអាវុធហត្ថ”។
បន្ទាប់ពីមានការចែករំលែកនៅរូបភាពមួយសន្លឹកហើយបានសរសេរនូវខ្លឹមសារខាងលើនេះ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយបំភ្លឺ នៅលើផេកផ្លូវការ GRK News ដោយបានលើកឡើងថា៖ «ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបថា រូបភាព១សន្លឹកនេះ មិនមែនជាសកម្មភាពពិនិត្យកាយសម្បទារបស់គ្រូពេទ្យកងរាជអាវុធហត្ថ នៅពេលពិនិត្យបេក្ខជននោះទេ។ ជាការពិត ការជ្រើសរើសចូលបម្រើក្នុងកងរាជអាវុធហត្ថ ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការកំណត់ ក្នុងនោះក៏មានការពិនិត្យកាយសម្បទាផងដែរ។ ប៉ុន្តែក្នុងអំឡុងពេលពិនិត្យមិនអនុញ្ញាតឱ្យយកទូរស័ព្ទ និងថតរូបទេ រីឯការពិនិត្យ គឺរក្សាបានក្រមសីលធម៌ វិជ្ជាជីវៈ។ ខ្ញុំបាទសូមគោរពជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបជាព័ត៌មានច្បាស់លាស់ពិត។»
ក្នុងនោះផងដែរ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏បានចាត់ទុកថាការបង្ហោះផ្សាយនៅរូបភាពបែបនេះ គឺជា៖ «អំពើអសីលធម៌ គ្មានវិជ្ជាជីវៈ ក្នុងបំណងមូលបង្កាច់ដល់កងរាជអាវុធហត្ថ»៕



No comments