អ្នកសារព័ត៌មាន ចោទថា ប៉ូលីសចរាចរណ៍ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជេរប្រមាថ ថែមទាំងវាយឆក់ដណ្ដើមទូរស័ព្ទយកទៅរក្សាទុក
អ្នកសារព័ត៌មាន ចោទថា ប៉ូលីសចរាចរណ៍ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជេរប្រមាថ ថែមទាំងវាយឆក់ដណ្ដើមទូរស័ព្ទយកទៅរក្សាទុក
ចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៩:២៨នាទីទៀតហើយ ខេត្តកណ្តាល ទៀតហើយ អ្នកសារព័ត៌មាន ម្នាក់បានលើកឡើង ដោយចោទថាមន្ត្រីប៉ូលិសនគរបាលស្រុក អង្គស្នួល ខេត្តកណ្តាល ប្រើប្រាស់សិទ្ធិអំណាច និងប្រើប្រាស់ពាក្យសំដីអសិលធម៌ ជេរប្រមាថ និងវាយឆក់ដណ្ដើម យកទូរស័ព្ទពីដៃគាត់ជាអ្នកសារព័ត៌មាន ដែលកំពុងតែធ្វើការថតផ្សាយបន្តផ្ទាល់ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចផ្លូវលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ករណីខាងលើនេះអ្នកសារព័ត៌មាន ដែលអះអាងថាត្រូវបានមន្ត្រីនគរបាលចរាចរណ៍ ឆក់ដណ្តើមទូរស័ព្ទយកពីដៃរបស់ខ្លួន បានលើកឡើង ដោយមានខ្លឹមសារថា «តើអ្នកព័ត៌មានខុសអីទៅ បាន លោក គឹមសំអាត អធិការរងស្រុកអង្គស្នួល ជេរប្រមាថ រួចវាយបណ្តាលអោយធ្លាក់ទូរសព្ទ និងឆក់យកទូរស័ព្ទនោះទៅបាត់ ក្រុមការងារសុំមកវិញតែគាត់មិនអោយ។ សូមគោរពជូន សម្តេចក្រឡាហោម និងលោកស្នងការខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌អោយក្រុមការងារខ្ញុំបាទផង»។
អ្នកសារព័ត៌មាន ដដែលបានបញ្ជាក់ទៀតថា៖ បន្ទាប់ពីមន្ត្រីប៉ូលិសចរាចរណ៍ ឈ្មោះ គឹម សំអាត តួនាទីអធិការរងស្រុកអង្គស្នួល ឆក់ដណ្តើមយកទូរស័ព្ទពីដៃគាត់រួចមក ប៉ូលិសម្នាក់នោះ ក៏បានយកទូរស័ព្ទរបស់គាត់យកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ទោះបីជាក្រុមការងារអ្នកសារព័ត៌មាន ព្យាយាមសុំមកវិញក៏មិនព្រមឲ្យ ព្រោះរងចាំការត្រួតពិនិត្យមើលពីលោក មាន សំណាង អធិការស្រុកអង្គស្នួល។
ទាក់ទិនទៅនឹងការចោទប្រកាន់ពីអ្នកសារព័ត៌មានខាងលើនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានបកស្រាយបំភ្លឺដោយលើកឡើងថា៖ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៣:១៥នាទី លោកវរសេនីយ៍ទោ គឹម សំអាត អធិការរងទទួលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងផាស់អាប់ នៅចំណុចមុខភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល អធិការរង រូបនោះ ក៏ដឹកនាំកម្លាំងផ្នែកជំនាញចុះទៅដល់កន្លែងកេីតហេតុ ធ្វេីការសម្រួលចរាចរណ៍ និងបាញ់គំនូសទីតាំង រៀបចំយកមធ្យោយចេញពីកន្លែងកើតហេតុបន្តតាមនីតិវិធីជំនាញ។
ក្នុងការបំភ្លឺនោះក៏បញ្ជាក់ ដោយចោទប្រកាន់ទៅអ្នកសារព័ត៌មានវិញថា៖ មកពីពេលនោះអ្នកសារព័ត៌មានថតឡាយបង្ហោះមិនត្រឹមត្រូវ និងបាននិយាយមិនពិត ទើបកម្លាំងសមត្ថកិច្ចប្រាប់ទៅអ្នកព័ត៌មានថាកុំនិយាយអ្វីមិនពិត តែអ្នកសារព័ត៌មាននៅតែមិនស្តាប់ទេីបលោកអធិការរងមកហាមបន្ថែមទៀតក៏នៅមិនស្តាប់ ទើបប្រកែកទាក់ពាក្យសំដីគ្នាបន្តិចបន្ទួច បន្ទាប់មកលោកអធិការរង បានសុំទូរស័ព្ទ ហាមមិនឱ្យថតឡាយ តែអ្នកព័ត៌មានរូបនោះ មិនព្រម គេចចុះគេចឡេីងក៏ជ្រុះទូរស័ព្ទទៅលេីដី ទេីបលោកអធិការរង រេីសយកទូរស័ព្ទយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីឲ្យលោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ពិនិត្យមើលសិន។ និងបានប្រាប់អ្នកសារព័ត៌មានថាឱ្យទៅយកទូរស័ព្ទនៅឯអធិការដ្ឋាននគរបាលស្រុក។
ទោះជាយ៉ាងណាអ្នកសារព័ត៌មាន បានលើកឡើងទៀតថា បើសិនជាគ្មានការដណ្ដើមឆក់ពីសំណាក់មន្ត្រីប៉ូលិសចរាចរណ៍ ក៏ទូរស័ព្ទរបស់គាត់មិនជ្រុះដែរ ហើយបើជ្រុះចុះហេតុអ្វីបានជាយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ម្តេចមិនឲ្យម្ចាស់គេនៅកន្លែងកើតហេតុ ដោយឱ្យរងចាំលោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ត្រួតពិនិត្យមើលទៅវិញ។ ម្យ៉ាងវិញទៀតនៅពេលដែលអ្នកសារព័ត៌មានទៅសុំយកទូរស័ព្ទមកវិញ ដល់ទីកន្លែងអធិការដ្ឋានបែរជាមិនមានអ្នកប្រគល់ឲ្យនោះទេ ដោយឆ្លើយថារវល់។
អ្នកសារព័ត៌មានរូបនោះ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការអនុវត្តច្បាប់របស់មន្ត្រីចរាចរណ៍ នៃអធិដ្ឋាននគរបាលស្រុកអង្គស្នួល ដោយចាត់ទុកថាជាការបំពានសិទ្ធរបស់អ្នកសារព័ត៌មាននិងសិទ្ធបុគ្គល និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពទូរស័ព្ទរបស់គាត់ ខណៈដែលទូរស័ព្ទរបស់គាត់មានផ្ទុកឯកសារសំខាន់ៗជាច្រើន ជាពិសេសឯកសារធនាគារ លេខកុងគណនី លេខកូដសម្ងាត់ជាដើម។ អ្នកសារព័ត៌មាន ដដែលរូបនោះក៏បន្តត្អូញត្អែរទៀតថា ពេលនេះខ្លួនត្រូវការប្រតិបត្តិការទូទាត់ប្រាក់តាមទូរស័ព្ទ ជាចាំបាច់ណាស់ តែមិនមានទូរស័ព្ទសំរាប់ប្រើប្រាស់នោះទេ។
ការព្រួយបារម្ភនេះ ក្រុមការងារអ្នកសារព័ត៌មានយើង បានទំនាក់ទំនងជាមួយលោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសុំការបំភ្លឺ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ២០២៣នេះ លោកអធិការប្រាប់ថាមកយកទូរស័ព្ទវិញទៅ។ ចំណែកឯពាក់ព័ន្ធទៅនឹងការរើសយកទូរស័ព្ទ ពីសំណាក់លោក គឹម សំអាត អធិការរង ទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ លោក មាន សំណាង មិនហ៊ានបំភ្លឺតាមទូរស័ព្ទនោះទេ ដោយប្រាប់ថាឲ្យទៅជួបលោកផ្ទាល់ទៅ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អ្នកសារព័ត៌មាន រូបនោះ បានលើកឡើងនិងត្អូញត្អែរថា រហូតមកទល់ពេលនេះនៅមិនទាន់ទទួលបានទូរស័ព្ទត្រឡប់មកវិញនោះទេ ព្រោះគាត់បានព្យាយាមណាត់ម៉ោងនិងពេលវេលាដើម្បីទទួលយកទូរស័ព្ទត្រឡប់មកវិញ តែការណាត់ជួបគ្មានប្រសិទ្ធភាពនោះទេ ហើយអ្នកសារព័ត៌មានរូបនោះបានស្នើសុំឱ្យលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជួយចាត់មន្ត្រីជំនាញបើកការសើបអង្កេត ទៅនឹងករណីខាងលើនេះផងទាន៕
No comments