ប្រកាសចូលកាន់តំណែងលោក ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង
ប្រកាសចូលកាន់តំណែងលោក ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង
ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២:១១នាទីព្រៃវែង៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង។
សូមរំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន មុនប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែងនេះ លោកមានតួនាទីជាអធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយក្រោយមកត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ លោកត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏ត្រូវបានបញ្ចប់តំណែងពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន។ ទើបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងជា ស្នងការនគរបាលខេត្តព្រៃវែងតែម្ដង៕
No comments