មិនដឹងមានរឿងអ្វី? បុរស៦នាក់នាំគ្នាចូលទៅវាយកម្ទេចក្នុងហាង និងនារីស្រស់ស្អាតម្នាក់
មិនដឹងមានរឿងអ្វី? បុរស៦នាក់នាំគ្នាចូលទៅវាយកម្ទេចក្នុងហាង និងនារីស្រស់ស្អាតម្នាក់
ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២:៤២នាទីរាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហ្ថតខណ្ឌចំការមន ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពកា.ប់បំពង់ទីប រួចចូលទៅវា.យកម្ទេចសម្ភារៈនៅខាងក្នុងហាងស្ប៉ាបែបថៃ បណ្តាលឲ្យរងការខូចខាត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងក្រោមស្ថានទូតរុស្ស៊ី តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យមួយក្រុម មានគ្នាចំនួន៦នាក់ បានដើរថ្មើរជើងហើយប្រដាប់ដោយបំពង់ទីបគ្រប់ដៃ រួចដើរសំដៅទៅហាងកើតហេតុខាងលើ។ ខណៈពេលដែលជនសង្ស័យទាំងនោះ ដើរទៅជិតដល់ហាងកើតហេតុ ជនសង្ស័យទាំងនោះក៏បានឈរមើលមួយសន្ទុះ លុះបន្តិចក្រោយមក ជនសង្ស័យទាំងនោះ ក៏បានធ្វើសកម្មភាពចូលទៅក្នុងហាង ហើយយកបំពង់ទីបវា.យកម្ទេចសម្ភារៈនៅក្នុងហាង និងវា.យនារីម្នាក់ដែលជាអ្នកគិតលុយទៀត បណ្តាលឱ្យរងរបួសស្រាល និងសម្ភារៈនៅខាងក្នុងហាងខូចខាតរាយប៉ាយពេញហាងតែម្តង។
ប្រភពព័ត៌មានដដែលបន្តថា ខណៈពេលនោះ ក៏មានកម្លាំងកងរាជអាវុធហ្ថតខណ្ឌចំការមនចុះមកធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នោះ ដោយក្នុងនោះមានជនជាតិចិនម្នាក់ និងជនជាតិខ្មែរចំនួន៥នាក់។
តាមសម្តីពីបុគ្គលិកដែលធ្វើការនៅក្នុងហាងនោះ បានអោយដឹងថា ពួកគាត់មិនធ្លាប់ស្គាល់ជនសង្ស័យទាំងនោះពីមុនមកនោះទេ។ ហើយកន្លងមកហាងកើតហេតុមិនសូវមានភ្ញៀវ និងក៏មិនធ្លាប់មានបញ្ហាជម្លោះជាមួយភ្ញៀវផងដែរ ប៉ុន្តែគ្រាន់តែដឹងថា ថៅកែហាងឧស្សាហ៍មានជម្លោះជាមួយគេដែលនៅខាងក្រៅ។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៦នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំខ្លួនយកទៅកាន់កងរាជអាវុធហ្ថតខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕
No comments