សម្ដេចតេជោ៖ ភាពរឹងមាំនៃកសិកម្មកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបន្ធូរបន្ថយនូវស្ថានភាពតានតឹងផ្នែកសេដ្ឋកិច្ច
សម្ដេចតេជោ៖ ភាពរឹងមាំនៃកសិកម្មកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបន្ធូរបន្ថយនូវស្ថានភាពតានតឹងផ្នែកសេដ្ឋកិច្ច
ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០:០៦នាទីនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ភាពរឹងមាំនៃកសិកម្មកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបន្ធូរបន្ថយនូវស្ថានភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសបញ្ចៀសបានទាំងស្រុង នូវវិបត្តិស្បៀងអាហារ និងអតិផរណា នៃតម្លៃស្បៀង។
ក្នុងពិធីបិទសន្និបាតបូកសរុបកាងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងកសិកម្ម សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះបីជាពិភពលោកបានជួបនឹងវិបត្តិឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងឥទ្ធិពលតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលបណ្ដាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែភាពរឹងមាំនៃកសិកម្មកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបន្ធូរបន្ថយនូវស្ថានភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសបញ្ចៀសបានទាំងស្រុងនូវវិបត្តិស្បៀងអាហារ និងអតិផរណា នៃតម្លៃស្បៀង។ ជាមួយនេះ ក្នុងពេលដែលពិភពលោកជួបវិបត្តិស្បៀងអាហារ កម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងរបស់ខ្លួនបានពេញលេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអតិរេកនាំចេញជាផលិតផលកសិកម្ម បានជាង ៨លានតោនទៅកាន់គោលដៅ ៧៤ប្រទេសទៀតផង។
សម្ដេចតេជោបានសាទរ និងកោតសរសើររបកគំហើញពូជស្រូវថ្មី គឺពូជចំប៉ីស៧០ និងពូជកងង្រី ដែលជាបច្ចេកទេស ផ្សាភ្ជាប់ជាមួយនឹងការស្រាវជ្រាវ និងការដាំដុះ។ ទាក់ទិនជាមួយនឹងពូជស្រូវដែលដាំដុះមានរយៈពេលខ្លីនេះ សម្ដេចតេជោថ្លែងបន្តថា វាជាសមិទ្ធផលថ្មីមួយ ដែលសម្ដេចគិតថា កម្ពុជាបានឈានមុខមួយក្នុងការ ជ្រើសរើសបង្កាត់ពូជស្រូវខ្លួនឯង ហើយជាប់ចំណាត់ថ្នាក់ទៀតផង ដែលនេះយុទ្ធសាស្ត្រ ដែលសម្ដេចធ្លាប់បានលើកឡើងជាបន្តបន្ទាប់ គឺការ«ផ្ទេរពីការអភិវឌ្ឍតាមបែបបើកទូលាយ ទៅតាមការអភិវឌ្ឍតាមបែបស៊ីជម្រៅ»។ ចំពោះការផលិតពូជស្រូវនេះដែរ សម្ដេចតេជោ បានណែនាំឱ្យជំរុញបន្ថែមការផលិតពូជស្រូវសុទ្ធ ផ្ការំដួល ឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។
សម្ដចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ន និងចីរភាព ព្រមទាំងធននិងការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះការអភិវឌ្ឍកសិកម្ម ត្រូវតែមានផែនការច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្ដែង។ ក្រសួងពាណិជ្ជកម្ម ត្រូវជួយវាយតម្លៃជាប្រចាំនូវតម្រូវការទីផ្សារ និងសហការសម្របសម្រួលទីផ្សារ សម្រាប់កសិផល ទាំងក្នុងនិងក្រៅប្រទេស។
ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន ត្រូវផ្ដល់អាទិភាពទៅលើគ្រួសារក្រីក្រ ឱ្យទទួលបានលទ្ធភាពប្រកបមុខរបរកសិកម្ម ប្រកបដោយស្ថិរភាពតាមបែបប្រពលវប្បកម្ម។ ចំពោះចីរភាពកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាគុណភាពដី និងសន្សំចំចៃការប្រើប្រាស់ទឹក ដោយប្រើប្រព័ន្ធស្រោចស្រពមានប្រសិទ្ធភាពខ្ពស់ផ្នែកថាមពល។ ចំពោះភាពធន់និងការប្រែប្រួលអាកាសធាតុ ក្រសួងធនធានទឹក និងឧត្តិនិយម ត្រូវរៀបចំផែនការថែរក្សាទឹក សម្រាប់រដូវប្រាំង និងព្យាករណ៍ទឹកជំនន់ឱ្យបានទាន់ពេលវេលា។ ដោយឡែក ការអភិវឌ្ឍពូជសុទ្ធ ទាំងរុក្ខជាតិ សត្វ ដែលត្រូវនឹងតម្រូវការទីផ្សារ ធន់នឹងអាកាសធាតុ ធន់នឹងសមាសភាពចង្រៃ និងមានផលិតភាពខ្ពស់ គឺជាកត្តាចាំបាច់ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវវិនិយោគ៕
No comments