ដោះលែងជនសង្ស័យ ពីរនាក់ប្តីប្រពន្ធ ពាក់ព័ន្ធទៅនិងករណីកេងប្រវ័ញ្ចពលកម្ម និង ធ្វើទារុណកម្មលើកុមារ ឲ្យនៅក្រៅឃុំ

ដោះលែងជនសង្ស័យ ពីរនាក់ប្តីប្រពន្ធ ពាក់ព័ន្ធទៅនិងករណីកេងប្រវ័ញ្ចពលកម្ម និង ធ្វើទារុណកម្មលើកុមារ ឲ្យនៅក្រៅឃុំ
ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០:១២នាទីជនសង្ស័យពីរនាក់ប្តីប្រពន្ធ ដែលត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីកេងប្រវ័ញ្ចពលកម្ម និងធ្វើទារុណកម្មលើកុមារ ត្រូវបានព្រះរាជអាជ្ញារងនិងចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល សម្រេចដោះលែង បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅដល់តុលាការ។
យោងតាមសំណុំរឿងលេខ ៥០៧ អក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោកស្រី ផាត់ សុគន្ធា បានធ្វើការចោទប្រកាន់ជនសង្ស័យឈ្មោះ សុខ សូដា ភេទប្រុស ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងជនសង្ស័យម្នាក់ទៀតឈ្មោះ គឹម ឡេង ភេទស្រី ពីបទ សមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
បន្ទាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោកស្រី ផាត់ សុគន្ធា ធ្វើការចោទប្រកាន់ជនសង្ស័យទាំងពីរនាក់នោះរួចមក ស្រាប់តែអយ្យការអមសាលាដំបូងខេត្តកណ្តាល ក៏បានធ្វើការសម្រេចដោះលែងជនសង្ស័យឈ្មោះ គឹម ឡេង ភេទស្រី ដែលជាប់ចោទពីបទ សមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស អោយត្រឡប់ទៅផ្ទះវិញ។
អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល លោក សូ សារិន ក៏បានបញ្ជាក់ឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ សុខ សូដា ភេទប្រុស ដែលត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស គឺត្រូវបានលោកស្រី ហុង ម៉ារីណិច ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំដូចគ្នា ដោយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់របស់តុលាការ។
សូមជម្រាបថា៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោក រស់ សាវិន នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងមានការចូលរួមសហការជាមួយលោក សុឹម រិទ្ធីយ៉ា ប្រធានក្រុមស៊ើបអង្កេតនៃអង្គការមេត្រីអន្តរជាតិ (AIM) បានចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ ពាក់ព័ន្ធទៅនឹងករណីកេងប្រវ័ញ្ចពលកម្ម និងធ្វើទារុណកម្មលើកុមារ នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងនោះមានជនរងគ្រោះចំនួន០២នាក់ ដោយជនរងគ្រោះទី១ ឈ្មោះ ស.ប.ញ អាយុ ១៨ឆ្នាំ ភេទប្រុស និងទី២ឈ្មោះ ស.ច.ន អាយុ១៦ឆ្នាំ ភេទស្រី អ្នកទាំងពីរមានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកឯជនសង្ស័យមានចំនួន០២នាក់ ដោយជនសង្ស័យទី១ ឈ្មោះ សុខ សូដា ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរម៉ៅការសំណង់ និងទី២ ឈ្មោះ គីម ឡេង ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់ដូរបាយម្ហូប អ្នកទាំងពីរគឺជាប្តីប្រពន្ធហ្នឹងគ្នា មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការលើកឡើងរបស់ជនរងគ្រោះបានឲ្យដឹងថា៖ «ជនសង្ស័យពីរនាក់ប្តីប្រពន្ធ (ជាថៅកែ) បានប្រើឲ្យពួកគាត់ បោសផ្ទះ ជូតផ្ទះ លាងចាន លាងឆ្នាំង ធ្វើម្ហូប រត់តុ ជូតតុ ចិតបន្លែ តំរូវឲ្យពួកគាត់ទាំងពីរនាក់ក្រោកពីគេងម៉ោង ៣-៤ ភ្លឺដើម្បីធ្វើការ រហូតដល់ម៉ោង ២-៣រសៀល ទើបបានសម្រាក ហើយនៅពេលធ្វើការមិនទាន់ចិត្ត មិនត្រូវចិត្ត ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធខាងលើតែងតែវាយធ្វើបាប មួលក្តិចត្រចៀក ហែកមាត់ វាយដោយដៃ ដោយជើង វែកបាយ ដង្កៀបចាប់ភ្លើង រំពាត់ វែងឆា ខ្សែភ្លើង ថែមទាំងជេរប្រមាថ គំរាមកំហែង ទៀតផង ហើយប្រាក់ខែគឺមិនដែលបានបើកឲ្យនោះទេ។
បន្ទាប់ពីសមត្ថកិច្ចសួរនាំរួចជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធខាងលើនេះ ត្រូវបានមន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បន្ទាប់ពីបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅសាលាដំបូងខេត្តកណ្តាល រួចមក អយ្យការនិងចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាលបាននាំគ្នាសម្រេចមិនឃុំខ្លួនដោយបន្តឲ្យទៅផ្ទះវិញ ដើម្បីដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕





No comments