ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ទៀតបានរត់គេចខ្លួន
ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ទៀតបានរត់គេចខ្លួន
ចេញផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៨:០១នាទីដោយមានការចង្អល់បង្ហាញពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានដឹកនាំកម្លាំងសហការជាមួយមន្ត្រីមូលដ្ឋានឆ្មក់បង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ខណៈជនសង្ស័យជាច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង១១:០០នាទី ត្រង់ចំណុចព្រៃល្ពៅ ស្ថិតក្នុងភូមិតាំងគោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ករណីបង្ក្រាបនេះដែរ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មានពី ប្រជាពលរដ្ឋតាមរយៈលេខទូរសព្ទ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទី០១ឈ្មោះ ភឿន គឹមស៊ុយ ភេទប្រុស អាយុ៦០ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅនៅភូមិឃុំកើតហេតុខាងលើជាម្ចាស់ផ្ទះផ្ដល់ទីតាំង ទី០២ ឈ្មោះសូ សុខឃឿន ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរមានទីលំនៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ (ជាអ្នកសុំទីតាំង) និងទី០៣ ឈ្មោះ ចាន់កង ភេទប្រុសអាយុ ៤៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ (អ្នកលេង)។
សម្ភារៈដកហូតរួមមាន៖ -មាន់ចំនួន០៥ក្បាល -កន្ត្រកចំនួន០៥ -កូនជញ្ជីងតូចចំនួន០១ -ម៉ូតូចំនួន ០៦គ្រឿង -ស្កុតរុំខ្នាយមាន់ចំនួន២០ដុំ -ស្គុតជ័រចំនួន០២ដុំ
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសួរនាំនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
No comments