ទីតាំងតារាងបាល់ទះ នៅសង្កាត់ក្បាលកោះ កំពុងលួចលាក់បង្គប់ល្បែងស៊ីសងខុសច្បាប់បានយ៉ាងរលូន
ទីតាំងតារាងបាល់ទះ នៅសង្កាត់ក្បាលកោះ កំពុងលួចលាក់បង្គប់ល្បែងស៊ីសងខុសច្បាប់បានយ៉ាងរលូន
ចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩:៥៧នាទីនៅភូមិព្រៃធំមួយ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងចំណុចផ្ទះយាយផៃ កំពុងតែលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ជល់មាន់អនឡាញ បានយ៉ាងរលូន ដោយមិនទាន់មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ ដឹងនិងចាត់វិធានការបង្ក្រាបឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គឺមិនមែនជារបស់ម្ចាស់ផ្ទះនោះទេ គឺមានមេការមានឥទ្ធិពលម្នាក់ជួលកន្លែងសម្រាប់ដាក់ឲ្យអ្នកញៀនល្បែងប្រមូលផ្តុំគ្នាមកលេង ចំណែកឯអាជ្ញាធរនៅក្នុងមូលដ្ឋានក៏ដូចជាមិនដែលឃើញបង្ក្រាបផងដែរ។
ពាក់ព័ន្ធទៅនឹងទីតាំងលេងល្បែងស៊ីសងភ្នាល់លុយខុសច្បាប់ ខាងលើនេះ ក្រុមការងារសារព័ត៌មានយើងបានទំនាក់ទំនងទៅកាន់លោក អ៊ុន ប៊ុណ្ណា មេប៉ុស្តិ៍នគរបាលសង្កាត់ក្បាលកោះ តាមរយៈលេខទូរស័ព្ទ 095747878 ដើម្បីសុំឲ្យមានការសហការចុះបង្ក្រាបទប់ស្កាត់។ ប៉ុន្តែលោកមេប៉ុស្តិ៍រូបនេះ គ្រាន់តែឮឈ្មោះម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ ត្រង់ចំណុចខាងលើស្រាប់តែឆ្លើយថាស្ដាប់អត់បានស្ដាប់អត់ឮ អត់សេវា ហើយក៏បិទទូរស័ព្ទខលលែងលើកតែម្តង។ (ហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន)
ដោយសារតែលោក អ៊ុន ប៊ុណ្ណា មេប៉ុស្តិ៍សង្កាត់ក្បាលកោះ មិនព្រមទទួលព័ត៌មាន ជុំវិញករណីខាងលើនេះប្រជាជននៅតាមមូលដ្ឋានស្នើសុំដល់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ សូមជួយដឹកនាំកម្លាំងចុះបង្ក្រាបអប់រំដល់ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ដើម្បីកុំឱ្យមានករណីហិង្សាដដែលៗកើតឡើងក្នុងមូលដ្ឋានជាបន្តទៀត៕
No comments