ប្រជាពលរដ្ឋដែលបានទៅទស្សនា «សួនបេះដូង» នៅក្នុងបរិវេណប្រាសាទអង្គរវត្តដោយផ្ទាល់ មានមោទនភាពខ្លាំងណាស់ ព្រោះនេះជាសារមួយបង្ហាញទៅដល់ពិភពលោកថា ខ្មែរយើងខ្លាំង ខ្មែរយើងមានការសាមគ្គីគ្នា
ប្រជាពលរដ្ឋដែលបានទៅទស្សនា «សួនបេះដូង» នៅក្នុងបរិវេណប្រាសាទអង្គរវត្តដោយផ្ទាល់ មានមោទនភាពខ្លាំងណាស់ ព្រោះនេះជាសារមួយបង្ហាញទៅដល់ពិភពលោកថា ខ្មែរយើងខ្លាំង ខ្មែរយើងមានការសាមគ្គីគ្នា
រាជធានីភ្នំពេញ/ចេញផ្សាយម៉ោង២២:០០នាទីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ក្រុមសាក្សីបេះដូង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមរាប់បេះដូងបត់ ដោយពុកម៉ែ បងប្អូនប្រជាពលរដ្ឋ យុវជនគ្រប់ទិសទី សម្រាប់បំបែកឯតទគ្គកម្មពិភពលោក នៅក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន្ត ដែលក្រុងមការងារបានរៀបចំរួចនៅបរិវេណ ក្នុងប្រាសាទអង្គវត្ត។
ពេលនេះបេះដូងបត់ត្រូវបានរៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងត្រៀមបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»។
បេះដូងបត់នេះ នឹងចាប់ផ្តើមរាប់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីរាប់រួចនឹងប្រកាសលទ្ធផលនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ ហើយការប្រកាសលទ្ធផលនៃការរាប់បេះដូងនេះក៏បង្ហាញនូវវប្បធម៌អរូបីដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។
យុវតី ឈឹម សុផល អាយុ១៧ឆ្នាំ ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាបបានឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលបានឃើញទិដ្ឋភាពដ៏អស្ចារ្យបេះដូងក្រដាស រួមគ្នាបត់ដោយដៃ របស់បងប្អូនជនរួមជាតិកម្ពុជា មានចំនួនយ៉ាងច្រើន ហើយបានយកមករៀបចំរចនាជាសួនបេះដូង យ៉ាងស្រស់ស្អាតនៅបរិវេណប្រាសាទអង្គរ។
យុវជនរូបនេះបញ្ជាក់ សកម្មភាពនេះ ជាមោទនភាពមួយក្នុងនាមប្រជាជនកម្ពុជា ដែលបានរួបរួមសាមគ្គីគ្នា បត់រូបបេះដូងបានច្រើនសន្ធឹកសន្ធាប់បែបនេះ។
អ្នកស្រី ជៀប ចន្រ្តា ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបដែរនោះ បានលើកឡើងថា បេះដូងក្រដាសដែលបានបញ្ចេញសម្រស់នៅប្រាសាទអង្គរវត្តនេះ មិនត្រឹមតែបង្ហាញភាពស្រស់ស្អាតនៃបេះដូងក្រដាសប៉ុណ្ណោះទេ។ តែបេះដូងទាំងនេះបង្ហាញអំពីសាមគ្គីភាព ការតស៊ូជាធ្លុងមួយរបស់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានឆន្ទៈខ្ពស់ អាចរួមគ្នាបត់បេះដូងបានយ៉ាងច្រើន។
ទោះបីមិនទាន់ប្រាកដថា បេះដូងទំាងនេះមានចំនួនប៉ុន្មានក៏ដោយ តែអ្នកស្រី ជឿជាក់ថា បេះដូងដែលបានបត់នេះពិតជាអាចបំបែកកំណត់ត្រាពិភពលោកបាន។
អ្នកស្រីបន្តថា អ្នកស្រីពិតជាមានមោទនភាពខ្លាំងណាស់ ព្រោះនេះជាសារមួយ បង្ហាញទៅដល់ពិភពលោកថាខ្មែរយើងខ្លាំង ហើយខ្មែរយើងមានការសាមគ្គីគ្នាខ្លាំងមែនទែន ព្រោះបត់បេះដូងហ្នឹងយើងមិនមែនប្រើតែដៃទេ គឺយើងប្រើទឹកចិត្ត និងបេះដូងស្រឡាញ់ និងតស៊ូជាមួយគ្នា ជាការបង្ហាញឱ្យពិភពលោកថា ប្រទេសរបស់យើងមានការសាមគ្គីគ្នា ហើយស្រឡាញ់គ្នាបេះដូងតែមួយ អ្នកស្រីសង្ឃឹមមួយរយភាគរយតែម្តងថា បំបែកឯតទគ្គកម្មពិភពលោកបាន៕
No comments