លុបឈ្មោះមន្ត្រី យោធាផ្កាយពីរ លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ចេញពីក្របខណ្ឌ នៃកងយោធពលខេមភូមិន្ទ
លុបឈ្មោះមន្ត្រី យោធាផ្កាយពីរ លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ចេញពីក្របខណ្ឌ នៃកងយោធពលខេមភូមិន្ទ
រាជធានីភ្នំពេញ/ចេញផ្សាយនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣មន្ត្រីយោធាផ្កាយពីរ លោក សូយ ចាន់សឿន ធ្លាប់មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ដែលត្រូវបានតុលាការខេត្តកំពង់ស្ពឺ កាត់ទោសដាក់ពន្ធនាគារពាក់ព័ន្ធអំពើបង្ខាំង និងអំពើហិង្សាលើស្រ្តីភេទយ៉ាងធ្ងន់ធ្ងរកាលពីពេលកន្លងទៅនោះ ពេលនេះត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌហើយ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលសារព័ត៌មានយើងទើបទទួលបាន។
សូមជម្រាបថា៖ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ដោយត្រាស់បង្គាប់លុបឈ្មោះ ឧត្តមសេនីយ៍ទោ សូយ ចាន់សឿន អត្តលេខ០០៩៣៨០ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ។
តាមប្រភពព័ត៌មានផ្សេងទៀតក៏បានឲ្យដឹងទៀតថា៖ អតីតមន្រ្តីយោធាផ្កាយពីរ លោកសូយ ចាន់សឿន រូបនេះ ក៏ត្រូវបានសាលាឧទ្ធរណ៍ សម្រេចផ្តន្ទាទោសមួយករណីផ្សេងទៀតផងដែរ គឺបទ «បរិហារបង្កាច់កេរ្តិ៍» ទៅលើជនរងគ្រោះដោយសម្រេចឲ្យសងជំងឺចិត្តចំនួន២០លានរៀល កាលពីពេលកន្លងទៅថ្មីៗនេះផងដែរ៕
No comments