សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់តារាសម្តែង បញ្ញា សិទ្ធ ដើម្បីព្យាបាលម្តាយ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់តារាសម្តែង បញ្ញា សិទ្ធ ដើម្បីព្យាបាលម្តាយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារអាមេរិក ដល់តារាសម្តែងលោក បញ្ញា សិទ្ធ ដើម្បីយកទៅព្យាបាលម្តាយ។
តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបាត់មុខពីសិល្បៈរបស់តារាសម្តែងបញ្ញា សិទ្ធ គឺដោយសារតែដើម្បីរកប្រាក់ព្យាបាល ជំងឺម្តាយ ដែលពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយ ដើម្បីជួយដល់ម្តាយ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំ និងភរិយាសូមចូលរួមចំនួន៣មឺនដុល្លារ (30,000$) សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយបញ្ញាសិទ្ធ ឲ្យទាន់ពេល។ សូមក្មួយ បញ្ញា សិទ្ធ ទាក់ទងមក លោក សេង ទៀង ដែលកំពុងផ្ទេរប្រាក់តាមគណនីនៅ ABA របស់ក្មួយតាមលេខទូរសព្វ័ 012 961971។ ប្រសិនមានការខ្វះខាត ខ្ញុំពិនិត្យ តាមក្រោយទៀត។ ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ»។
ជាមួយនឹងការប្រកាសនេះ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានទាក់ទងទូរស័ព្ទផ្ទាល់ទៅតារាសម្តែង បញ្ញាសិទ្ធ ដោយបានផ្ទេរថវិកាចំនួន ៣ម៉ឺនដុល្លារ ដល់គណនី ABA បញ្ញាសិទ្ធ រួចរាល់ផងដែរ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។
ក្រោយទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក បញ្ញាសិទ្ធ បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយសង្គ្រោះម្តាយរបស់លោក។
លោកបានបង្ហោះសារដូច្នេះថា «កូនចៅរំភើបណាស់ អរគុណលោកពុកជាទីគោរពរបស់កូនៗគ្រប់គ្នា សែនរំភើបណាស់ អំពើល្អទេវតាដើរដី គឺលោកពុក និងអ្នកម្តាយជាទីគោរពរបស់កូនៗហ្នឹងហើយ ជាអ្នកជួយសង្រ្គោះម្តាយចៅលោកពុក»៕
No comments