ក្រុមបាល់ទាត់ជម្រើសជាតិ នារីកម្ពុជា យកឈ្នះក្រុមជម្រើសជាតិនារីឡាវ ២ទល់និង០ សម្រាប់ការប្រកួតបើកឆាកព្រឹត្ដិការណ៍ស៊ីហ្គេម
ក្រុមបាល់ទាត់ជម្រើសជាតិ នារីកម្ពុជា យកឈ្នះក្រុមជម្រើសជាតិនារីឡាវ ២ទល់និង០ សម្រាប់ការប្រកួតបើកឆាកព្រឹត្ដិការណ៍ស៊ីហ្គេម
ក្រុមកីឡាបាល់ទាត់ជម្រើសកម្ពុជាផ្នែកនារីធ្វើបានល្អក្នុងការប្រកួតបើកឆាក សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយបានយកឈ្នះក្រុមជម្រើស ជាតិផ្នែកនារីឡាវ លទ្ធផល២ទល់០។
សម្រាប់ក្រុមអ្នកគាំទ្របាននាំគ្នាសម្ដែងនូវការអបអរសាទរចំពោះក្រុមជម្រើសជាតិកម្ពុជាផ្នែកនារីដែលយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិនារីឡាវ ២-០ នៅកីឡដ្ឋាន ស្មាត អ អេស អិន កាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ ការយកឈ្នះរបស់ក្រុមជម្រើសជាតិនារីកម្ពុជាស្ថិតក្នុងពូល B ដោយរកបាន ៣ពិន្ទុ ដំបូងឈរលេខរៀងទី២ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games 2023 ដែលធ្វើឱ្យក្រុមកម្ពុជា និងក្រុមថៃ រកបាន ៣ពិន្ទុស្មើគ្នាជាបណ្តោះអាសន្ន។
ក្រុមបាល់ទាត់នារីកម្ពុជាទើបតែចូលរួមប្រកួតក្នុងស៊ីហ្គេមជាលើកដំបូង ក្រោយធ្វើការហ្វឹកហាត់ផ្នែកបច្ចេកទេសនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលប្រមាណ៦ខែកន្លងមកនេះ ក្រោមការឧបត្ថម្ភជំនួយឥតសំណងរបស់មិត្តចិន។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាបានចេញទៅហ្វឹកហាត់រយៈពេល៦ខែ នៅប្រទេសចិន ចំនួន១២ប្រភេទកីឡា ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣នេះ ក្រោមជំនួយឥតសំណង លើការហ្វឹកហាត់ពីរដ្ឋាភិបាលចិន។ ក្រៅអំពីជំនួយឥតសំណងលើហេដ្ឋារចនា សម្ព័ន្ធពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៥០លានដុល្លារអាម៉េរិក។ ១២ប្រភេទកីឡាកម្ពុជា ដែលហ្វឹកហាត់នៅប្រទេសចិនមានចំនួនកីឡាករ កីឡាការិនីសរុប ១៤១នាក់ និងគ្រូបង្វឹក ១៣នាក់ ស្មើនឹង ៧៨វិញ្ញាសា ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ សម្រាប់ប្រភេទកីឡាអត្តពលកម្ម ស៊ីហ្គេម ២០២៣ មានវិញ្ញាសា សរុបទាំងបុរស-នារី ចំនួន ៤៧វិញ្ញាសា ស្មើនឹង ៤៧មេដាយមាស ដោយប្រភេទកីឡាអូឡាំពិកមួយនេះ គឺជាប្រភេទកីឡាកាតព្វកិច្ចជាមួយប្រភេទកីឡាហែលទឹក ដែលត្រូវដាក់បញ្ចូលជាដាច់ខាត ក្នុងព្រឹត្តិការណ៍ហ្គេមធំៗ រួមទាំងស៊ីហ្គេមផងដែរ៕
No comments