សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១១នាក់ សាកសួរពាក់ព័ន្ធឃាតកម្មបាញ់សម្លាញ់បុរសម្នាក់កាលពីម្សិលមិញ

សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១១នាក់ សាកសួរពាក់ព័ន្ធឃាតកម្មបាញ់សម្លាញ់បុរសម្នាក់កាលពីម្សិលមិញ
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនឹងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះឡោមព័ទ្ធទីតាំងមួយកន្លែងដែលមានយីហោសណ្ឋាគារសូផៃ ឃាត់ខ្លួនមនុស្សចំនួន១១នាក់ (ស្រី០៤នាក់) នាក់នាំយកទៅក្រសួងមហាផ្ទៃដើម្បីសួរនាំពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់បុរសម្នាក់កាលម្សិលមិញនៅខណ្ឌបឹងកេងកង។
ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង១រសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ទីតាំងសណ្ឋាគារសូផៃ ទល់មុខនិងផ្សារហេងលីមូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង ២៖០០រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានបុរសជនបរទេសម្នាក់ ត្រូវបានខ្មាន់កាំភ្លើងដកបាញ់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីឈ្លោះទាស់ទែងគ្នាមួយប្រាវ ដោយជនរងគ្រោះបានដកកាំបិត ប៉ុន្តែភាគីជនសង្ស័យមានកាំភ្លើង ក៏បានដកបាញ់ ៤គ្រាប់ផ្ទួនៗ រួចនាំគ្នារត់ឡើងឡានរត់គេចខ្លួនបាត់ស្រមោល ស្ថិតនៅចំណុចផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ និងខ្មាន់កាំភ្លើង បានមានទំនាស់ទាស់ទែងគ្នាពេលនោះជនរងគ្រោះក៏ដើរចេញ ស្រាប់តែភាគីម្ខាងទៀត បានទាញកាំភ្លើង ដេញបាញ់បុរសរងគ្រោះជាច្រើនគ្រាប់ផ្ទួនៗគ្នា ដោយជនរងគ្រោះបានព្យាយាមរត់ឲ្យគេជួយដែរ តែត្រូវជនដៃដល់ បាញ់ស្លាប់យ៉ាងរន្ធត់ រួចប្រញាប់រត់ឡើងជិះរថយន្តឡិចស៊ីសNX200t ដើម្បីគេចខ្លួនបាត់តែម្តង ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចជនរងគ្រោះជាជនបរទេស តែមិនទាន់ដឹងជនជាតិវៀតណាម អាយុប្រហែល ៣០ឆ្នាំជាង ស្លៀកខោខ្លីពណ៌សាច់ ជើងខ្លី ពាក់អាវស ដៃវែង ស្ពាយកាបូបពណ៌ខ្មៅ ពាក់ស្បែកជើងស៊ក ហើយបើតាមការធ្វើកោសល្យវិច័យ នៅទីតាំងកើតហេតុផ្ទាល់ ឃើញមានគ្រាប់ចំនួន ៤គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ ត្រូវបានបញ្ចូនទៅក្រសួងមហាផ្ទៃដើម្បីសួនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕








No comments