អនុប្រធានសមាគមយុវសិល្បករដើម្បីសន្តិភាព លោក រឹម វីរៈ ដែលគេដឹងថាមានតួនាទីច្រើន ក្នុងស្រុកខ្មែរ ត្រូវពលរដ្ឋជាច្រើនគ្រួសារ ប្តឹងទៅតុលាការ ពីបទ «ឆបោក»
អនុប្រធានសមាគមយុវសិល្បករដើម្បីសន្តិភាព លោក រឹម វីរៈ ដែលគេដឹងថាមានតួនាទីច្រើន ក្នុងស្រុកខ្មែរ ត្រូវពលរដ្ឋជាច្រើនគ្រួសារ ប្តឹងទៅតុលាការ ពីបទ «ឆបោក»
មិនដឹងយ៉ាងម៉េចទេ! លោក រឹម វីរៈ ដែលមានគោរម្យងារជា ឯកឧត្តមផង និង ជាមន្ត្រីយោធាផង ហើយក៏ជាមន្ត្រីបរិស្ថានផង និងកំពុងតែទទួលបានការតែងតាំងថ្មីថ្មោង ជាអនុប្រធានសមាគមយុវសិល្បករដើម្បីសន្តិភាព ផងនោះ ពេលនេះត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារ នាំគ្នាដាក់ពាក្យបណ្តឹងប្តឹងទៅកាន់តុលាការខេត្តព្រៃវែង ដើម្បីចាត់វិធានការដោះស្រាយតាមផ្លូវច្បាប់។
នេះបើយោងពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ដែលសារព័ត៌មានយើងទទួលបាន ឃើញថា៖ កាលពីឆ្នាំ២០២១ លោក រឹម វីរៈ ដែលមានគោរម្យងារ ជា «ឯកឧត្តម» ហើយ ក៏មានតួនាទីការងារជាច្រើនអង្គភាពក្នុងស្រុកខ្មែរ និងកំពុងតែទទួលបានការតែងតាំងថ្មីថ្មោង ជាអនុប្រធានសមាគមយុវសិល្បករដើម្បីសន្តិភាព បានលួងលោម ឲ្យប្រជាពលរដ្ឋជាច្រើនប្រមែលប្រមូលលុយអោយរូបលោក ដោយក្នុងម្នាក់ៗ ចាប់ពី 100$ (មួយរយដុល្លារ) ទៅ 1000$ (មួយពាន់ដុល្លារ) ក្នុងការចូលជាសមាជិកមន្ត្រីនៃអង្គការអភិរក្សបរិស្ថាន សត្វព្រៃ និងព្រៃឈើ ប្រទេសកម្ពុជា ដោយទទួលបានប្រាក់បៀវត្សយ៉ាងតិច 300$ ដល់1000$ ទៅតាមតួនាទីនិងឋានៈនីមួយៗ។
ដោយសារការលួងលោម និងផ្តល់ជាទំនុកចិត្តផងនោះ ទើបប្រជាពលរដ្ឋទាំងអស់នោះ សម្រេចចិត្តប្រមែលប្រមូលលុយ ខ្លះក៏ដើរខ្ចីបុល ខ្លះក៏ចង់ការពីគេ ដើម្បីយកប្រាក់អោយលោកឯកឧត្តមបណ្ឌិត រឹម វីរៈ អនុប្រធានសមាគមយុវសិល្បករដើម្បីសន្តិភាព តាមការលួងលោមបញ្ចុះបញ្ចូលបោកបញ្ឆោត។
ប្រជាពលរដ្ឋទាំងអស់នោះបានបញ្ជាក់ទៀតថា៖ ក្រោយពីប្រមូលលុយអោយទៅ ឈ្មោះ រឹម វីរៈ រួចរាល់អស់ហើយនោះ ការសន្យាថាបានការងារក៏អត់ ប្រាក់ខែក៏មិនដែលមាន សួរនាំទៅលោក រឹម វីរៈ ចេះតែឆ្លើយថាជិតបានហើយៗ ជិតបានហើយរហូត។ ដោយការរង់ចាំយូរពេក និងអស់ការជឿជាក់ ទើបដឹងថាជាការ «ឆបោក» ទើបពលរដ្ឋទាំងនោះនាំគ្នាទៅប្តឹងនៅអធិការដ្ឋាននគរបាលស្រុកមេសាង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងឲ្យជួយដោះស្រាយ តែនៅតែគ្មានការដោះស្រាយ រហូតឈានដល់បន្តប្តឹងមកកាន់តុលាការដើម្បីជួយរកយុត្តិធម៌។
ប្រជាពលរដ្ឋដែលជាដើមបណ្តឹងទាំងអស់គ្នានោះ សំណូមពរ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង មេត្តាជួយពន្លឿនីតិវិធី និងជួយស្វែងរកយុត្តិធម៌ជូនពួកគាត់ ដោយផ្តន្ទាទោសទៅលើឈ្មោះ រឹម វីរៈ តាមផ្លូវច្បាប់ និងឲ្យឈ្មោះ រឹម វីរៈ ដែលមានងារជាឯកឧត្តមខាងលើនេះ ប្រគល់ប្រាក់ឲ្យពួកវិញ និងទាមទារជំងឺចិត្តចំនួន ១មុឺនដុល្លារ។
ជុំវិញករណីខាងនេះ ខាងសារព័ត៌មានយើង បានធ្វើការទំនាក់ទំនងទៅកាន់លោក រឹម វីរៈ នៅរសៀលនេះ តាមរយៈទូរស័ព្ទដើម្បីសការបំភ្លឺ លោក រឹម វីរៈ បានឆ្លើយនិងបដិសេធចោលទាំងស្រុងចំពោះ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខណៈលោក រឹម វីរៈ លើកឡើងថា «ការប្តឹងគឺជាសិទ្ធិរបស់បុគ្គល គាត់ចង់ប្តឹងជារឿងរបស់ពួកគាត់» ចំណែករឿងលុយលោកមិនបានទទួលនោះទេ ការសន្យាចូលក្របខណ្ឌការងារក៏មិនបានសន្យានោះដែរ។
លោក រឹម វីរៈ ដែលមាន ងារ ជា «ឯកឧត្តម» និងកំពុងតែទទួលបានការតែងតាំងថ្មីថ្មោង ជាអនុប្រធានសមាគមយុវសិល្បករដើម្បីសន្តិភាព បានបន្តឲ្យដឹងទៀតថា «ករណីខាងលើនេះ រូបលោកបានចូលទៅបំភ្លឺនៅតុលាការចំនួនពីរលើករួចមកហើយ ហើយលោកក៏កំពុងត្រៀមរៀបចំមេធាវី ដើម្បីប្តឹងបកទៅកាន់ប្រជាពលរដ្ឋវិញផងដែរ»។
យ៉ាងណាក្តី ខាងសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយទៅតាមប្រភពព័ត៌មាន និងឯកសារ ដែលទទួលបានទាំងសងខាងភាគី ចំពោះវិធានការ ស្រាវជ្រាវស៊ើបអង្កេត ឬការធ្វើកោសល្យវិច័យទៅឯកសារស្នាមផ្សេងៗ សង្ឃឹមថាស្ថាប័នតុលាការ និងផ្តល់ភាពយុត្តិធម៌ជូនភាគីដែលរងគ្រោះពិតប្រាកដ ដោយផ្អែកលើច្បាប់៕
អត្ថបទ៖ អក្សរ ន៚ ប្រភពឯកសារពលរដ្ឋ
No comments