ក្រោយមានរឿងអាស្រូវផ្ទុះឡើង លោក រឹម វីរះ ត្រូវបានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកប្រាសាទសំបូរ សម្រេចបញ្ចប់ភារកិច្ច

ក្រោយមានរឿងអាស្រូវផ្ទុះឡើង លោក រឹម វីរះ ត្រូវបានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកប្រាសាទសំបូរ សម្រេចបញ្ចប់ភារកិច្ច
ក្រុមការងារចុះជួយមូលដ្ឋានស្រុកប្រាសាទសំបូរ នៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចបញ្ចប់ភារកិច្ច លោក រឹម វីរះ ចេញពីអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំឈូក និងពីអនុប្រធានក្រុមការងារ ចល័តចុះមូលដ្ឋានឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ។ នេះបើយោងតាមសេចក្តីសម្រេចដែលសារព័ត៌មានយើងទើបទទួលបាន។
ការបញ្ចប់ភារកិច្ចនេះដែរ ឃើញថា៖ ធ្វើឡើងក្រោយពីលោក រឹម វីរះ រូបនេះ បែករឿងអាស្រូវដោយរងបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងស្រុកខ្មែរ ដែលក្នុងពាក្យបណ្តឹងនីមួយៗ គឺពាក់ព័ន្ធទៅណឹងករណី «ឆបោក និងរំលោភលើសេចក្តីទុកចិត្ត» ក្នុងរង្វង់សាច់ប្រាក់រាប់ពាន់ដុល្លារ។ ហើយកាលពីចុងខែកក្កដា២០២៣ កន្លងទៅប៉ុន្មានថ្ងៃនេះ លោក រឹម វីរះ រូបនេះក៏ត្រូវបានសមាគមយុវសិល្បករដើម្បីសន្តិភាព ចេញសេចក្តីសម្រេចបញ្ឈប់តួនាទីចេញពីអនុប្រធានសមាគម ចំណែកឯខាង អង្គភាព កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯណោះវិញ ក៏បានធ្វើការហៅ លោក រឹម វីរះ ទៅបំភ្លឺសួរនាំ ជុំវិញករណីក្លែងបន្លំឯកសណ្ឋាន ជាកងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ផងដែរ។
ទោះបីជារងការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ យ៉ាងណាក្តី ក៏លោក រឹម វីរះ រូបនេះមិនព្រមទទួលស្គាល់កំហុសនោះទេ ដោយលោកបានចេញមុខបកស្រាយបំភ្លឺ តាមបណ្តាញសង្គម ដោយធ្វើការទាត់ចោលទាំងស្រុងរាល់ការចោទប្រកាន់គ្មានមូលដ្ឋានភស្តុតាង ពីសំណាក់ប្រជាពលរដ្ឋ ដោយលោក រឹម វីរះ បានលើកឡើងថា៖ «ខ្ញុំបាទ រឹម វីរះ ពិតជាមិនដូចអ្វីតាមការចុះផ្សាយ ចោទប្រកាន់ពីបុគ្គល និងសារព័ត៌មានផ្សេងៗ ដែលគ្មានវិជ្ជាជីវៈនិងក្រមសីលធម៌នោះឡើយ។ ហើយទង្វើរបស់សារព័ត៌មាននានា ដែលបាននឹងកំពុងបន្តធ្វើការចុះផ្សាយចោទប្រកាន់មកលើខ្ញុំបាទ សូមមេត្តាពិនិត្យពិចារណា អោយបានគ្រប់ជ្រុងជ្រោយល្អិតល្អន់ និងសូមប្រើសិទ្ធិឲ្យបានត្រឹមត្រូវ ស្របតាមមាត្រា៤១ នៃច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (សេរីភាពក្នុងការសម្តែងមតិ)។
ទោះបីជាយ៉ាងណា ក៏យើងមិនទាន់ដឹងអំពីជោគវាសនា របស់លោក រឹម វីរះ ដែលរងបណ្តឹងពីប្រជាពលរដ្ឋនោះឡើយ ហើយសារព័ត៌មានយើង ក៏សង្ឃឹមយ៉ាងមុតមាំថាស្ថាប័នច្បាប់និងផ្តល់យុត្តិធម៌ជូនបុគ្គលដែលស្អាតស្អំពិតប្រាកដ។ ហើយខាងសារព័ត៌មានយើង និងធ្វើការចុះផ្សាយជាបន្តទៀត ក្រោយពីមានការជម្រះសម្រេចក្តី ដោយយោងតាមសាលក្រមស្ថាពរពីស្ថាប័នតុលាការ៕









No comments