កុំមានការភាន់ច្រឡំ! លោក ឈឹម វាសនា ដែលរង់បណ្តឹងពីបទ «ឆបោក» មិនមានតួនាទី ជាទីប្រឹក្សា ឬ ឧត្តមទីប្រឹក្សា សម្តេចមហាសង្ឃរាជ កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី នោះទេ ដូច្នេះសូមមហាជននិងបណ្ដាញសារព័ត៌មាន កុំឲ្យមានការយល់ច្រឡំ

កុំមានការភាន់ច្រឡំ! លោក ឈឹម វាសនា ដែលរង់បណ្តឹងពីបទ «ឆបោក» មិនមានតួនាទី ជាទីប្រឹក្សា ឬ ឧត្តមទីប្រឹក្សា សម្តេចមហាសង្ឃរាជ កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី នោះទេ ដូច្នេះសូមមហាជននិងបណ្ដាញសារព័ត៌មាន កុំឲ្យមានការយល់ច្រឡំ (វគ្គ២)
កុំមានការយល់ច្រឡំ! លោក ឈឹម វាសនា ដែលគេដឹងថាមានតួនាទីជា អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលកំពុងតែរង់បណ្តឹងម្តងហើយម្តងទៀត ពាក់ព័ន្ធទៅនិងករណី «ឆបោក» លុយរាប់ពាន់ដុល្លារ ដើម្បីជាថ្នូររត់ការចូលក្របខណ្ឌក្រសួង មិនមានងារតួនាទី ជាទីប្រឹក្សា ឬ ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នោះទេ (ពោលគឺ៖ បុគ្គលរូបនេះ បានសម្រេចចិត្តសុំលាលែង ឈប់ ពីតួនាទី ជាឧត្តមទីប្រឹក្សាផ្ទាល់ តាំងពីពាក់កណ្ដាលឆ្នាំ២០២២ មកម្ល៉េះ)។ នេះបើយោងតាមប្រភពច្បាស់ការដែលសារព័ត៌មានយើងទើបទទួលបាន អាស្រ័យហេតុនេះ សូមសាធារណៈជននិងបណ្ដាញសារព័ត៌មាន មេត្តាជ្រាប និងសូមកុំឲ្យមានការភាន់ច្រឡំ។
ទោះបីជាមានការលាលែងពីតួនាទីជាឧត្តមទីប្រឹក្សា ពីគណៈសង្ឃ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក៏លោក ឈឹម វាសនា ខាងលើរូបនេះ បានបន្តប្រើប្រាស់ងារឬតួនាទីខ្លួនឯង ជា «ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា» ក្នុងប្រព័ន្ធតេលេក្រាម (telegram)។ ហើយការប្រើប្រាស់តាំងងារ ខ្លួនឯង ជាឧត្តមទីប្រឹក្សាពីសំណាក់ លោក ឈឹម វាសនា ដដែលរូបនេះ បានបង្កឲ្យមានការភាន់ច្រឡំ ពីសំណាក់មហាជន និងបណ្ដាញសារព័ត៌មាន។
ចំណែកឯ រឿងរ៉ាវទាក់ទិន ទៅនិងករណី «ឆបោក» លុយរត់ការចូលក្របខណ្ឌ ដែលលោក ឈឹម វាសនា កំពុងតែរង់ការចោទប្រកាន់ ពីសំណាក់លោក សុិន សុខន ម្ចាស់គណនីហ្វេសប៊ុក Sin Sokhorn កាល ពីពេលថ្មីៗនេះ ស្រាប់តែនៅថ្ងៃទី០៩ ខែសីហា ២០២៣ ថ្ងៃនេះ លោក ឈឹម វាសនា រូបនេះ ក៏បាន ប្រញាប់ប្រញាល់ធ្វើលិខិតបំភ្លឺបកស្រាយ ដោយក្នុងអត្ថន័យខ្លឹមសារ ក្នុងលិខិតបំភ្លឺ បានរៀបរាប់និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ពីសំណាក់ លោក សុិន សុខន។
ដោយសារចង់បានភាពស្អាតស្អំ លោក ឈឹម វាសនា រូបនេះ ក៏បានធ្វើការប្តឹងតបតវិញ ឬអាចហៅបានថាប្តឹងបញ្រ្ចាសវិញ ទៅកាន់លោក ស៊ិន សុខន ទៅស្ថាប័នតុលាការភ្នំពេញ នៅថ្ងៃទី០៩ ខែសីហា ២០២៣នេះ ដោយដាក់បទចោទជាច្រើនករណី ហើយការប្តឹងបញ្រ្ចាសទៅវិញ ពីសំណាក់ លោក ឈឹម វាសនា គឺគោលបំណងទាមទាររកភាពស្អាតស្អំ ត្រឡប់មកវិញ ជាពិសេសកុំឲ្យមហាជនភាន់ច្រឡំ ទៅលើរូបលោកថាជាជនឆបោក។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ «ឆបោក» លុយ រត់ការចូលក្របខណ្ឌក្រសួង លោកឈឹម វាសនា អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រូបនេះ បានបំភ្លឺបញ្ជាក់ច្បាស់ក្នុងលិខិត ដោយព្រមទទួលស្គាល់ថាខ្លួនពិតជាបានទទួលលុយ ពីលោក សុិន សុខន ពិតប្រាកដមែន ក៏ប៉ុន្តែលុយដែលលោកបានទទួលនោះ គឺមិនមែនជាលុយសម្រាប់រត់ការ ចូលក្របខណ្ឌនោះទេ ពោលគឺជាលុយខ្ចី។
ក្នុងលិខិតបំភ្លឺ លោក ឈឹម វាសនា ក៏បានឲ្យបណ្ដាញសារព័ត៌មានក្នុងស្រុកទាំងអស់ ដែលបានផ្សព្វផ្សាយអំពីករណី ដែលពាក់ព័ន្ធទៅនិង រូបលោកខាងលើ ស្តាប់ហើយពិចារណា ហើយស្នើឲ្យសារព័តមានដែលបានចុះផ្សាយទាំងអស់ លុបព័ត៌មានចោលវិញ។
ទោះបីជាយ៉ាងណា យ៉ាងណី ក៏សូមបញ្ជាក់ថា ខាងសារព័ត៌មានយើង គឺមិនមែនជា មន្ត្រីជំនាញខាងកុសលវិច្ច័យ ឬជាអ្នកកាត់សេចក្តីឲ្យខាងភាគីណាម្នាក់នោះទេ គឺគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីរឿងរ៉ាវសង្គម ប្រៀបដូចជាតម្រុយមួយ សម្រាប់ជាមូលដ្ឋានដល់មន្ត្រីអ្នកចុះអនុវត្តច្បាប់។ ហើយខាងសារព័ត៌មានយើងក៏សង្ឃឹមយ៉ាងមុតមាំថាស្ថាប័នច្បាប់ និងផ្តល់ភាពយុត្តិធម៌ ជូនដល់ភាគីដែលជាជនរងគ្រោះពិតប្រាកដ៕











No comments