សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានយកចិត្តទុកដាក់ក្នុងការស្វែងរកការពិត ចំពោះបណ្ដឹងរបស់សាកលវិទ្យាល័យ ប្តឹងបុគ្គលឈ្មោះ សាទ ដាលីស និងឈ្មោះ ហឹង ប៊ុនធឿន

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានយកចិត្តទុកដាក់ក្នុងការស្វែងរកការពិត ចំពោះបណ្ដឹងរបស់សាកលវិទ្យាល័យ ប្តឹងបុគ្គលឈ្មោះ សាទ ដាលីស និងឈ្មោះ ហឹង ប៊ុនធឿន
នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានចេញលិខិតថ្លែងអំណរគុណជូនចំពោះឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានណែនាំដល់អយ្យការអមសាលាដំបូងរាជធានី ឲ្យយកចិត្តទុកដាក់ក្នុងការស្វែងរកការពិត ចំពោះពាក្យបណ្ដឹងរបស់សាកលវិទ្យាល័យ ដែលបានប្តឹងបុគ្គលឈ្មោះ សាទ ដាលីស និងឈ្មោះ ហឹង ប៊ុនធឿន។
ក្នុងលិខិតបានរៀបរាប់ថា៖ យើងខ្ញុំជាគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យ និងនិស្សិតទាំងអស់ នៅសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា សូមថ្លែងអំណរគុណជាអនេកប្បការជូនចំពោះឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានណែនាំអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អោយយកចិត្តទុកដាក់ក្នុងការស្វែងរកការពិត និងដោះស្រាយចំពោះបណ្ដឹងរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ចំពោះបុគ្គលឈ្មោះ ហឹង ប៊ុនធឿន និងឈ្មោះ សាទ ដាលីស ដែលបានប្ដឹងចូលទៅអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ និងបានចុះបណ្ដឹងកាលពីថ្ងៃទី ២៤ ខែសីហាឆ្នាំ២០២៣ កន្លងមកនេះ។
ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ថ្មីៗនេះ បានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយពុទ្ធិកោសលរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នីតិរដ្ឋ ដែលជាយុទ្ធសាស្ត្រចម្បងនៅក្នុងគោលនយោបាយជាតិ បញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត តាំងនាមឲ្យគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យឥន្ទ្រវុជ្ជា (UI) ខ្ញុំបាទសូម គោរព ប្រណិប័តន៍ថ្លែងអំណរគុណជាថ្មីម្ដងទៀត ជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ ដែលបានណែនាំអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យយកចិត្តទុកដាក់ក្នុងការស្វែងរកការពិតនិងដោះស្រាយចំពោះបណ្ដឹងរបស់សាកលវិទ្យាល័យ ដើម្បីបញ្ជាក់នូវភាពស្អាតស្អំនិងយុត្តិធម៌របស់ថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យផងដែរ។
សូមជម្រាបជូនថា៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ លោក ឈឿន សាវន តំណាងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានដាក់បណ្តឹងប្តឹងបុគ្គលពីររូប ទីមួយឈ្មោះ សាទ ដាលីស អ្នកម៉ៅការតម្លើងកញ្ចក់បង្អួច និងទីពីរឈ្មោះ ហឹង ប៊ុនធឿន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ៖ បរិហារកេរ្ដិ៍ជាសាធារណៈ, បទ៖ កំហែងយកប្រាក់, និងបទ៖ ញុះញង់ឲ្យមានការរើសអើង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ បណ្តឹងរបស់លោក ឈឿន សាវន តំណាងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា គឺធ្វើឡើងក្រោយពីមានការស្រែកយំតាមបណ្តាញសង្គមហ្វេសប៊ុក ពីសំណាក់លោកស្រី សាទ ដាលីស អ្នកម៉ៅការតម្លើងកញ្ចក់បង្អួច និងជាម្ចាស់ក្រុមហ៊ុន អឺបឺន វីនដ័រ (URBAN WINDOORS) ចោទប្រកាន់ខាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ថាមិនព្រមឲ្យលុយថ្លៃដាក់កញ្ចក់។
ទោះបីជាយ៉ាងណា ករណីខាងលើនេះមានមហាជនជាច្រើនកំពុងតែរង់ចាំអ៊ុតមើលអំពីជោគវាសនា របស់លោកស្រី សាទ ដាលីស អ្នកម៉ៅការតម្លើងកញ្ចក់បង្អួច និងជាម្ចាស់ក្រុមហ៊ុន អឺបឺន វីនដ័រ (URBAN WINDOORS) និងលោក ហឹង ប៊ុនធឿន តើអាចរួចផុតពីការចោទប្រកាន់បានដែរឬយ៉ាងណា។ តើករណីនេះភាគីខាងណាដែលជាជនរងគ្រោះពិតប្រាកដ? ដូច្នេះមានតែរង់ចាំមើលការស៊ើបអង្កេតរបស់ស្ថាប័នតុលាការ នឹងសម្រេចទៅជាយ៉ាងណា៕

No comments