ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញម្នាក់ពោលថា គយចល័តតំបន់៥ លោកបង់លុយឱ្យរាល់ខែ មិនដែលខ្វះសូម្បីតែ១០០ខ្មែរ ចុងក្រោយចាប់រថយន្តយកទៅគៀបស៊ីមិនបានសម្រេច បញ្ជូនរថយន្តរបស់គាត់ទៅថ្នាក់លើ
ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញម្នាក់ពោលថា គយចល័តតំបន់៥ លោកបង់លុយឱ្យរាល់ខែ មិនដែលខ្វះសូម្បីតែ១០០ខ្មែរ ចុងក្រោយចាប់រថយន្តយកទៅគៀបស៊ីមិនបានសម្រេច បញ្ជូនរថយន្តរបស់គាត់ទៅថ្នាក់លើ
ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយចល័តតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។
ពលរដ្ឋម្នាក់មានឈ្មោះថា” បង នាគ ” ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញពីក្រុងប៉ោយប៉ែត យកមកទំលាក់តាមដងផ្លូវដូចជា (ស្វាយស៊ីសូផុន ព្រនេតព្រះ ស្រុកក្រឡាញ់ និង ខេត្តសៀមរាប) ជាដើម បានរៀបរាប់ទាំងទឹកភ្នែករហាមប្រាប់បណ្ដាញសារព័ត៌មាន ទាំងការឈឺចុកចាប់ថា “លោកបានយកប្លង់ដីម្តាយ និងប្លង់ដីខ្លួនឯងទៅដាក់បញ្ចាំនៅធនាគារដើម្បី យកប្រាក់មក ទិញរថយន្តស៊ីឈ្នួលដឹកទំនិញអស់រយៈពេលបីខែមកហើយ ដោយបានបង់លុយជូនគយចល័យតំបន់ប្រាំក្នុងមួយខែដប់លានរៀល ឬជាងដប់លានរៀលជារៀងរាល់ខែ រយៈពេលបីខែមកហើយ តែមិនដឹងជាមូលហេតុអ្វីបានជា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលម៉ោងមួយរសៀលស្រាប់តែក្រុមគយចល័តតំបន់ប្រាំដែលមាន ស្នាក់ការនៅក្នុង ភូមិណងច័ន្ទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដដែលនេះមកចាប់រថយន្តដឹកទំនិញរបស់គាត់យកទៅគៀបចម្រិតទាលុយពីរម៉ឺនដុល្លារអាមេរិកទៅវិញ។
ពលរដ្ឋដែលរងការឈឺចាប់និងចង់ចងកសម្រាប់ខ្លួននោះបានបន្តថា លោកបានសុំចចារបញ្ចុះតម្លៃ ទី១-ព្រោះគ្មានលទ្ធភាពបង់លុយពីរម៉ឺដុល្លារនេះទេ ទី២-លោកបានបង់លុយឱ្យជារៀងរាល់ខែមិនដែលខានទេ បន្ទាប់មកខាងគយបានចុះតម្លៃសល់មួយម៉ឺនដុល្លារ តែលោកនៅតែគ្មានលទ្ធភាពបង់ទេ ទើបគយបញ្ចុះនៅសល់ប្រាំពាន់ដុល្លារ លោកនៅតែគ្មានលទ្ធភាពបង់ដដែល ហើយខណៈនោះលោក បានសុំអង្វឱ្យចុះនៅត្រឹមបីពាន់ដុល្លារអាមេរិកបានហើយ។
តែការ ចចារគ្នាមិនទាន់បានលទ្ធផលផង ខាងគយក៏បញ្ជូនរថយន្តរបស់លោក ទៅអគ្គនាយកដ្ឋាន ហើយប្រាប់ថា ឱ្យទៅដោះស្រាយនៅឯអគ្គនាយកដ្ឋានទៅ។ពលរដ្ឋរងគ្រោះឈ្មោះ បង នាគ ដដែល បានបន្តទៀតថា តើឱ្យលោកទៅដោះស្រាយនៅអគ្គនាយកដ្ឋានឯណា? ទី១-លោកជាពលរដ្ឋមិនយល់ដឹងអំពីច្បាប់ ទី២-លោកជាពលរដ្ឋទន់ខ្សោយដោយគយគម្រាមកំហែងស្ទើររាល់ថ្ងៃ ម្យ៉ាងទៀតលោកបានបង់ពន្ធឱ្យជារៀងរាល់ខែហើយ? ហេតុអ្វីបានចាប់រថយន្តលោកទៀត?” ពលរដ្ឋរងគ្រោះ បានបញ្ជាក់បន្ថែមថា លោកពុំបានស្គាល់ឈ្មោះគយចល័យដែលយកលុយពីលោកទេ តែលោកមានលេខទូរស័ព្ទពេលទំនាក់ទំនងគ្នាតាមតេឡេក្រាមរាល់ពេលចេញទំនិញ និងមានរូបភាពក្រុមគយចល័ត តំបន់ប្រាំខាងលើនេះទទួលលុយពីលោក តែលោកសុំលាក់ទុកសិនមិនចង់ឱ្យនរណាម្នាក់បាត់បង់ការងារធ្វើទេព្រោះសុទ្ធតែជាខ្មែរដូចគ្នា។
ពលរដ្ឋរងគ្រោះឈ្មោះ បង នាគ ស្នើសុំទៅលោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា មេត្តាផ្តល់ភាពយុត្តិធម៌ជូនលោក និងផ្តល់រថយន្តជូនលោកវិញផង ព្រោះលោកមិនបានរកស៊ីគេចពន្ធទេ លោកបានបង់លុយឱ្យជារៀងរាល់ដើមខែរយៈពេលបីខែមកហើយ។
អង្គភាពសារព័ត៌មានពុំទាន់អាចសុំការបកស្រាយពីគយតំបន់៥កូនចៅលោក ឈួនសោភា និងលោក ឈួន សោភាបានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង តែអង្គភាពយើងរងចាំស្វាគមន៍ជានិច្ចរាល់ការបកស្រាយបំភ្លឺពីភាគីគយចល័តតំបន់៥ខាងលើនេះរាល់ម៉ោងធ្វើការ៕
No comments