បង្រ្កាបទីតាំង កែច្នៃប្រេងរំអិលខុសច្បាប់នៅខណ្ឌព្រែកព្នៅ ដកហូតប្រេងជិត៤០តោន
សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីជំនាញ កបប កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះបង្ក្រាបទីតាំងសង្ស័យនាំចូល កែច្នៃ វេចខ្ចប់ ប្រេងរំអិលខុសច្បាប់ជាច្រើនប្រភេទជិត៤០តោននៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីការស្ទាក់ឃាត់នូវរថយន្តមួយគ្រឿងដែលបានដឹកប្រេងរំអិល សង្ស័យខុសច្បាប់ ចេញពីទីតាំងខាងលើ សមត្ថកិច្ចចម្រុះក៏បានបន្តចុះធ្វើការត្រួតពិនិត្យជាក់ស្តែង ដោយបានរកឃើញនូវសម្ភារបវេចខ្ចប់ និងប្រេងរំអិលសង្ស័យថាខុសច្បាប់ជាច្រើនប្រភេទ សរុបទាំងអស់ប្រមាណជិត៤០តោន។
បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ ព្រះរាជអាជ្ញារងបានសម្រេចឱ្យសមត្ថកិច្ចដកហូតសម្ភារសង្ស័យទាំងអស់ យករក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារមួយកន្លែង នៃទីតាំងខាងលើ និងបិទផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យស្រាវជ្រាវបន្ត។ ក្នុងប្រតិបត្តិការនេះ ម្ចាស់ទីតាំងមិនបានចូលខ្លួនសហការឡើយ ដោយឱ្យត្រឹមអ្នកតំណាងចូលរួមតែប៉ុណ្ណោះ ដូច្នេះសមត្ថកិច្ចក៏តម្រូវឱ្យអ្នកតំណាងរូបនោះ និងអ្នកបើកបររថយន្តចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធីច្បាប់។
គួរឱ្យដឹងដែរថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ ប្រតិបត្តិការបង្ក្រាបទីតាំងស្តុកប្រេងរំអិលខុសច្បាប់ បានធ្វើឡើងជាបន្តបន្ទាប់ជាក់ស្តែងករណីនេះជាលើកទីពីរហើយ បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលជាច្រើនខែ៕
No comments