ករណីហិង្សាវ៉ៃអ្នកសារព័ត៌មានពីសំណាក់ ឧកញ៉ា គង់ ចាន់ដេត ហេតុអ្វីតុលាការខេត្តតាកែវ មិនមានវិធានការចំពោះជនជាប់ចោទ
ករណីហិង្សាវ៉ៃអ្នកសារព័ត៌មានពីសំណាក់ ឧកញ៉ា គង់ ចាន់ដេត ហេតុអ្វីតុលាការខេត្តតាកែវ មិនមានវិធានការចំពោះជនជាប់ចោទ
ឧកញ៉ា គង់ ចាន់ដេត ដែលរង់ការចោទប្រកាន់ ជាមេក្លោងដែលបានបញ្ជារឲ្យបក្សពួកគូកនរបស់ខ្លួន វ៉ៃ ប្លន់ យកទ្រព្យសម្បត្តិអ្នកដទៃ ថែមទាំងប៉ុនប៉ងសម្លាប់ទំលាក់ទឹក មកកាន់អ្នកសារព័ត៌មានកាលពីខែតុលាឆ្នាំ២០២១ ពេលនេះតុលាការខេត្តតាកែវ សម្រេចចោទប្រកាន់ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
នេះបើយោងតាមដីកាកោះហៅដើម្បីជំនុំជម្រះរបស់តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ អញ្ជើញជនរងគ្រោះឲ្យចូលទៅកាន់សាលាដំបូងខេត្តតាកែវនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។
យ៉ាងណាក្នុងសំណុំរឿងខាងលើនេះ ខាងសារព័ត៌មានយើងសង្កេតឃើញថា «ដំណើរការនីតិវិធីរបស់សាលាដំបូងខេត្តតាកែវ គឺប្រើរយៈពេលប្រមាណជា២ឆ្នាំ បើគិតមកទល់ពេលបច្ចុប្បន្ន ហើយជនជាប់ចោទ ដែលល្បីល្បាញសម្បូរលុយចាយមិនអស់ និងមានតួនាទីជាឧកញ៉ាឈ្មោះ គង់ ចាន់ដេត ស្ថាប័នច្បាប់នៃប្រព័ន្ធតុលាការខេត្តតាកែវ មិនមានវិធានការឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នោះទេ»។
អ្នកនាំពាក្យនៃសាលាដំបូងខេត្តតាកែវ លោក ង៉ែត ដាវុធ មិនព្រមធ្វើការបំភ្លឺមកកាន់អង្គភាពសារព័ត៌មានយើងទេ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជុំវិញវិធានការផ្លូវច្បាប់ចំពោះជនជាប់ចោទ ឈ្មោះ គង់ ចាន់ដេត។ នេះហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន។
បញ្ហាការអនុវត្តច្បាប់ របស់ស្ថាប័នតុលាការខេត្តតាកែវ ហាក់ដូចជាកំពុងតែមានលក្ខណៈនិងបែងចែកជាពីរ ខណៈដែលអ្នកមានលុយនិងមានអំណាច ដូចឧកញ៉ា គង់ ចាន់ដេត ដែលជាជនជាប់ចោទ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បែរជាអាចដើរហើរដោយសេរីភាព មិនខ្វល់ខ្វាយពីគុកច្រវាក់ ខុសពីអ្នកក្រគ្មានលុយយសស័ក្តិមួយដង្ហើមចង្រិតមិនទាន់ផងចាប់ញាត់គុកភ្លាមៗ។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គួរតែមានវិធានការកែលម្អបែបណាចំពោះស្ថាប័នតុលាការខេត្តតាកែវ ដែលមើលទៅហាក់បីដូចជាកំពុងដើរតួនាទីអនុវត្តច្បាប់ជាពីរប្រភេទ (ពោលគឺ) អ្នកមានធ្វើខុសបានត្រូឹមតែចោទ ចំណែកអ្នកក្រធ្វើខុសអនុវត្តច្បាប់ចាប់ដាក់គុកដោយមិនឲ្យលើសពីមួយដង្ហើមចង្រិត។
យ៉ាងណាមិញទាក់ទិនទៅការផ្សាយព័ត៌មានខាងលើ អង្គភាពយើងនៅតែទទូចស្នើសុំឲ្យស្ថាប័ន តុលាការខេត្តតាកែវ ចាត់វិធានការច្បាប់ចំពោះជនជាប់ចោទនិងធ្វើការបំភ្លឺដើម្បីជាសារមួយមកកាន់មហាជន៕
No comments