ដីស្រែ គណបក្សប្រជាជនកម្ពុជាចំនួន ៥០ហិចតា ត្រូវបានប្រធានគណបក្សក្រុងបាត់ដំបង ជួលឲ្យទៅលោក ឯម រិទ្ធ_វគ្គ២
ដីស្រែ គណបក្សប្រជាជនកម្ពុជាចំនួន ៥០ហិចតា ត្រូវបានប្រធានគណបក្សក្រុងបាត់ដំបង ជួលឲ្យទៅលោក ឯម រិទ្ធ
មន្ត្រីសាលាក្រុងបាត់ដំបង លោក ឯម រិទ្ធ ដែលរងការចោទប្រកាន់ថាយកដីគណបក្សប្រជាជនកម្ពុជា ក្រុងបាត់ដំបង ចំនួន ៥០ហិចតា ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជួលឲ្យទៅពលរដ្ឋតម្លៃ ១មុឺន២ពាន់បាត ក្នុង ១ហិចតា រយៈពេល ១ឆ្នាំ បានលើកឡើងតាមប្រព័ន្ធទំនាក់ទំនងមកកាន់អង្គភាពសារព័ត៌មានយើងថា៖ «ដីទាំងនោះគឺរូបលោកបានជួលពីប្រធានគណបក្សក្រុង»។
មន្រ្ដីសាលាក្រុងបាត់ដំបង លោក ឯម រិទ្ធ រូបនេះ បន្ថែមឲ្យដឹងទៀតថា៖ «ដីទាំងអស់នោះមិនមែន ៥០ហិចតានោះទេ ហើយអ្នកអាស្រ័យផលលើទីតាំងដីនោះ គឺសុទ្ធតែជាបងប្អូនសាច់ឈាមរបស់លោកទាំងអស់» ពោលគឺ មិនមែនប្រជាពលរដ្ឋដទៃឡើយ។
មន្ត្រីសាលាក្រុងបាត់ដំបង លោក ឯម រិទ្ធ លើកឡើងបែបនេះ គឺ ក្រោយពីសារព័ត៌មានយើងធ្វើការចុះផ្សាយជុំវិញដីស្រែចំនួន ៥០ហិចតា ដែលជាដីរបស់គណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង និងត្រូវបានលោក ឯម រិទ្ធ យកជួលទៅឲ្យពលរដ្ឋដើម្បីយកដាក់ហោប៉ៅ។
ទៀតសោត ក្រោយមានការចុះផ្សាយសារព័ត៌មាន ឃើញថានៅក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង ដែលមានលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ជាប្រធានបក្សក្រុងបាត់ដំបង ធ្វើរបាយការណ៍គោរពជូនដល់ឯកឧត្តមប្រធានគណៈកម្មាធិការ គណបក្សខេត្តបាត់ដំបងស្តីពីការគ្រប់គ្រងដីស្រែដែលជាទ្រព្យសម្បត្តិរបស់គណបក្សប្រជាកម្ពុជាក្រុងបាត់ដំបង។
ខ្លឹមសារក្នុងរបាយការណ៍បានឲ្យដឹងថា៖ គណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបងមានដីស្រែ មួយកន្លែងទំហំ ៥០ហិចតា ស្ថិតនៅភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលឯកឧត្តម អ៊ុង សាមី អតីតអភិបាលខេត្តបាត់ដំបង ចុះហត្ថលេខាប្រគល់ជូនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៩៦ ហើយដីនេះក៏មានប្លង់កម្មសិទ្ធិ ដែលបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធកាលពីឆ្នាំ២០០៩។
របាយការណ៍បានបញ្ជាក់ដែរថា៖ ដីស្រែរបស់គណបក្សប្រជាជនកម្ពុជាត្រង់ចំណុចទីតាំងខាងលើបានចាត់តាំងឲ្យលោក ឯម រិទ្ធ ជាអ្នកតំណាងនិងមើលការគ្រប់គ្រង ទទួលខុសត្រូវមើលការប្រមូលផលលើដីស្រែទំហំ៥០ហិចតានេះ ចំពោះផលដែលទទួលបានត្រូវបង់ជូន គណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបងតាមកិច្ចសន្យា៖
1-ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៣ បង់ជូនគណបក្សជាស្រូវចំនួន ២០០ គីឡូក្រាម ក្នុងមួយហិចតា។
2-ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២១ បង់ជូនគណបក្សជាថវិកាចំនួន ១០០ដុល្លារ ក្នុងមួយហិកតា។
3-ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣១ បង់ជូនគណបក្សជាថវិកាចំនួន ១៣០ដុល្លារ ក្នុងមួយហិចតា សរុបជាថវិកាចំនួន ៦ពាន់ ៥រយដុល្លារ ក្នុង ១ឆ្នាំ។
គណៈកម្មាធិការគណបក្សប្រជាជនក្រុងបាត់ដំបង ដែលមានអភិបាលក្រុងបាត់ដំបង លោក លាង វាសនា ជាប្រធានក៏បានបញ្ជាក់ក្នុងរបាយការណ៍ថា៖ ថវិកាដែលបានមកពីការជួលដីនោះ «គឺយកទៅប្រើប្រាស់ក្នុងចរន្តការងារប្រចាំថ្ងៃ ប្រចាំខែ យកទៅជួសជុលស្លាកគណបក្ស ជួសជុលទីស្នាក់ការគណបក្ស និងយកទៅបង់ថ្លៃទឹក ថ្លៃភ្លើងជាដើម»ល។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះតើអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងលោក សុខ លូ មានបានដឹងទេ ថាកន្លងមកដីស្រែរបស់គណបក្សប្រជាកម្ពុជាក្រុងបាត់ដំបង ដែលមានទំហំ ៥០ហិចតាត្រូវបានប្រធានគណបក្សក្រុងបាត់ដំបង យកជួល ទៅឲ្យលោក ឯម រិទ្ធ ដែលជាមន្ត្រីនៃសាលាក្រុងបាត់ដំបង។
យ៉ាងណាក្តីលោក ឯម រិទ្ធ មន្ត្រីក្រុងបាត់ដំបង ដែលជាអ្នកតំណាងមើលការគ្រប់គ្រងដីស្រែ ចំនួន៥០ហិចតារបស់គណបក្សប្រជាកម្ពុជាក្រុងបាត់ដំបង ត្រូវបានពលរដ្ឋក្នុងមូលដ្ឋានសង្កាត់អូរម៉ាល់ទំលាយប្រាប់សារព័ត៌មានឲ្យដឹងថា លោក ឯម រិទ្ធ គឺពិតជាបានយកដីចំនួន ៥០ហិចតានោះ ជួលឲ្យពលរដ្ឋក្នុងតម្លៃ ១មុឺន២ពាន់បាត ក្នុងមួយហិចតា រយៈពេលមួយឆ្នាំ ដើម្បីយកលុយដាក់ហោប៉ៅ ហើយភាគច្រើនគឺជួលឲ្យពលរដ្ឋដែលមិនមែនជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ។
ទាក់ទិនទៅនិងករណីខាងលើនេះប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានដឹងទេថាមន្ត្រីសាលាក្រុងបាត់ដំបង យកដីគណបក្សក្រុងបាត់ដំបង ជួលឲ្យដឹងទៅប្រជាពលរដ្ឋរបស់ខ្លួន ក្នុង ១ហិចតា តម្លៃ១មុឺន២ពាន់បាត ក្នុងរយៈពេល ១ឆ្នាំ ហើយការយកដីជួលឲ្យទៅពលរដ្ឋខ្លួនឯង ពីសំណាក់មន្រ្តីសាលាក្រុងបាត់ដំបង ដើម្បីយកលុយមកផ្គត់ផ្គង់បក្សនៃក្រុងបាត់ដំបង តើជារឿងសមគួរឬយ៉ាងណាដែរ?៕
No comments