ករណីហិង្សា ក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ តែលោកមេប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ ថាមិនដឹងកើតនៅទីណានោះទេ
ករណីហិង្សា ក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ តែលោកមេប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ ថាមិនដឹងកើតនៅទីណានោះទេ
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងចំណុចទីតាំងល្បែងស៊ីសងខុសច្បាប់ យីហោ «តាហ្វូហោ» ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីហិង្សា បង្កដោយម្ចាស់បនល្បែង បណ្តាលឲ្យបុរសម្នាក់ដែលជាជនជាតិចិនរង់របួសពកក្បាល ចេញឈាមរិចៗ។
ប្រភពព័ត៌មានបានបន្តទៀតថា៖ ក្រោយហេតុការណ៍កើតឡើងក៏មានកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ រួចក៏យកភាគីពាក់ព័ន្ធទាំងសងខាង ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធ។
ករណីខាងលើនេះអង្គសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងជាមួយលោក សាល សណ្តុះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ ដើម្បីសុំការបំភ្លឺបន្ថែម ស្រាប់តែលោកនាយប៉ុស្តិ៍នគរបាល រូបនេះ ប្រាប់ថា «មិនដឹងអ្នកណាវ៉ៃអ្នកណានោះទេ ហើយក៏មិនដឹងថាករណីហិង្សានេះកើតឡើងត្រង់ចំណុចកន្លែងណានោះដែរ»។
អធិការនគរបាលខណ្ឌចំការមន លោកវរសេនីយ៍ឯក យិន សាន ក៏មិនបានដឹងករណីនេះដែរ ដោយប្រាប់សារព័ត៌មាន «ឲ្យសួរទៅអធិការរង វិញទៅក្រែងបានដឹង និងឲ្យសារព័តមានផ្ញើរូបភាពឲ្យ រួចក៏បិទទូរស័ព្ទខលលែងលើកតែម្តង»។
សូមបញ្ជាក់ថា៖ ទីតាំងល្បែងស៊ីសងយីហោ «តាហ្វូហោ» ខាងលើនេះ មានលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ភ្នាល់ដាក់ប្រាក់ ដូចជា៖ បៀរ បាល់ ហ្គេមបាញ់ និងក្រាស់ស្តើង ចំពោះជនរងគ្រោះដែលជាអ្នកលេងល្បែង បានប្រើល្បិច ដោយប្រើប្រាស់ កាមេរ៉ា បច្ចេកវិទ្យា មើលទំលុះសន្លឹកបៀរ រហូតបែកការ ទើបបណ្តាលឲ្យម្ចាស់ទីតាំងខឹងសម្បាទប់កំហឹងមិនបានក៏សម្រេចចិត្តវ៉ៃសំពកក្បាលតែម្តង។
យ៉ាងណាមិញករណីនេះប្រជាពលរដ្ឋបានលើកឡើងតាមរយៈទូរស័ព្ទប្រាប់សារព័ត៌មានថា «ទោះបីជាអ្នកលេងល្បែងមានល្បិចក៏ដោយ ក៏យើងដែលជាម្ចាស់ទីតាំងមិនគួរចាប់ វ៉ៃសួរដែរ គួរតែទុកភារកិច្ចជូនសមត្ថកិច្ច ណាមួយ គឺជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់ផង»។
ប្រជាពលរដ្ឋស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់ចែងមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យបង្ក្រាប ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ និងបង្កភាពអសន្តិសុខ ខាងលើនេះផងទាន៕
No comments