ឃាត់ខ្លួនលោក ឧត្តមសេនីយ៍ផ្កាយ១ ស្នងការរងខេត្តកំពង់ស្ពឺ ដែលក្លែងឯកសារ ដើម្បីរៀបការប្រពន្ធថ្មី
ស្នងការរងនគរបាលខេត្តកំពង់ស្ពឺម្នាក់ គឺលោកឧត្តមសេនីយ៍ត្រី ង៉ាម ត្រូវបានព្រះរាជអាជ្ញា បញ្ជាឲ្យធ្វើការឃាត់ខ្លួនហើយដោយពេលនេះ កំពុងធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ការឃាត់ខ្លួននេះបន្ទាប់ពីលោកផ្កាយ១ ស្នងការរងរូបនេះ ហ៊ានក្លែងលិខិត ដើម្បីរៀបការប្រពន្ធថ្មី ស្របពេលដែលប្រពន្ធដើមនៅមិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយ។ នេះបើយោងតាមកាសែតក្នុងស្រុកបានចេញផ្សាយនៅយប់ថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤នេះ។
សូមរំលឹកផងដែរថា កាលពីម្សិលម៉ិញអ្នកនិយមលេងនៅលើបណ្ដាញសង្គមនាំគ្នាចែករំលែករូបថតលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ឬឈ្មោះ ឃុត វឌ្ឍនា អមសំបុត្រសុំរៀបអាពារពិពាហ៍ដោយប្រើឈ្មោះ ឃុត វឌ្ឍនា រៀបការធ្វើឡើង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នៅផ្ទះខាងស្រីភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយខាងស្រីឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ ។
យោងតាមប្រភពពីមន្ត្រីសាលាឃុំកាហែង បានឲ្យដឹងថា លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានមកស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវ ដែលមានការបញ្ជាក់ពីលោកចៅសង្កាត់បឹងសាឡាង ជាពោះម៉ាយ មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ ទើបសាលាឃុំកាហែង បានចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ជូនសាម៉ីខ្លួនតាមការស្នើសុំ។
យ៉ាងណាគេមិនទាន់ដឹងទេថា តើថ្នាក់ដឹកនាំនឹងចាត់វិធានការបែបណា ចំពោះលោកផ្កាយ១ ស្នងការរងរូបនេះ បន្ទាប់ពីហ៊ានក្លែងលិខិត ដើម្បីរៀបការប្រពន្ធថ្មី ស្របពេល ដែលប្រពន្ធដើមនៅមិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយ៕
No comments