បញ្ចប់មុខតំណែង មន្ត្រីពុករលួយ អភិបាលក្រុងកែប ដោយសារប្រើអំណាចប៉ះពាល់ផលប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងអភិបាលក្រុងកែបដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។
អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ដែលចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់មុខតំណែងលោក ខេង យ័ន ឋានន្តរស័ក្ដិវរមន្ត្រី ថ្នាក់លេខ ២ ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុក បន្ថែមថា នៅថ្ងៃនេះ សម្ដេចមានការចាំបាច់ ត្រូវអនុវត្តអភិក្រមទី ៥គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរបន្ថែមថា «ខ្ញុំសង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី ១ រហូតដល់ទី ៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី ៥»។
ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ (អភិក្រមទី ៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គង នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
គួររំលឹកថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែប មួយរូបទៀត។ ប៉ុន្តែមួយថ្ងៃក្រោយមក មន្ត្រីនាំពាក្យរដ្ឋបាលខេត្តកែប បានចេញមុខបញ្ជាក់ថា ករណីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងនោះ គឺជាការភាន់ច្រឡំ៕
No comments