គ្រាន់តែជាប់ការសង្ស័យ ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលភ្នំពេញ វាយជនរងគ្រោះ ធ្លាយក្រដាសត្រចៀកដើម្បីបង្ខំយកចម្លើយសារភាព
គ្រាន់តែជាប់ការសង្ស័យ ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលភ្នំពេញ វាយជនរងគ្រោះ ធ្លាយក្រដាសត្រចៀកដើម្បីបង្ខំយកចម្លើយសារភាព
ភ្នំពេញ៖ យុវជនម្នាក់វ័យ២៤ឆ្នាំដែលជាប់ការសង្ស័យឆក់ទ្រព្យសម្បត្តិអ្នកដទៃត្រូវ ក្រុមប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចាប់វាយធ្លាយក្រដាសត្រចៀកដើម្បីបង្ខំឱ្យឆ្លើយសារភាពដែលផ្ទុយពីការពិត។ ករណីចាប់ច្រឡំនេះកើតឡើងវេលាម៉ោងជាង៧យប់កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគេហដ្ឋានជនរងគ្រោះ ផ្លូវជាតិលេខ៦អា ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនរងគ្រោះដែលប៉ូលិសវាយធ្លាយក្រដាសចៀកមានឈ្មោះ នួន រស្មី រស់នៅភូមិសង្កាត់ខាងលើបានរងនូវការវាយដំលើរាងកាយយ៉ាងធ្ងន់ធ្ងរ ហើយត្រូវគេគំរាមកំហែងមិនឱ្យប្ដឹងថែមទៀតផង។ ការរងទុក្ខឈឺចាប់រាងកាយ និងផ្លូវចិត្តយ៉ាងអយុត្តិធម៌ ជនរងគ្រោះ និងក្រុមគ្រួសារក៍បានសម្រេចចិត្តដាក់ពាក្យប្ដឹងលោក ម៉ម សាវុន មានតួនាទីជា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទៅសាលាដំបូង រាជធានីភ្នំពេញ ចោទបីករណីដូចជា «បទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ដោយមានស្ថានទម្ងន់ទោស។ បទសម្លុតកុំឱ្យដាក់ពាក្យបណ្ដឹង និងបទប៉ះពាល់ដល់សេរីភាពបុគ្គល»។
ក្នុងពាក្យបណ្ដឹងជនរងគ្រោះចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានទាមទារសំណងការខូចខាត និងសំណងជំងឺចិត្តចំនួន៣ម៉ឺនដុល្លារអាម៉េរិក។ ខណៈនោះ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ក៏បានទទួលពាក្យបណ្ដឹងជនរងគ្រោះដោយវាយត្រាចូល លេខ៩២៤ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្លាមៗដែរ។ ដោយគ្រាន់តែដឹងថា ជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅ តុលាការ ភាគីលោក ម៉ម សាវុន ជនជាប់
ចោទបានរត់ខ្វែងដៃខ្វែងជើងដើម្បីអង្វរសុំឱ្យភាគីរងគ្រោះដកពាក្យបណ្ដឹងពីតុលាការ។
ករណីចាប់ខ្លួនច្រឡំខាងលើក្រុមប៉ូលិសបានឃុំខ្លួនជនរងគ្រោះនៅ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រួចធ្វើទារុណកម្មបង្ខំឲ្យឆ្លើយសារភាពថា ខ្លួនបានឆក់របស់គេធ្វើឲ្យដួលម៉ូតូបោកក្បាលនៅនឹងថ្នល់ស្លាប់មនុស្សម្នាក់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅស្ពានជ្រោយចង្វា ភ្នំពេញ កន្លងទៅ។ ផ្ទុយទៅវិញការសង្ស័យរបស់ ក្រុមប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល គឺមិនមែនជាការពិតនោះទេ។
កាលវេលាម៉ោងជាង៧យប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ូលិសនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល មួយក្រុមមានគ្នាប្រមាណ៧ ទៅ៨នាក់ប្រដាប់ដោយអាវុធស្ទើរគ្រប់ដៃ ដែលដឹកនាំដោយ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល គឺលោក ម៉ម សាវុន មានរថយន្ត១គ្រឿង និងម៉ូតូប្រហែល២ឬ៣គ្រឿងបានសម្រុកចូលចាប់មនុស្ស៤នាក់ទាំងកម្រោលដោយគ្មានដីកាពីតុលាការនោះទេដោយក្រុមប៉ូលិសសង្ស័យថា យុវជនរងគ្រោះ និងបក្ខពួកបានឆក់ទ្រព្យសម្បត្តិអ្នកដទៃបណ្ដាលឲ្យម្ចាស់ដួលម៉ូតូបោកក្បាលស្លាប់កាលពីពេលកន្លងទៅ។
មនុស្ស៤នាក់ដែល ក្រុមប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនទាំងនោះមាន ទី១.ឈ្មោះ នួន រស្មី អាយុប២៤ឆ្នាំ មុខរបរអ្នកបើកបររថយន្ត។ រីឯមនុស្ស៣នាក់ទៀតជាអតិថិជនមកជាវផលិតផលនៅផ្ទះ នួន រស្មី។ បន្ទាប់ពីការឃាត់ខ្លួន និងសួរនាំមនុស្ស៤នាក់ខាងលើនៅ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រួចមក៣នាក់ក្នុងចំណោម៤នាក់ត្រូវបានគេដោះលែងមកវិញនៅម៉ោងប្រមាណ១១យប់
ថ្ងៃខែឆ្នាំដដែល ប៉ុន្តែយុវជន នួន រស្មី នៅជាប់ឃុំដដែល។
ក្រោយពីឃុំខ្លួន នួន រស្មី មួយយប់ និងការធ្វើទារុណកម្មមិនទទួលបានចម្លើយសោះ សមត្ថកិច្ចប៉ូលិសក៍ដោះលែង នួន រស្មី ឲ្យវិលត្រឡប់មកផ្ទះវិញនៅវេលាម៉ោងប្រមាណជាង១១ព្រឹកកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះយោងតាមការរៀបរាប់របស់ពលរដម្នាក់រស់នៅក្នុងតំបន់កើតហេតុខាងលើពេលចាប់ខ្លួនជនសង្ស័យដែលបានផ្ញើ វីដេអូ សកម្មភាពចាប់ខ្លួនល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើ លោកស្នងការរង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល គឺលោក ប៊ុន សត្យា មានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកនឹងសួរនាំកូនចៅសិន។ ក្រោយមក តាមប្រព័ន្ធតេឡេក្រាម ដោយលោកគ្រាន់តែចូលអានសំណួរហើយ គឺមិនធ្វើសេចក្ដីអធិប្បាយតបអ្វីឡើយ...។
នាយការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល លោក ម៉ម សាវុន មានប្រសាសន៍តាម ប្រព័ន្ធតេឡេក្រាម កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ករណីខាងលើក្រុមការងាររបស់លោកបានអញ្ជើញអ្នកទាំងនោះមកសាកសួរមែន។ ព្រោះជនសង្ស័យជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំទើបចេញ។ ម្យ៉ាងទៀតដោយរូបភាពដែលលោកទទួលបានពីកាមេរ៉ាសុវត្ថិភាពមានភិន
ភាគដូចជនសង្ស័យ។
លោក ម៉ម សាវុន សង្កត់ធ្ងន់ដើម្បីដោះបន្ទុកថា ករណីខាងលើមិនមែនជាការចុះចាប់ទេគឺក្រុមការងារលោកទៅជួបក្រុមគ្រួសារឪពុកម្ដាយគាត់ សុំអញ្ជើញជនសង្ស័យដើម្បីធ្វើការសាកសួរ។ ព្រោះសង្ស័យជាប់ពាក់ព័ន្ធនឹង បទល្មើសឧក្រិដ្ឋ គឺឆក់របស់គេបណ្ដាលឲ្យមនុស្សដួលបោកក្បាលស្លាប់ នៅស្ពានជ្រោយចង្វា រាជធានីភ្នំពេញ កន្លងទៅ។
បន្ទាប់ពីធ្វើការសាកសួរឃើញថា មិនមានការពាក់ព័ន្ធ និងផ្ទៀងផ្ទាត់ភិនភាគនៅកាមេរ៉ាគឺខុសគ្នាពួកយើងបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញារង ផ្សេងទៀតរួចហើយក៍បានដោះលែងពួកគាត់ឲ្យទៅផ្ទះវិញអស់ទៅ។ បន្ទាប់សាកសួរ និងផ្ទៀងផ្ទាត់រូបថត
ឃើញថា ពួកគាត់មិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសយើងឆ្លងយោបល់ទៅ លោកព្រះរាជអាជ្ញារង សេង ទៀង ក៍អនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញ។
ផ្ទុយស្រឡះពីការលើកឡើងរបស់លោក ម៉ម សាវុន នោះពលរដ្ឋម្នាក់សុំបញ្ចេញឈ្មោះរស់នៅតំបន់កើតហេតុពេលចាប់ខ្លួនមនុស្សទាំង៤នាក់នោះដែលគាត់បានផ្ញើ វីដេអូ មកអង្គភាពយើងរៀបរាប់ថា កាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នោះប៉ូលិសប្រមាណ៧ទៅ៨នាក់អាវុធស្ទើរគ្រប់ដៃចុះចាប់មនុស្សទាំងយប់ទាំងកំរោលដែលគ្មានដីកាអ្វីសោះធ្វើសកម្មភាពដូចជាចាប់ខ្មាំងខ្មែរក្រហមអីចឹង។
មេធាវី រាជរដ្ឋាភិបាល សុំមិនបញ្ចេញឈ្មោះលើកឡើងតាម ប្រព័ន្ធតេឡេក្រាម ថា ផ្អែកលើទិដ្ឋភាពច្បាប់ក្នុងករណីបទល្មើសជាក់ស្ដែង មន្រ្តីយុត្តិធម៌ គឺប៉ូលិសមានសិទ្ធិឃាត់ខ្លួនជនណាដែល ប៉ូលិសសង្ស័យ ថា ជាប់ពាក់ព័ន្ធនឹងបទល្មើសមកសាកសួរបានដោយ
មិនត្រូវប្រើទណ្ឌកម្មឬហិង្សានោះទេ។ ប៉ុន្តែករណីនេះ ពុំមែនជាបទល្មើសជាក់ស្ដែងទេ ដូច្នេះប៉ូលិសពុំមានសិទ្ធិឃាត់ខ្លួនជនណាម្នាក់ដោយគ្មានដីកាពីតុលាការឡើយ។ បើការឃាត់ខ្លួននោះគេយកមនុស្សទៅឃុំឃាំងឬបង្ខាំងរួចប្រើអំពើហិង្សាលើរាងកាយ ធ្វើ
ទារុណកម្ម ប៉ូលិសនឹងរងការប្ដឹងពីជនរងគ្រោះពី បទឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់មានស្ថានទម្ងន់ទោស។ ជាពិសេសការប្រើអំពើហិង្សាលើរាងកាយ និងធ្វើទារុណកម្មដល់ជនរងគ្រោះ ប៉ូលិសរិតតែមានទោសធ្ងន់ធ្ងរបន្ថែមទៀត។
លោកមេធាវីចាត់ទុកករណីចាប់មនុស្សច្រឡំយកទៅធ្វើទារុណកម្មបង្ខំឱ្យឆ្លើយដើម្បីទទួលបានចម្លើយសារភាពដែលខ្លួនចង់បានគឺជាអំពើខុសច្បាប់ ហើយជនរងគ្រោះមានសិទ្ធិប្ដឹងប៉ូលិសដែលប្រើអំពើហិង្សា និងធ្វើទារុណកម្មទៅតុលាការឱ្យផ្ដន្ទាទោសតាមច្បាប់
និងទារសំណងជំងឺចិត្តបាន។
គួរបញ្ជាក់ថា ក្រុមគ្រួសាររងគ្រោះបានទទូចស្នើសុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សូមមេត្តាជួយរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះស្លូតត្រង់ទន់ខ្សោយផង៕
No comments